ក្រោយក្ដីបារម្ភពី«អាសេនិច»នៅថៃ ក្រសួងធនធានទឹកបញ្ជាក់ថា កម្រិតសារធាតុនេះក្នុងទន្លេមេគង្គនៅស្ទឹងត្រែង ទាបជាងស្តង់ដារ
អ
អុន សម្ផស្ស
•
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រោយមានការផ្សព្វផ្សាយព័ត៌មាន អំពីបញ្ហាសារធាតុអាសេនិច (Arsenic)នៅប្រទេសថៃ និងក្ដីបារម្ភអំពីផលប៉ះពាល់ដល់ទន្លេមេគង្គ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា លទ្ធផលវិភាគទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែង ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ បង្ហាញពីកម្រិតអាសេនិច០,០០៥មីលីក្រាមក្នុងមួយលីត្រ ទាបជាងកម្រិតស្តង់ដារ០,០១មីលីក្រាមក្នុងមួយលីត្រ...។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ដែលបានចេញផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បង្ហាញលទ្ធផលថា កម្រិតសារធាតុអាសេនិច នៅទីតាំងតាមដានក្នុងខេត្តស្ទឹងត្រែង ជាទីតាំងដំបូងនៅលើដងទន្លេមេគង្គពីព្រំដែនកម្ពុជា-ឡាវ ស្ថិតក្រោមកម្រិតស្តង់ដារកំណត់ ដោយមិនបង្ហាញពីផលប៉ះពាល់ដល់សុខភាពមនុស្ស និងវារីសត្វឡើយ។ ក្រសួងបញ្ជាក់បន្ថែមថា ការតាមដានគុណភាពទឹកទន្លេមេគង្គ ត្រូវបានអនុវត្តជាប្រចាំខែ តាមរយៈបណ្តាញតាមដានរបស់គណៈកម្មការទន្លេមេគង្គ ដែលមានទីតាំងសរុបចំនួន៤៨កន្លែង ក្នុងប្រទេសសមាជិកទាំង៤ រួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម។ ក្នុងនោះ កម្ពុជាមានទីតាំងតាមដានចំនួន១១កន្លែង នៅតាមដងទន្លេមេគង្គ និងដៃទន្លេ។

ចំពោះលទ្ធផលវិភាគសំណាកទឹកបន្ថែមរបស់គណៈកម្មការទន្លេមេគង្គ នៅខេត្តបរកែវ និងខេត្តហ្លួងព្រះបាង ប្រទេសឡាវ ចាប់ពីខែមេសា ដល់ខែវិច្ឆិកា ឆ្នាំ២០២៦ ក៏បង្ហាញថា កម្រិតអាសេនិចជាមធ្យមមាន០,០០១៩ និង០,០០១២មីលីក្រាមក្នុងមួយលីត្រ រៀងគ្នា ដែលសុទ្ធតែទាបជាងកម្រិតស្តង់ដារ០,០១មីលីក្រាមក្នុងមួយលីត្រ។ ដោយឡែក លទ្ធផលតាមដានគុណភាពទឹកនៅទីតាំងទាំង១១ ក្នុងប្រទេសកម្ពុជា រហូតមកដល់បច្ចុប្បន្ន ក៏ស្ថិតក្នុងកម្រិត «ល្អ» ទៅ «ល្អបង្គួរ» សម្រាប់ការការពារសុខភាពមនុស្ស និងវារីសត្វផងដែរ។ តែទោះជាយ៉ាងណា ដើម្បីតាមដានហានិភ័យ ដែលអាចកើតមានពីការបំពុលឆ្លងដែន ក្រសួងធនធានទឹក និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា កំពុងសហការជាមួយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដើម្បីបន្តតាមដាន និងវាយតម្លៃស្ថានភាពគុណភាពទឹកទន្លេមេគង្គនៅកម្ពុជា ព្រមទាំងជូនដំណឹងដល់សាធារណជនបន្ថែម ប្រសិនបើមានការវិវត្តថ្មីៗ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត