
ក្រុងសិរីសោភ័ណ៖ ករណីឃាតកម្មដ៏រន្ធត់មួយ បានកើតឡើងដោយជនសង្ស័យប្រើប្រាស់អាវុធកាប់ប្រហារទៅលើបុរសម្នាក់ បណ្ដាលឱ្យរងរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ...។

បើតាមប្រភពព័ត៌មានបឋម បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យដែលត្រូវជាប្ដី ទំនងជាបានដឹងរឿងរ៉ាវទំនាក់ទំនងស្នេហាលួចលាក់ រវាងប្រពន្ធខ្លួន ជាមួយជនរងគ្រោះ ទើបផ្ទុះកំហឹងយ៉ាងខ្លាំង និងឈានដល់ការទាញកាំបិតកាប់ប្រហារទៅលើជនរងគ្រោះជាច្រើនកន្លែង បណ្ដាលឱ្យហូរឈាមស្រោចខ្លួន ដេកដួលក្នុងថ្លុកឈាម។ ភ្លាមៗក្រោយកើតហេតុ ជនរងគ្រោះត្រូវបានគេជួយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ប៉ុន្តែដោយសារស្ថានភាពមុខរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះ ក៏បានដាច់ខ្យល់ស្លាប់ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។

ដោយឡែក ជនសង្ស័យដែលជាជនដៃដល់ បានឆ្លៀតឱកាសរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ មុនពេលសមត្ថកិច្ចទៅដល់។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ ប្រមូលភស្តុតាងនៅកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យលើសពជនរងគ្រោះ ដើម្បីកំណត់មូលហេតុពិតប្រាកដនៃឃាតកម្មនេះ ព្រមទាំងកំពុងបើកប្រតិបត្តិការតាមស្វែងរក និងចាប់ខ្លួនជនសង្ស័យដែលកំពុងរត់គេច យកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់៕ រាយការណ៍ដោយ៖ ឈុន មករា



