
ក្រុងស្វាយរៀង៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី២១វិច្ឆិកា បានឃាត់រថយន្តមួយគ្រឿងដឹកកូនមាន់រស់៨០០០ក្បាល នៅលើផ្លូវក្រវ៉ាតក្រុងទី៣ ក្រុងតាខ្មៅ ខេត្តកណ្ដាល...។

អគ្គនាយកដ្ឋានសុខភាពសត្វ គូសបញ្ជាក់ថា រថយន្តដឹកកូនមាន់នេះ នាំចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ឆ្ពោះទៅលក់បន្តនៅខេត្តកំពង់ស្ពឺ។ តាមការត្រួតពិនិត្យជាក់ស្ដែង រថយន្តនេះម៉ាក SSANGYONG ISTANA ពាក់ស្លាកលេខភ្នំពេញ ២F-៨៥៦៣។ ក្រោយពីមន្ត្រីជំនាញរកឃើញថា ការដឹកជញ្ជូនកូនមាន់រស់ខាងលើ មិនមានលិខិតអនុញ្ញាតឱ្យនាំចូលពីក្រសួងកសិកម្ម ដែលផ្ទុយទៅនឹងច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ មន្ត្រីជំនាញ ក៏បាននាំយកវត្ថុតាងមករក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។

សូមរម្លឹកថា កាលពីកន្លងទៅថ្មីៗ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏បានឃាត់រថយន្ត១គ្រឿងដែលដឹកសត្វរស់គ្មានលិខិតអនុញ្ញាត នៅលើផ្លូវម្លូព្រៃ ខាងមុខមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រង់ចំណុចសង្កាត់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដឹកសត្វជ្រូករស់ចំនួន ១៧០ក្បាល នាំចេញពីប្រទេសឡាវ មកកាន់កប្រទេសម្ពុជា តាមច្រកកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ឆ្ពោះទៅលក់បន្តនៅស្រុករវៀង៕



