កម្ពុជាសង្ឃឹម«ពិធីអាពាហ៍ពិពាហ៍ខ្មែរ» នឹងត្រូវអនុម័តដាក់បញ្ចូលក្នុងបញ្ជីតំណាងសម្បត្តិ​បេតិកភណ្ឌ​អរូបី ​របស់យូណេស្កូ
S
Soriya Sou
•
12 ម៉ោងមុន

រាជធានីភ្នំពេញ៖ មន្ត្រីកម្ពុជាមានក្ដីរំពឹងថា «អាពាហ៍ពិពាហ៍ខ្មែរ, មង្គលការខ្មែរ ឬការ» នឹងត្រូវបានអនុម័តដាក់បញ្ចូលក្នុងបញ្ជីតំណាងសម្បត្តិ​បេតិកភណ្ឌ​អរូបី​ របស់អង្គការយូណេស្កូ ក្នុងរយៈប៉ុន្មានថ្ងៃខាងមុខទៀតនេះ...។ 

លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន SBM News នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា កិច្ចប្រជុំលើកទី២១ របស់គណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣ របស់អង្គការយូណេស្កូ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី នឹងរៀបចំចាប់ពីថ្ងៃទី៣១វិច្ឆិកា ដល់ថ្ងៃទី៥ធ្នូ ឆ្នាំ២០២៦។ នាកិច្ចប្រជុំខាងមុខ តើកម្ពុជារំពឹង«ពិធីអាពាហ៍ពិពាហ៍ខ្មែរ» នឹងត្រូវបានអនុម័តដាក់បញ្ចូលក្នុងបញ្ជីតំណាងសម្បត្តិ​បេតិកភណ្ឌ​អរូបី ដែរទេ?​ អ្នកនាំពាក្យវប្បធម៌ គូសបញ្ជាក់ថា៖«ដោយបានបំពេញឯកសារយ៉ាងល្អ ហើយបំពេញគ្រប់នីតិវិធី ខណៈការវាយតម្លៃរបស់គណៈកម្មការលើបច្ចេកទេស ក៏បានវាយតម្លៃរួចហើយ អ៊ីចឹងយើងសង្ឃឹម! យើងសង្ឃឹម!»។

មិនខុសពីក្រសួងវប្បធម៌ទេ ប៉ុន្តែគេក៏ឃើញមហាជន អ្នកលេងបណ្ដាញសង្គមជាច្រើនបង្ហាញក្ដីរំពឹងដូចគ្នាថា «ពិធីអាពាហ៍ពិពាហ៍ខ្មែរ» នឹងត្រូវបានដាក់បញ្ចូលជាសម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់អង្គការយូណេស្កូ។ សូមរំឭកថា ដើម្បីថែរក្សាអភិរក្សប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលមានតាំងពីដូនតា និងបង្ហាញពិភពលោកទាំងមូលពីវប្បធម៌ អរិយធម៌ដ៏ចំណាស់របស់ខ្មែរ កម្ពុជាតាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជូនឯកសារស្នើសុំចុះបញ្ជីអាពាហ៍ពិពាហ៍ខ្មែរ ទៅកាន់អង្គការយូណេស្កូ កាលពីខែមេសា ឆ្នាំ២០២៤។ «ពិធីអាពាហ៍ពិពាហ៍ខ្មែរ» នេះ រួមបញ្ចូលទាំងប្រពៃណីទំនៀមទម្លាប់ក្នុងការរៀបចំមង្គលការ ភ្លេង និងបទចម្រៀងសម្រាប់មង្គលការ សម្លៀកបំពាក់សម្រាប់ពិធី ការតុបតែងខ្លួន និងធាតុផ្សំផ្សេងទៀត នៃពិធីមង្គលការទៅតាមប្រពៃណីដែលខែ្មរនៅបន្តថែរក្សា អនុវត្ត និងការពារ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត