
ប៊ូអេណូសអ៊ែរ៖ កំពូលកីឡាករបាល់ទាត់ពិភពលោក លីអូណែល ម៉េស៊ី (Lionel Messi) បានបញ្ចប់បេសកកម្មជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនយ៉ាងល្អឥតខ្ចោះ ដោយបានស៊ុតបញ្ចូលទីមួយគ្រាប់ចុងក្រោយ នៅក្នុងរាត្រីពោរពេញដោយទឹកភ្នែក និងអារម្មណ៍រំជួលចិត្ត នាទីក្រុងប៊ូអេណូសអ៊ែរ (Buenos Aires)…។

ខ្សែប្រយុទ្ធវ័យ៣៩ឆ្នាំរូបនេះ បានចូលលេងក្នុងប្រកួតអន្តរជាតិលើកទី២០៨ ដែលជាការប្រកួតចុងក្រោយបង្អស់របស់លោក ដោយទទួលបានបាល់ពិន័យ១១ម៉ែត្រពីលោកអាជ្ញាកណ្ដាល រកបាន១គ្រាប់ និងជាគ្រាប់បាល់ទី១២៦ ឱ្យអាហ្សង់ទីន នៅវគ្គទីពីរ។ មុនឈានដល់គ្រាប់បាល់នេះ Messi ក៏បានបញ្ជូនបាល់ (Assist) យ៉ាងល្អឱ្យមិត្តរួមក្រុម នីកូឡាស់ អូតាម៉េនឌី (Nicolas Otamendi) និងនីកូ ប៉ាស៍ (Nico Paz) ស៊ុតបញ្ចូលទីផងដែរ ក្នុងការប្រកួតមិត្តភាពឈ្នះក្រុមបេណាំង (Benin) ដោយលទ្ធផល ៣-០។

យ៉ាងណា ក្រោយបញ្ចប់ការប្រកួត៩០នាទីពេញ Messi ក៏បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ធ្វើឱ្យអ្នកគាំទ្រជាង៨៥០០០នាក់ ពេញកីឡដ្ឋាន ម៉ូនូម៉េនតាល់ (Monumental) រំភើបញាប់ញ័រ ជាមួយនឹងការបង្ហោះត្រូនឡាស៊ែរបង្ហាញរូបម្ចាស់អាវលេខ១០ ការប្រគំតន្ត្រី និងពិធីប្រគល់កិត្តិយសយ៉ាងអធិកអធម។ មុនពេលការប្រកួតចាប់ផ្តើម មានការបាញ់កាំជ្រួចយ៉ាងស្រស់ស្អាត ហើយអាវជម្រើសជាតិអាហ្សង់ទីនដ៏ធំសម្បើម ដែលមានលេខ១០ របស់ Messi និងពាក្យថា ហ្គ្រេស៊ៀ «gracias» (អរគុណ) ត្រូវបានលាតសន្ធឹងពេញទីលាន។ លោកបានថ្លែងសារ លាទៅកាន់អ្នកគាំទ្រជិត១០នាទី ធ្វើឱ្យមិត្តរួមក្រុមស្រក់ទឹកភ្នែក នៅពេលដែល Messi សារភាពថា លោកពិតជាមិនចង់ចាកចេញពីទីលាននោះទេ។

ទោះជាយ៉ាងណា អាជីពបាល់ទាត់របស់លោកនៅតែបន្តក្នុងកម្រិតក្លឹប ជាមួយក្រុម Inter Miami ក្នុងលីគ Major League Soccer (MLS) ដែលមានកិច្ចសន្យារហូតដល់ដាច់រដូវកាលឆ្នាំ២០២៨។ នៅក្នុងរាត្រីនៃការអបអរសាទរនេះ Messi ត្រូវបានគេមើលឃើញថា មានការរំជួលចិត្តយ៉ាងខ្លាំង តាំងពីមុនការប្រកួតចាប់ផ្តើម។ គួរជម្រាបថា ផ្អែកលើប្រវត្តិសាស្ត្រ Messi បានបង្ហាញខ្លួនជាលើកដំបូងឱ្យអាហ្សង់ទីនក្នុងឆ្នាំ២០០៥ ដោយប្តូរចូលនៅនាទី៦៣ ក្នុងប្រកួតមិត្តភាពឈ្នះហុងគ្រី ២-១ ប៉ុន្តែត្រូវបានកាតក្រហមបណ្តេញចេញភ្លាមៗ ក្រោយចូលលេងបានមិនទាន់ដល់មួយនាទីផង។

ទោះបីជាចាប់ផ្តើមយ៉ាងលំបាកយ៉ាងណាក៏ដោយ Messi បានខិតខំរហូតក្លាយជាកីឡាករដ៏អស្ចារ្យបំផុតមួយរូបក្នុងប្រវត្តិសាស្ត្រ ដោយបានជួយអាហ្សង់ទីនលើកពានរង្វាន់ពិភពលោក World Cup មួយលើក និងពានរង្វាន់ Copa America ពីរលើក។ ម្ចាស់ពានរង្វាន់ Ballon d'Or ៨ សម័យកាលរូបនេះ គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទីពីរក្នុងប្រវត្តិសាស្ត្រ World Cup (២១គ្រាប់ បន្ទាប់ពី Kylian Mbappe ២២គ្រាប់) និងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទីពីរ ក្នុងការប្រកួតអន្តរជាតិសរុប(១២៦គ្រាប់) បន្ទាប់ពីគូប្រជែងដ៏ស្រួចស្រាវរបស់លោក គឺ Cristiano Ronaldo (១៤៦គ្រាប់)៕




