កម្លាំងចម្រុះក្រុងបាវិត បំបែកសំបុកស្កេម៣ទីតាំង ឃាត់ខ្លួនជនបរទេសជិត២០នាក់ និងដកហូតវត្ថុតាងជាច្រើន
Chanmarady Chuon
•
2 ម៉ោងមុន

ក្រុងបាវិត៖ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន៣កន្លែងផ្សេងគ្នា ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនជនបរទេសសរុប១៩នាក់ និងដកហូតវត្ថុតាងបច្ចេកវិទ្យាច្រើនសន្ធឹកសន្ធាប់...។

តាមរបាយការណ៍របស់រដ្ឋបាលក្រុងបាវិត កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា តាមរយៈការចុះត្រួតពិនិត្យទីតាំងទាំង៣ខាងលើ រួមមាន៖ ទីតាំងទី១ ផ្ទះជួលរបស់លោកស្រី សុខ ចន្ធូ ឃាត់បាន៤នាក់, ទីតាំងទី២ ផ្ទះជួលរបស់លោក សន សម្បត្តិ ឃាត់បាន៦នាក់(ស្រី៣នាក់) និងទីតាំងទី៣ ផ្ទះលេខ G10 បុរី CK របស់លោកស្រី ម៉ី វណ្ណា ឃាត់បាន៩នាក់ ស្ថិតក្នុងភូមិតាបិប ភូមិបាវិតកណ្តាល និងភូមិតាពៅ ដែលក្នុងនោះ មានជនជាតិចិន និងវៀតណាម និងជនបរទេសជាតិសាសន៍ផ្សេងទៀត មិនទាន់កំណត់អត្តសញ្ញាណ។ ជាលទ្ធផលនៃការចុះប្រតិបត្តិការ សមត្ថកិច្ចបានដកហូតវត្ថុតាងសរុបរួមមាន៖ លិខិតឆ្លងដែន៩ក្បាល, ទូរសព្ទដៃចម្រុះ៩៨គ្រឿង, ទូរសព្ទដៃផ្ទាល់ខ្លួន២២គ្រឿង, ថេបប្លេត និងiPad២គ្រឿង, កុំព្យូទ័រយួរដៃ១គ្រឿង, ដុំWifi៤គ្រឿង និងរថយន្ត២គ្រឿង (ម៉ាក TOYOTA ALPHARD និងម៉ាក TOYOTA PRIUS)។

តាមរយៈការត្រួតពិនិត្យបឋមលើប្រព័ន្ធតេឡេក្រាម ក្នុងទូរសព្ទដៃរបស់ជនសង្ស័យ សមត្ថកិច្ចបានរកឃើញតម្រុយបញ្ជាក់ថា ក្រុមជនសង្ស័យនៅទីតាំងទាំង៣នេះ មានទំនាក់ទំនងជាបក្ខពួកតែមួយ និងបានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ បច្ចុប្បន្ន ទីតាំងទាំង៣កន្លែង ត្រូវបានសមត្ថកិច្ចសម្រេចបិទសៀល (Seal) ជាបណ្តោះអាសន្ន ចំណែកឯជនសង្ស័យ និងវត្ថុតាងសរុបទាំងអស់ ត្រូវបានប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត