
ក្រុងព្រះសីហនុ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញ ចុះប្រតិបត្តិការត្រួតពិនិត្យទីតាំងខុនដូ U Mall ហើហបានឃាត់ខ្លួនជនបរទេសចំនួន២៦នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងគ្មានលិខិតឆ្លងដែន…។

យោងតាមប្រភពព័ត៌មានបឋម បានឱ្យដឹងថា ប្រតិបត្តិការនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅខុនដូ U Mall ស្ថិតនៅខាងលើអតីតផ្សារទំនើប ព្រីនម៉ល ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ប្រភពដដែល បានបន្តថា ក្នុងពេលអនុវត្តប្រតិបត្តិការ សមត្ថកិច្ចបានជួបប្រទះការលំបាកខ្លះៗ ដោយសារស្ថានភាពស្មុគស្មាញនៅតាមបន្ទប់នីមួយៗ ដោយបន្ទប់ខ្លះភ្ញៀវជួល និងបន្ទប់ខ្លះទៀតភ្ញៀវទិញដាច់ ព្រមទាំងមានបន្ទប់ខ្លះចាក់សោរ និងគ្មានម្ចាស់នៅ ដែលបង្កឱកាសឱ្យជនបរទេសមួយចំនួនដឹងខ្លួនមុន ហើយព្យាយាមរត់ចុះមកជាន់ខាងក្រោម។

យ៉ាងណា កម្លាំងសមត្ថកិច្ចបានឡោមព័ទ្ធ និងខ្ទប់ទាន់ពេលវេលា រហូតឈានដល់ការឃាត់ខ្លួនជនបរទេសបានចំនួន២៦នាក់ (ក្នុងនោះមានជនជាតិចិនមួយចំនួន) ដែលគ្មានលិខិតឆ្លងដែនជាប់ខ្លួន និងសង្ស័យជាប់ពាក់ព័ន្ធបទល្មើស Online Scams។ ជាមួយគ្នា សមត្ថកិច្ចក៏បានដកហូតវត្ថុតាង រួមមាន កុំព្យូទ័រយួរដៃ (Laptop) និងទូរស័ព្ទដៃមួយចំនួនផងដែរ។ បច្ចុប្បន្ន ជនបរទេសទាំង២៦នាក់ ព្រមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី និងអនុវត្តច្បាប់បន្ត៕



