
រដ្ឋធានីប៉េកាំង៖ ស្របពេលបណ្ដាមេដឹកនាំនានារបស់ពិភពលោក ធ្វើដំណើរទៅក្រៅប្រទេសតាមយន្ដហោះពិសេសផ្ទាល់ខ្លួន ឬយន្ដហោះពិសេសរបស់រដ្ឋាភិបាលនោះ បែរជាប្រធានាធិបតីម៉ិកស៊ិក លោកស្រី ក្លូឌៀ សេនបាម (Claudia Sheinbaum) បានជ្រើសរើសវិធីផ្សេងមួយយ៉ាងសាមញ្ញ ដើម្បីទៅចូលរួម នៅក្នុងកិច្ចប្រជុំកំពូលរបស់ក្រុមមេដឹកនាំ APEC ឆ្នាំ២០២៦ នៅទីក្រុងសិនជិន ( Shenzhen) ប្រទេសចិន កាលពីថ្ងៃទី១៩ ខែវិច្ឆិកាកន្លងទៅថ្មីៗ។

ប្រព័ន្ធផ្សព្វផ្សាយនានារបស់ពិភពលោក បានរាយការណ៍ថា ប្រធានាធិបតីម៉ិកស៊ិក លោក សេនបាម បានធ្វើដំណើរតាមជើងហោះហើរពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ដោយចេញដំណើរពីទីក្រុងម៉ិកស៊ិក ហើយបានឈប់សម្រាកបច្ចេកទេសមួយរយៈ នៅទីក្រុងទីជួណា ( Tijuana) ដែលជាទីក្រុងធំទី២ នៃប្រទេសរបស់លោកស្រី រួចហើយបានបន្តដំណើរឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក។ ការធ្វើដំណើររបស់លោកស្រី ប្រធានាធិបតី បានចំណាយពេល សរុបប្រហែល២១ម៉ោង ទើបទៅដល់ប្រទេសចិន។

បើតាមសេចក្តីរាយការណ៍ផ្សេងៗទៀត បានឲ្យដឹងថា លោកស្រី ប្រធានាធិបតី បានអង្គុយនៅកៅអីថ្នាក់សេដ្ឋកិច្ច (Economy Class) ធម្មតា គឺកៅអីលេខ 33B ដែលស្ថិតនៅផ្នែកខាងក្រោយ នៃយន្តហោះ។ ក្រុមការងាររបស់លោកស្រី បានបញ្ជាក់ថា លោកស្រី ពិតជាបានធ្វើដំណើរតាមយន្ដហោះ នៅក្នុងថ្នាក់សេដ្ឋកិច្ចប្រាកដមែន ហើយរូបភាពដែលត្រូវបានគេចែករំលែក នៅលើបណ្តាញអ៊ិនធើរណេត បានបង្ហាញឱ្យឃើញលោកស្រី កំពុងតែសន្ទនាជាមួយអ្នកដំណើរផ្សេងៗទៀត។

ការមកដល់របស់លោកស្រី ប្រធានាធិបតីម៉ិកស៊ិក បានក្លាយជាប្រធានបទដ៏កក្រើកមួយ នៅលើបណ្តាញសង្គមរបស់ប្រទេសចិន។ ហាសថេក (Hashtag) មួយដែលនិយាយ អំពីការធ្វើដំណើររបស់លោកស្រី ប្រធានាធិបតី បានត្រូវគេរាយការណ៍ថា មានអ្នកចូលមើលជាង១០ លានដង នៅលើបណ្តាញសង្គមចិន Weibo ដោយអ្នកប្រើប្រាស់ជាច្រើន បានកោតសរសើរចំពោះការសម្រេចចិត្តរបស់លោកស្រី ដោយមិនបានជ្រើសរើសការធ្វើដំណើរ ប្រកបដោយភាពហួសហេតុ ឬប្រណីតពេកនោះឡើយ។

ជម្រើសនៅក្នុងការធ្វើដំណើរតាមយន្ដហោះពាណិជ្ជកម្មយ៉ាងសាមញ្ញបំផុតរបស់លោកស្រី ប្រធានាធិបតីម៉ិកស៊ិក ក៏ឆ្លុះបញ្ចាំងផងដែរ អំពីគោលនយោបាយសន្សំសំចៃរបស់ប្រទេសអាម៉េរិកខាងជើងមួយនេះ។ អតីតប្រធានាធិបតីម៉ិកស៊ិក លោក អាន់ដ្រេស ម៉ានូអែល ឡូប៉េស អូប៉្រាដ័រ (Andrés Manuel López Obrador) បានលក់យន្តហោះប្រធានាធិបតីម៉ិកស៊ិក ម៉ូដែល Boeing 787 កាលពីឆ្នាំ២០២៣ ហើយលោកស្រី ប្រធានាធិបតី សេនបាម ក៏នៅតែបន្តប្រើប្រាស់ជើងហោះហើរពាណិជ្ជកម្មសាមញ្ញ សម្រាប់ការធ្វើដំណើររបស់លោកស្រី ទៅក្រៅប្រទេស៕


