
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញសេចក្តីជូនដំណឹង និងក្រើនរំលឹកដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចកលថ្មីរបស់ក្រុមឧក្រិដ្ឋជន ដែលប្រើប្រាស់ «ល្បិចធ្វើជាផ្ទេរប្រាក់ច្រឡំចូលគណនី រួចទាក់ទងឱ្យផ្ទេរត្រឡប់ទៅវិញ» ដើម្បីអូសទាញប្រជាពលរដ្ឋឱ្យធ្លាក់ចូលក្នុងបទល្មើសសម្អាតប្រាក់ដោយមិនដឹងខ្លួន…។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ប្រជាពលរដ្ឋ មិនត្រូវសប្បាយអរ នៅពេលឃើញមានទឹកប្រាក់ផ្ទេរចូលគណនីធនាគាររបស់ខ្លួនដោយគ្មានប្រភពច្បាស់លាស់នោះឡើយ ព្រោះនេះជាផ្នែកមួយនៃឧបាយកលទុច្ចរិត។ ក្រុមឧក្រិដ្ឋជន អាចប្រើប្រាស់គណនីរបស់ពលរដ្ឋជាគណនីស្រមោល (Mule Account) ក្នុងបណ្តាញបទល្មើសហិរញ្ញវត្ថុ និងការសម្អាតប្រាក់ ដែលអាចធ្វើឱ្យម្ចាស់គណនីប្រឈមមុខនឹងផ្លូវច្បាប់ក្នុងនាមជាជនសង្ស័យ ឬជាសមគំនិតដោយមិនដឹងខ្លួន។

ដើម្បីចៀសវាងការធ្លាក់ចូលក្នុងអន្ទាក់នៃបទល្មើសនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានណែនាំវិធានការការពារសំខាន់ៗ ដូចជា៖ ជៀសវាងការផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានគណនីធនាគារ ឬលេខសម្ងាត់ (PIN/OTP) ទៅឱ្យអ្នកដទៃដោយមិនចាំបាច់, ដាច់ខាតកុំផ្ទេរ ប្រគល់ ឬឱ្យអ្នកដទៃប្រើប្រាស់គណនីធនាគាររបស់ខ្លួន ហើយកុំជឿលើការសន្យាផ្តល់ប្រាក់កម្រៃជាថ្នូរនឹងការប្រើប្រាស់គណនី, ប្រសិនបើមិនស្គាល់ប្រភព និងគោលបំណងច្បាស់លាស់ កុំយល់ព្រមទទួល ឬផ្ទេរប្រាក់ឱ្យនរណាម្នាក់ឡើយ, ប្រសិនបើពិនិត្យឃើញមានប្រតិបត្តិការផ្ទេរប្រាក់មិនប្រក្រតីចូលគណនី សូមប្រញាប់ទាក់ទងទៅកាន់ធនាគារសាម៉ីភ្លាមៗ និងរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីដោះស្រាយតាមនីតិវិធី។

បន្ថែមពីនេះ សមត្ថកិច្ច ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាញយកកម្មវិធី «Kapea Scams» ដាក់លើទូរសព្ទដៃ ដើម្បីជួយត្រួតពិនិត្យ ការពារការហៅចូលបោកប្រាស់ផ្សេងៗ និងសម្រួលដល់ការរាយការណ៍បឋមជូនសមត្ថកិច្ចបានទាន់ពេលវេលា។ សមត្ថកិច្ចបានគូសបញ្ជាក់ជាថ្មីថា «ការពារគណនីធនាគារ គឺស្មើនឹងការការពារខ្លួនអ្នក និងទ្រព្យសម្បត្តិរបស់អ្នក» ដូច្នេះការយល់ដឹង និងការប្រុងប្រយ័ត្នខ្ពស់ គឺជាខែលការពារដ៏ល្អបំផុតប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា និងហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន៕



