សហរដ្ឋអាម៉េរិក រីករាយឈរជាមួយកម្ពុជា កសាងអនាគតមូយដែលមានសុវត្ថិភាព និងវិបុលភាព
S
Soriya Sou
•
7 ម៉ោងមុន

រាជធានីភ្នំពេញ៖ សហរដ្ឋអាម៉េរិក មានមោទនភាពក្នុងការឈរនៅជាមួយប្រជាជនកម្ពុជា កសាងអនាគតមួយដែលមានសុវត្ថិភាព និងវិបុលភាព។ នេះជាការបញ្ជាក់របស់ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ក្នុងឱកាសនៃជំនួបពិភាក្សាការងារលើកដំបូង រវាងលោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និង ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦...។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក និងប្រមុខការទូតកម្ពុជា បានពិភាក្សាផ្តោតលើការពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា ដើម្បីអាចនាំមកនូវលទ្ធផលជាក់ស្តែងសម្រាប់ប្រទេសទាំងពីរ។ លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ចំពោះស្ថិរភាពក្នុងតំបន់ ដោយបន្តកសាងលើមូលដ្ឋាននៃកិច្ចព្រមព្រៀងសន្តិភាពរាជធានីកូឡាឡាំពួរ។ លោកក៏បានលើកឡើងពីការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាម៉េរិក ចំពោះសហគមន៍តាមបណ្តោយព្រំដែន រួមទាំងការផ្ដល់ជំនួយមនុស្សធម៌ដល់គ្រួសារភៀសសឹកជាង១ម៉ឺនគ្រួសារ និង​ប្រតិបត្តិការ​បោសសម្អាត​មីន​ នៅទូទាំងភូមិចំនួន៣៤០ តាមបណ្តោយព្រំដែន។ លោកអះអាងថា សហរដ្ឋអាម៉េរិក មានមោទនភាពក្នុងការឈរនៅជាមួយប្រជាជនកម្ពុជា ដើម្បីកសាងអនាគតមួយដែលមានសុវត្ថិភាព និងវិបុលភាពកាន់តែខ្លាំង។

ក្នុងជំនួបដដែល ភាគីទាំងពីរ​ ក៏បានពិភាក្សាពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការទប់ស្កាត់ការឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរគ្រឿងញៀន ដែលបង្កការគំរាមកំហែងដល់ប្រជាជនអាម៉េរិក និងប្រជាជនកម្ពុជា ដូចគ្នា។ មុនជួបលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៨វិច្ឆិកា ម្សិលមិញ ដោយបានសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិក គោរពអធិបតេយ្យភាពរបស់កម្ពុជា ហើយជឿជាក់ថា ភាពជាដៃគូដ៏រឹងមាំ ត្រូវកសាងឡើងដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងការសម្រេចបាននូវលទ្ធផលជាក់ស្តែង៕


អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត