កម្ពុជាបណ្តេញជនជាតិឥណ្ឌូណេស៊ី៣៥៥នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ
Chanmarady Chuon
•
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ អាជ្ញាធរសមត្ថកិច្ចកម្ពុជា បានសម្រេចបណ្តេញជនជាតិឥណ្ឌូណេស៊ីសរុបចំនួន៣៥៥នាក់ ចេញពីប្រទេស ក្នុងរយៈពេលត្រឹមតែ២ថ្ងៃ បន្ទាប់ពីរកឃើញថាពួកគេមានពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្កេម (Online Scams)…។

យោងតាមការឱ្យដឹងពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា បានអនុវត្តនីតិវិធីបណ្តេញជនជាតិឥណ្ឌូណេស៊ីចំនួន១៧៥នាក់ (ស្រី២៥នាក់) ចេញពីកម្ពុជា តាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិនៃអាកាសយានដ្ឋានតេជោ។ ការបណ្តេញចេញលើកនេះ ធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ សមត្ថកិច្ចបានបណ្តេញជនជាតិឥណ្ឌូណេស៊ីមួយក្រុមរួចមកហើយ ចំនួន១៨០នាក់ (ស្រី២៩នាក់)។ សរុបមក ក្នុងរយៈពេលត្រឹមតែ២ថ្ងៃ សមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជា បណ្តេញជនជាតិឥណ្ឌូណេស៊ីពាក់ព័ន្ធបទល្មើស Online Scams សរុបចំនួន៣៥៥នាក់ ចេញពីប្រទេស។

ប្រតិបត្តិការបោសសម្អាត និងបណ្តេញជនបរទេសខុសច្បាប់ទាំងនេះ គឺជាការអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត តាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកន្លងមកសម្តេចតែងបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា៖«កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើស បង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»។ ផ្អែកលើស្មារតីនេះ កម្លាំងសមត្ថកិច្ចកម្ពុជា កំពុងបន្តខិតខំប្រឹងប្រែងស្រាវជ្រាវបង្ក្រាប និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យដល់ឫសគល់ ឈានទៅរកការចាប់ខ្លួនមេខ្លោង ព្រមទាំងជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញ ដោយសុវត្ថិភាព៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត