
ក្រុងសៀមរាប៖ ប្រាសាទមេបុណ្យខាងលិច ត្រូវបានជួសជុលរួចរាល់ទាំងស្រុងហើយ និងគ្រោងសម្ពោធបើកឱ្យចូលទស្សនាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា កាលពីយប់ថ្ងៃទី១៥តុលាម្សិលមិញ។ យ៉ាងណា ក្រោយជួសជុលរួច អ្នកទេសចរជាតិ-អន្តរជាតិ ដែលបានអញ្ជើញទៅកម្សាន្ត បានកោតសរសើរឥតដាច់ពីមាត់ ជុំវិញការកែលម្អឡើងវិញនេះ បង្ហាញឱ្យឃើញពីសោភ័ណភាពដើមនៃរចនាបទប្រាសាទ ដែលគ្រប់គ្នាមិនអាចនឹកស្រមៃដល់...។

អាជ្ញាធរជាតិអប្សរា គូសបញ្ជាក់ថា ប្រាសាទមេបុណ្យខាងលិច មានសម្រស់ស្អាតប្លែក និងមានសោភ័ណភាពប្រែប្រួលទៅតាមពេលវេលា ចាប់តាំងពីព្រឹកព្រលឹមរហូតដល់ពេលថ្ងៃលិច។ ក្នុងពេលដែលអ្នកជំនាញកំពុងមមាញឹក រៀបចំសម្អាត រៀបចំសណ្តាប់ធ្នាប់ កែសម្រួលបរិស្ថាននៅជុំវិញប្រាសាទ គេឃើញវត្តមានភ្ញៀវទេសចរជាច្រើន បានចូលទៅទស្សនា និងថតរូបភាព។ ភ្ញៀវទេសចរភាគច្រើន បានចាប់អារម្មណ៍និងទិដ្ឋភាពប្រាសាទមេបុណ្យខាងលិច ដែលបណ្តែតខ្លួននៅចំកណ្តាលបារាយណ៍ ប្រៀបបាននឹងកោះមានទឹកព័ទ្ធជុំវិញ ក៏ដូចជាកោតសរសើរចំពោះស្ថាបត្យកម្មដ៏ល្អឯករបស់ដូនតាខ្មែរមួយនេះ។ ជាងនេះទៅទៀត ការជួសជុល និងលើកតម្លៃឡើងវិញ ដោយក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា ដែលបានប្រឹងប្រែងអស់ជាច្រើនឆ្នាំ ក្រោមកិច្ចសហការជាមួយមន្តុរីជំនាញមកពីរដ្ឋាភិបាលបារាំង ប្រាសាទមេបុណ្យខាងលិច បានបង្ហាញរូបរាងជាថ្មីឡើងវិញ ក្រោយរងការខូចខាតបាត់បង់រូបឆោម អស់មួយផ្នែកធំ។

សូមជម្រាបថា ប្រាសាទមេបុណ្យខាងលិច មានទីតាំងស្ថិតនៅលើដីទួលមួយកន្លែង ចំកណ្តាលបារាយណ៍ខាងលិច។ ប្រាសាទនេះ ត្រូវបានស្ថាបនាឡើងនៅកំលុងពាក់កណ្តាលសតវត្សរ៍ទី១១ នៃគ្រិស្តសករាជ ក្នុងរាជព្រះបាទឧទយាទិត្យវម្ម៌ទី២ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា ដែលមានលក្ខណៈប្លែកពិសេស ដោយហេតុថា សំណង់ប្រាសាទ ផ្សំឡើងដោយកំពែងមួយជាន់ធ្វើអំពីថ្មភក់ ហ៊ុមព័ទ្ធដោយស្រះទឹកធំមួយដែលគេជីកនៅលើដីទួលនោះ។ តាមរយៈការធ្វើកំណាយនៅឆ្នាំ១៩៣៩ គេបានរកឃើញរូបប្រតិមាព្រះវិស្ណុ ក្នុងឥរិយាបថផ្ទំមួយអង្គ។ គួរជ្រាបបន្ថែមថា ប្រាសាទមេបុណ្យខាងលិច ត្រូវបានក្រុមអភិរក្ស ជួសជុល និងស្តារឡើងវិញ ដោយគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា និងរដ្ឋាភិបាលបារាំង តាមរយៈសាលាបារាំងចុងបូព៌ា ដែលបានចាប់ផ្តើមពីឆ្នាំ២០១២មក និងគ្រោងបញ្ចប់នៅឆ្នាំ២០១៩ ប៉ុន្តែដោយកង្វះខាតផ្នែកថវិកា និងតាមការពិភាក្សាយ៉ាងហ្មត់ចត់ រវាងស្ថាប័នពាក់ព័ន្ធ គម្រោងជួសជុលត្រូវបានប្រគល់មកអាជ្ញាធរជាតិអប្សរា ជាអ្នកទទួលរ៉ាប់រងជួសជុលវិញ៕








