
រដ្ឋធានីម៉ានីល៖ ដោយសារតែការប្រកួតប្រជែងខាងភូមិសាស្ដ្រនយោបាយរបស់មហាអំណាចពិភពលោក និងភាពតាននៅសមុទ្រចិនខាងត្បូងកំពុងតែបន្ដនោះ ហ្វីលីពីន បានងាកទៅរកប្រព័ន្ធអាវុធទំនើបៗរបស់ឥណ្ឌា។

សារព័ត៌មានរបស់ហុងកុង South China Morning Post (SCMP) បានរាយការណ៍ថា បន្ទាប់ពីការទិញមីស៊ីលប្រឆាំងនឹងនាវា ប្រភេទ BrahMos ពីប្រទេសឥណ្ឌារួចមក ហ្វីលីពីន ត្រូវបានគេរាយការណ៍ថា កំពុងតែពិចារណាលើប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសមហាយក្សអាស៊ីខាងត្បូងមួយ ចំនួនពីរប្រភេទផ្សេងទៀត ដើម្បីបង្កើនសមត្ថភាពការពារដែនអាកាសរបស់ខ្លួន។
ក្រុមអ្នកវិភាគ បានលើកឡើងថា ប្រព័ន្ធអាវុធទាំងនេះ អាចជួយដល់រដ្ឋាភិបាលទីក្រុងម៉ានីល កសាងសមត្ថភាពការពារដែនអាកាស ទប់ទល់នឹងការគំរាមកំហែងដ៏ខ្លាំងក្លាមួយថែមទៀត ព្រមទាំងជាការត្រួសត្រាយផ្លូវ ឆ្ពោះទៅរកការធ្វើសមាហរណកម្មយោធា កាន់តែជិតស្និទ្ធជាមួយទីក្រុងញូវដេលី។

បើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា Firstpost ដែលបានដកស្រង់ប្រភពពីក្រសួងការពារជាតិ និងសន្តិសុខ នៃប្រទេសទាំងពីរ បានឱ្យដឹងថា ហ្វីលីពីន កំពុងតែសម្លឹងមើលលទ្ធភាព នៅក្នុងការទិញប្រព័ន្ធការពារដែនអាកាសប្រភេទ Akash ចំនួនជាង៥ កងវរសេនាធំ និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ប្រភេទ Pinaka មួយចំនួនបន្ថែមទៀត។ សេចក្តីរាយការណ៍នេះ បានកើតឡើង ត្រឹមតែរយៈពេល២សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក ហ្គីលប៊ឺរតូ ថេអូដូរ៉ូ (Gilberto Teodoro) បានបញ្ជាក់ថា ប្រទេសរបស់លោក មានបំណងគោលទិញមីស៊ីល BrahMos បន្ថែមទៀត ហើយបានដាក់សំណើកែសម្រួលលក្ខណៈបច្ចេកទេសមួយចំនួន ដើម្បីឱ្យសមស្របទៅនឹងភូមិសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធរបស់ហ្វីលីពីន។

ប្រព័ន្ធការពារដែនអាកាស Akash ជាប្រព័ន្ធអាវុធបាញ់ពីលើដីទៅអាកាស អាចប្រតិបត្ដិការវាយប្រហារ នៅក្នុងរង្វង់ ចន្លោះពី៣០ ទៅ៤៥គីឡូម៉ែត្រ និងរយៈកម្ពស់ចន្លោះពី១៨ទៅ២០គីឡូម៉ែត្រ ហើយល្បឿន នៃការវាយប្រហាររបស់វា ចន្លោះពី ២ ២០៥ ទៅ៣ ០៦៣គីឡូម៉ែត្រក្នុងមួយម៉ោង។ ប្រព័ន្ធការពារដែនអាកាស Akash មានបណ្ដោយប្រវែង៥,៨៥ម៉ែត្រ និងមានអង្គត់ផ្ចិត ប្រវែង៣០សង់ទីម៉ែត្រ។ គ្រាប់មីស៊ីលប្រភេទនេះ មានទម្ងន់៧២០គីឡូក្រាម ហើយវាអាចបំពាក់ក្បាលគ្រាប់ទម្ងន់៦០គីឡូក្រាមផងដែរ៕


