មិនទាន់អស់ទេ! អាវុធហត្ថខេត្តព្រះសីហនុ ឆ្មក់បង្ក្រាបទីតាំងឆបោកអនឡាញ៣កន្លែង ឃាត់ខ្លួនជនបរទេសប្រុស-ស្រី១១នាក់
Chanmarady Chuon
•
17 ម៉ោងមុន

ក្រុងព្រះសីហនុ៖ កម្លាំងជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងចំនួន០៣កន្លែងផ្សេងគ្នា ក្នុងក្រុងព្រះសីហនុ រហូតឈានដល់ការឃាត់ខ្លួនជនបរទេសសរុបចំនួន១១នាក់ (ស្រី ០១នាក់) និងដកហូតសម្ភារបម្រើឱ្យការប្រព្រឹត្តបទល្មើសមួយចំនួន ពាក់ព័ន្ធនឹងករណីសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)…។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពី នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន ១២នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យទីតាំងគោលដៅចំនួន០៣ រួមមាន៖ ផ្ទះវីឡា ផ្ទះល្វែង និងខុនដូ ដែលស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

ជាលទ្ធផលនៃការចុះត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនជនបរទេសចំនួន១១នាក់ ដែលមាន០៣សញ្ជាតិ រួមមាន៖ បុរសជនជាតិចិន០៤នាក់, បុរសជនជាតិឥណ្ឌា០ម្នាក់ និងជនជាតិប៉ាគីស្ថាន០៦នាក់ (ស្រីម្នាក់)។ ជាមួយគ្នានេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនរួមមាន៖ ទូរសព្ទដៃផ្ទាល់ខ្លួនចំនួន១៨គ្រឿង, ទូរសព្ទសម្រាប់ប្រើប្រាស់អនឡាញ (Online) ចំនួន២០គ្រឿង, កុំព្យូទ័រយួរដៃចំនួន០៨គ្រឿង, លិខិតឆ្លងដែនចំនួន០៨ក្បាល និងបណ្ណការងារចំនួន ០១សន្លឹក។ បច្ចុប្បន្ន ជនសង្ស័យទាំង១១នាក់ រួមជាមួយវត្ថុតាងដែលដកហូតបាន ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្ត តាមនីតិវិធីច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត