
ក្រុងបាត់ដំបង៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីប្លន់ និងបង្ខាំងមនុស្សដោយខុសច្បាប់ នៅតាមផ្ទះសំណាក់ចំនួន២ទីតាំងផ្សេងគ្នា ក្នុងក្រុងបាត់ដំបង។ នេះបើតាមរបាយការណ៍របស់សមត្ថកិច្ច កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦...។

បើតាមរបាយការណ៍ ជនសង្ស័យដែលត្រូវបាននាំខ្លួនមកសាកសួរ មានឈ្មោះ សល ចនឌី អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្នុងអំឡុងខែវិច្ឆិកា ជនសង្ស័យបានប្រើប្រាស់គណនីតេឡេក្រាម ដើម្បីណាត់ជួបនារីៗរកស៊ីផ្លូវភេទ ទៅកាន់ផ្ទះសំណាក់ចំនួន២ទីតាំងផ្សេងគ្នា។ ករណីទី១ ជនសង្ស័យបានណាត់ជួបនារី ដោយប្រាប់ថា ផ្តល់ប្រាក់៨០ដុល្លារ។ នៅក្នុងផ្ទះសំណាក់នោះ ជនល្មើស បានដកកាំបិតចុងស្រួចគំរាម និងយកខ្សែចងដៃចងជើងជនរងគ្រោះ បង្ខំសួរយកលេខកូដទូរស័ព្ទ និងគណនីធនាគារ ABA។ បន្ទាប់មក បានរុញនារីរងគ្រោះចូលក្នុងបន្ទប់ទឹក និងបិទទ្វារបន្ទប់ទឹក រួមទាំងយកសាឡុងទៅផ្អឹបពីខាងក្រៅផងដែរ ហើយក៏រត់គេចខ្លួន។ ករណីទី២ នៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ជនសង្ស័យបានណាត់ជួបជនរងគ្រោះម្នាក់ទៀត ដោយប្រាប់ថា ឱ្យប្រាក់១០០ដុល្លារ។ នៅក្នុងផ្ទះសំណាក់ ជនល្មើស បានយកកាំបិតគំរាមដូចមុនដដែល ហើយថែមទាំងរុំដៃ រុំមាត់ ចងជើងជនរងគ្រោះដោយស្គុត និងបង្ខំយកលេខកូដទូរស័ព្ទ។

លុះដល់វេលាម៉ោងប្រមាណជាង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ម្ចាស់ទូរសព្ទបានតាមស្វែងរកឃើញទីតាំងជនសង្ស័យតាមរយៈប្រព័ន្ធកំណត់ទីតាំង (Location iCloud) នៅម្តុំមុខសាលាខេត្តបាត់ដំបង ដែលធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ រត់គេចខ្លួន និងទម្លាក់ទូរស័ព្ទចោលនៅទីនោះ។ រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា នៅម៉ោងប្រមាណ៥កន្លះល្ងាច កម្លាំងសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យខាងលើ នាំទៅសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សល ចនឌី បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្លន់ និងបង្ខាំងជនរងគ្រោះដូចការរៀបរាប់ខាងលើប្រាកដមែន។ បច្ចុប្បន្ន កម្លាំងជំនាញ កំពុងរៀបចំកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕



