
កីឡាបាល់ទាត់៖ ក្រុមការពារតំណែងជើងឯក MLS Cup ក្លិប Inter Miami ដែលមាន ស្តេចរកគ្រាប់បាល់ កីអូណែល ម៉េសស៊ី (Lionel Messi) ចាប់ផ្ដើមវគ្គជម្រុះ Playoff ជុំទី១ ដោយភាពខកចិត្ត បន្ទាប់ពីចាញ់ក្រុម Columbus Crew ក្នុងលទ្ធផល ០-៣ កាលពីថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ (ត្រូវនឹងព្រឹកថ្ងៃអាទិត្យម៉ោងនៅកម្ពុជា) ក្នុងជំនួបជើងទី១…។

ក្នុងការប្រកួតនោះ ក្រុមភ្ញៀវ Columbus Crew រកបានគ្រាប់បាល់៣គ្រាប់ ដោយខ្សែប្រយុទ្ធ Gonzalo Tapia រកបាន២គ្រាប់ម្នាក់ឯង និងកីឡាករ Taha Habroune រកបាន១គ្រាប់បន្ថែមទៀត ខណៈ Inter Miami មិនអាចទម្លុះសំណាញ់ទីរបស់ក្រុមភ្ញៀវបានសូម្បី១គ្រាប់ នៅលើទីលានថ្មី Nu Stadium របស់ខ្លួន។ បរាជ័យនេះ កើតឡើងស្របពេលមុនការប្រកួតចាប់ផ្ដើម សហម្ចាស់ក្លិប Inter Miami លោក Jorge Mas ទើបតែប្រគល់ពានរង្វាន់ស្បែកជើងមាស (2026 Golden Boot) ដល់កីឡាករ Messi លើទីលាន។

យ៉ាងណា កីឡាករវ័យ៣៩ឆ្នាំរូបនេះ នៅតែជាកីឡាករដំបូងគេ ក្នុងប្រវត្តិសាស្ត្រ MLS ដែលឈ្នះពានអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ២រដូវកាលជាប់ៗគ្នា ក្រោយរកបាន២៦គ្រាប់ និងបញ្ជូនបាល់១៧លើក ក្នុងរដូវកាលធម្មតា ព្រមទាំងជាកីឡាករទី៦ ឈ្នះពាននេះ លើសពីមួយដង និងត្រូវបានគេរំពឹងថា នឹងឈ្នះពានកីឡាករឆ្នើមប្រចាំរដូវកាល (MVP) ជាលើកទី៣ ជាប់ៗគ្នាផងដែរ៕




