កូរ៉េខាងត្បូង សង្ឃឹមចិនជាស្ពានចម្លងសន្តិភាពជូនឧបទ្វីបកូរ៉េ
ហៀប ស៊ីថេត
•
9 ម៉ោងមុន

ទីក្រុងសិនជិន៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) បានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅថ្ងៃពុធទី១៨ ខែវិច្ឆិកានេះថា ប្រទេសកូរ៉េខាងត្បូង សង្ឃឹមថា នឹងធ្វើការរួមគ្នាជាមួយប្រទេសចិន ដើម្បីបង្កើតយុគសម័យនៃការនៅរួមរស់ជាមួយគ្នា ដោយសន្តិភាពនៅលើឧបទ្វីបកូរ៉េ។

លោក លី ជេម្យុង (ឆ្វេង) និងលោក ស៊ី ជីនពីង
លោក លី ជេម្យុង (ឆ្វេង) និងលោក ស៊ី ជីនពីង

មេដឹកនាំទាំង២ បានជួបពិភាក្សាគ្នានៅក្រៅកិច្ចប្រជុំ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុងសិនជិន ខេត្តក្វាងទុង នៃប្រទេសចិន។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង បានលើកឡើងថា លោកសង្ឃឹមថាប្រទេសទាំង២ នឹងអភិវឌ្ឍបន្ថែមទៀតនូវភាពជាដៃគូសេដ្ឋកិច្ចប្រកបដោយសមភាព និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ យោងតាមរបាយការណ៍រួមរបស់អ្នកសារព័ត៌មាន លោក លី បានថ្លែងថា៖«លើសពីនេះទៅទៀត ដើម្បីឱ្យភាពជាដៃគូយុទ្ធសាស្ត្ររវាងកូរ៉េ និងចិន មានភាពចាស់ទុំ និងរីកចម្រើនទៅមុខ សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ​ ត្រូវតែត្រូវបានធានា»។

ជាការឆ្លើយតប លោក ស៊ី បានថ្លែងថា ប្រទេសចិនត្រៀមខ្លួនរួចរាល់ក្នុងការពង្រឹងទំនាក់ទំនង និងការសម្របសម្រួលជាមួយកូរ៉េខាងត្បូង ព្រមទាំងរក្សាស្ថិរភាព និងដំណើរការដោយរលូននៃខ្សែច្រវាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ពិភពលោក។ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ (Donald Trump) បានបង្ហើបពីលទ្ធភាពនៃការជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក នៅអាស៊ី បើទោះបីជាមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីជំនួបបែបនេះក៏ដោយ។

ចំណែកប្រទេសចិន បានអះអាងថា ខ្លួនមិនមានព័ត៌មានអំពីជំនួបដែលអាចកើតមានឡើងនោះទេ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានថ្លែងនៅថ្ងៃពុធថា លោក ត្រាំ បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការសន្ទនាជាមួយរដ្ឋធានីព្យុងយ៉ាង ប៉ុន្តែវាមិនមានន័យថា ជំនួបនឹងកើតឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះឡើយ៕

លោក គីម ជុងអ៊ុន (ឆ្វេង) និងលោក ដូណាល់ ត្រាំ 
លោក គីម ជុងអ៊ុន (ឆ្វេង) និងលោក ដូណាល់ ត្រាំ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត