ថៃ បញ្ចុះបញ្ចូលប្រទេស២៧ កុំឱ្យដាក់ជម្លោះព្រំដែន និងបញ្ហាពលរដ្ឋខ្មែរភៀសខ្លួនជាង២ម៉ឺននាក់ ចូលទៅក្នុងឯកសារនៃស្ថាប័នអន្តរជាតិ
Mao Sopha
•
8 ម៉ោងមុន

រាជធានីបាងកក៖ គេដឹងរួចមកហើយ! ថៃ មិនចង់ឱ្យអន្តរជាតិដឹងឮ ឬឈឺឆ្អាលក្នុងជម្លោះរវាងខ្លួនជាមួយកម្ពុជានោះទេ រួមទាំងបញ្ហាប្រជាជនកម្ពុជានៅសល់ជាង២នាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅភូមិឋានវិញបាន។ ហេតុដូច្នេះ ទើបថៃព្យាយាមម្តងហើយម្តងទៀតមិនចេះហត់ ក្នុងការទាមទារកុំឱ្យកម្ពុជាលើកឡើងនៅតាមលើវេទិកា ឬកិច្ចប្រជុំអន្តរជាតិ អំពីរឿងដ៏រសើបនេះ។ រហូតដល់ពេលកម្ពុជា រៀបចំបញ្ចូលបញ្ហាទាំងនេះ ទៅក្នុងឯកសារផ្លូវការនៃស្ថាប័នអន្តរជាតិ ខាងថៃក៏ចេញមករារាំងទៀត។ គេអាចនឹងចោទសួរថា ហេតុអ្វីថៃ ខ្លាចអន្តរជាតិដឹងឮ? ឬក៏ថៃ ខ្លាចអន្តរជាតិដឹងថា ខ្លួនពិតជាអ្នកឈ្លានពានកម្ពុជាមែន?  

ប្រជាជនភៀសសឹកកម្ពុជា ទទួលអំណោយ។ 
ប្រជាជនភៀសសឹកកម្ពុជា ទទួលអំណោយ។ 

លោក សុផុន សារ៉ាម (Sophon Saram) ប្រធានរដ្ឋសភាថៃ បានបង្ហើបពីយុទ្ធសាស្ត្រការទូតរបស់គណៈប្រតិភូរដ្ឋសភាថៃ ដែលធ្វើឱ្យកម្ពុជាដកខ្លឹមសារអំពីជម្លោះព្រំដែន និងបញ្ហាប្រជាជនកម្ពុជាភៀសសឹកជាង២ម៉ឺននាក់ ចេញពីរបាយការណ៍ ឬឯកសាររបស់មហាសន្និបាតអន្តរសភាអាស៊ាន ឬអាយប៉ា (AIPA)។ តើកម្ពុជា ដកចេញវិញពិតមែនឬ? ទំនងជាប្រធានរដ្ឋសភាថៃ យល់ច្រឡំ ឬកុហកប្រជាជនខ្លួន។

លោក សុផុន
លោក សុផុន

សារព័ត៌មានថៃ The Nation ចុះផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយផ្អែកតាមសម្តីលោក សុផុន ថា គណៈប្រតិភូថៃ បានរៀបចំយុទ្ធសាស្ត្រការទូតជាបន្តបន្ទាប់ ដើម្បីប្រឆាំងនឹងឯកសាររបស់ អាយប៉ា ដែលមានបញ្ចូលជម្លោះព្រំដែន និងបញ្ហាប្រជាជនកម្ពុជាភៀសខ្លួនដោយសារសង្គ្រាម។ លោក អួតថា គណៈប្រតិភូថៃ បានចេញមុខជំទាស់ក្នុងកិច្ចប្រជុំជាច្រើនលើក ព្រមទាំងដាក់លិខិតទៅកាន់គណៈប្រតិភូពីប្រទេសចំនួន២៧ ដែលទៅចូលរួមមហាសន្និបាតអាយប៉ា ដើម្បីពន្យល់ពីមូលហេតុដែលថៃមិនអាចទទួលយកបានអំពីការដាក់បញ្ចូលបញ្ហាប្រជាជនកម្ពុជាជាង២ម៉ឺនទៅក្នុងឯកសារនៃស្ថាប័នអន្តរជាតិមួយនេះ។

គណៈប្រតិភូប្រទេសនានា ថតជុំគ្នាក្នុងកិច្ចប្រជុំរវាងមេដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំ AIPA។ 
គណៈប្រតិភូប្រទេសនានា ថតជុំគ្នាក្នុងកិច្ចប្រជុំរវាងមេដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំ AIPA។ 

មហាសន្និបាតអាយប៉ាលើកទី៤៧ រួមទាំងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត ប្រព្រឹត្តទៅក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វ៊ីលីពីន ពីថ្ងៃ១៦ រហូតដល់ថ្ងៃ២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានតំណាងប្រទេសសរុបជិត៥០ចូលរួម។ លោក សុផុន បន្ថែមថា ក្នុងកិច្ចប្រជុំគណៈកម្មាធិការនយោបាយរបស់ អាយប៉ា គណៈប្រតិភូថៃ ប្រកាសមិនគាំទ្ររបាយការណ៍ ឬឯកសារនោះទេ បើឃ្លាដែលខ្លួនជំទាស់ មិនត្រូវបានដកចេញ នោះគឺឃ្លាដែលពាក់ព័ន្ធនឹងជម្លោះព្រំដែន និងបញ្ហាប្រជាជនភៀសសឹកកម្ពុជា។ បើតាមការអះអាងរបស់ប្រធានរដ្ឋសភាថៃ កម្ពុជាបានយល់ព្រមដកឃ្លាននេះចេញវិញ ហើយថៃក៏បានយល់ព្រមគាំទ្ររបាយការណ៍ ឬឯកសារនោះ។

គណៈប្រតិភូកម្ពុជា
គណៈប្រតិភូកម្ពុជា

មកមើលខាងកម្ពុជា! គេ មិនទាន់ឃើញព័ត៌មានផ្សាយថា កម្ពុជា ដកឃ្លានេះចេញវិញនោះទេ ហើយសូម្បីស្ថាប័នអាយប៉ា ក៏ដូចជាមិនបានប្រកាសថា ដកដែរ។ ផ្ទុយមកវិញ គណៈប្រតិភូរដ្ឋសភាកម្ពុជា អះអាងយ៉ាងច្បាស់ថា បញ្ហាប្រជាជនកម្ពុជាជាង២ម៉ឺននាក់ ត្រូវបានដាក់បញ្ចូលក្នុងឯកសារ និងទទួលបានការគាំទ្រពីប្រទេសសមាជិកអាយប៉ា។ ចំណែក សារព័ត៌មាន The Star របស់ម៉ាឡេស៊ី ផ្សាយថា គណៈប្រតិភូកម្ពុជា ទទួលបានការគាំទ្រជាឯកច្ឆន្ទពីប្រទេសសមាជិកអាយប៉ា ដើម្បីដាក់បញ្ចូលជម្លោះព្រំដែនកម្ពុជា-ថៃ និងស្ថានភាពប្រជាជនភៀសសឹកកម្ពុជាជាង២ម៉ឺននាក់ ទៅក្នុងឯកសារផ្លូវការរបស់អាយប៉ា ហើយថែមទាំងបានដាក់ជូនមេដឹកនាំអាស៊ានផងដែរ។

ភូមិរង់ចាំ ដែលប្រជាជនភៀសសឹកកម្ពុជារស់នៅ។ 
ភូមិរង់ចាំ ដែលប្រជាជនភៀសសឹកកម្ពុជារស់នៅ។ 

ទំព័រហ្វេសប៊ុករបស់រដ្ឋសភាកម្ពុជា បង្ហោះព័ត៌មានថា ការគាំទ្រ និងការទទួលយកសំណើពីខាងកម្ពុជា អំពីជម្លោះព្រំដែន និងបញ្ហាប្រជាជនភៀសសឹក គឺស្ថិតក្នុងកិច្ចប្រជុំទល់មុខគ្នារវាងប្រមុខដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំអាយប៉ា។ ឯកសារនោះ បានអំពាវនាវដល់ភាគីទាំងពីរ គឺកម្ពុជា-ថៃ ឱ្យសម្រួលគ្នា ដើម្បីប្រជាជនភៀសសឹក អាចវិលទៅលំនៅឋានវិញដោយសុវត្ថិភាព។ កន្លងមក កម្ពុជា តែងទាមទារឱ្យយោធាថៃ ចាកចេញពីតំបន់នានារបស់កម្ពុជា ដើម្បីបើកផ្លូវឱ្យប្រជាជនកម្ពុជាជាម្ចាស់ភូមិឋាន វិលទៅរស់នៅវិញ។ ប៉ុន្តែគួរឱ្យស្តាយ មកដល់ពេលនេះ យោធាថៃ នៅតែបន្តឈរជើងកាន់កាប់តំបន់ទាំងនោះរបស់កម្ពុជាទាំងខុសច្បាប់៕  

កិច្ចប្រជុំរវាងមេដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំ AIPA។ 
កិច្ចប្រជុំរវាងមេដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំ AIPA។ 
ភូមិរង់ចាំ
ភូមិរង់ចាំ
យោធាថៃ ធ្វើប៉ម និងដោតទង់ជាតិខ្លួនក្នុងដីកម្ពុជា។ 
យោធាថៃ ធ្វើប៉ម និងដោតទង់ជាតិខ្លួនក្នុងដីកម្ពុជា។ 
យោធាថៃ ដាក់បន្លាលួស និងទូកុងតឺន័រក្នុងដីកម្ពុជា។ 
យោធាថៃ ដាក់បន្លាលួស និងទូកុងតឺន័រក្នុងដីកម្ពុជា។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត