តុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នអ្នកពាក់ព័ន្ធ៧នាក់ លើសំណុំរឿងគ្រឿងញៀនជិត១តោនដ៏កក្រើកនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ សំណុំរឿងគ្រឿងញៀនដ៏ក្ដៅគគុកមួយនៅខេត្តព្រះសីហនុ ពេលនេះ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ សម្រេចឃុំខ្លួនជាបណ្តោះអាសន្នអ្នកពាក់ព័ន្ធចំនួន៧នាក់ ក្នុងនោះ ក៏មានស្នងការរងនគរបាលខេត្តកំពត លោក ហួ យ៉ៃ ស្ថិតក្នុងប្រតិបត្តិការបង្ក្រាបដ៏ធំនេះផងដែរ...។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ ជនជាប់ចោទទាំង៧នាក់នោះ មានជនជាតិខ្មែរ៤នាក់ និងជនជាតិលាវ៣នាក់។ ជនជាប់ចោទជនជាតិខ្មែរទាំង៤នាក់នោះ រួមមាន៖ ទី១.ឈ្មោះ លោក ហួ យ៉ៃ, ទី២.ឈ្មោះ ថែន ទូច, ទី៣.ឈ្មោះ គឹម សំណាង និងទី៤.ឈ្មោះ ហួរ ច័ន្ទវិច្ឆិកា។ ចំណែក ជនជាប់ចោទជាជនជាតិលាវទាំង៣នាក់នោះ មានដូចជា៖ ១.ឈ្មោះ សូនីយ៉ាសៅ អន (SONEYASAO ON), ២.ឈ្មោះ ស៊ីសុផាន់ ខាំឌី (SISOUPHANH KHAMDY), និងទី៣.ឈ្មោះ ផាវង្ស ង៉ាម សានទិសៃ (PHAVONG NGAM SANTIXAY), អ្នកទាំង៧នាក់នេះ ជាប់ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ទម្ងន់៨៧៤គីឡូក្រាម), កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និង សម្អាតប្រាក់, ប្រព្រឹត្តនៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។

សូមជម្រាបផងដែរថា ក្រៅពីរកឃើញគ្រឿងញៀងជិត១តោនហើយនោះ អាជ្ញាធរប្រមូលបានសម្ភារផ្សេងៗបន្ថែមទៀតរួមមាន៖ អាវុធខ្លី១ដើម, គ្រាប់កាំភ្លើងវែង-ខ្លី, ទូរសព្ទដៃ, រថយន្ត, ម៉ូតូ និងថង់ច្រកគ្រឿងញៀនមួយចំនួន ដែលបម្រើឱ្យសកម្មភាពនៃបទល្មើសខាងលើ។ ជាមួយគ្នា តុលាការខេត្តព្រះសីហនុ ក៏នឹងបន្តចាត់ការតាមនីតិវិធី ដោយសម្រេចឃាត់ទុកទ្រព្យសម្បត្តិខាងលើជាបណ្តោះអាសន្ន ព្រោះមានតម្រុយសង្ស័យថា អាចជាទ្រព្យសម្បត្តិជាប់ពាក់ព័ន្ធនឹងបទល្មើស ឬផលនៃបទល្មើសសម្អាតប្រាក់ផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត