
រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលេចឮដំណឹងថា ស្នងការរងខេត្តកំពតម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុចាប់ខ្លួន ពាក់ព័ន្ធការរត់ពន្ធថ្នាំញៀនប្រមាណជិតមួយតោន...។

យោងតាមប្រភពព័ត៌មានក្រៅផ្លូវការ ដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គម នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា កម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះឃាត់ខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់មួយរូប ឈ្មោះ ហួរ យ៉ៃ ដែលមានតួនាទីជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពត រួមទាំងបក្ខពួក១០នាក់ផ្សេងទៀត ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងសំណុំរឿងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ដែលមានបរិមាណសរុបជិត១តោន។

ជុំវិញព័ត៌មានបែកធ្លាយដ៏រសើបនេះ អង្គភាពសារព័ត៌មាន SBM News បានព្យាយាមសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត តាមប្រព័ន្ធទូរសព្ទ និងតេឡេក្រាមនៅរសៀលថ្ងៃដដែលនេះ ដោយលោកបញ្ជាក់ថា ពិតជាមានការឃាត់ខ្លួនស្នងការរងម្នាក់ដែរជាមន្ត្រីរបស់លោកប្រាកដមែន ហើយកន្លងមកស្នងការរងរូបនេះ គឺជាអតីតអធិការស្រុកព្រៃនប់ផងដែរ។ ជាមួយគ្នា លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទមធុរិទ្ធ បានសង្កត់ថា មន្ត្រី និងពលរដ្ឋ គឺមានសិទ្ធិស្មើគ្នា ចំពោះមុខច្បាប់ដោយគ្មានការលើកលែងឡើយ។ ដោយឡែក សម្រាប់ព័ត៌មានលម្អិតបន្ថែម លោកបានរុញសំណួររបស់ការីនិពន្ធយើងទៅកាន់ អ្នកនាំពាក្យកងរាជអាវុធហត្ថ ដែលជាម្ចាស់សំណុំរឿង នឹងចុះប្រតិបត្តិការផ្ទាល់ជាអ្នកឆ្លើយជំនួសវិញ។ យ៉ាងណា គិតត្រឹមម៉ោងចេញផ្សាយនេះ SBM News មិនទាន់អាចសុំការបំភ្លឺបន្ថែមពីមន្ត្រីនាំពាក្យកងរាជអាវុធខេត្តព្រះសីហនុបាននៅឡើយទេ៕




