
រាជធានីបាងកក៖ បាតុកម្មយុវជនជេនស៊ីហ្ស៊ី (Gen Z) ដ៏គួរឱ្យភ័យខ្លាច បានរាលដាលដល់ប្រទេសថៃហើយ។ ក្រុមអ្នកតវ៉ាវ័យក្មេងជំនាន់ជេនហ្ស៊ី បានលើកបដាបង្ហាញរូបសត្វកណ្តុរដែលមានគូសសញ្ញាពណ៌ក្រហមពីលើ អំឡុងពេលប្រមូលផ្តុំគ្នានៅក្បែរវិមានប្រជាធិបតេយ្យ ក្នុងរាជធានីបាងកក ចាប់តាំងពីល្ងាចថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។

បដាទាំងនោះ គឺជាការលេងពាក្យសំដៅទៅលើឈ្មោះហៅក្រៅរបស់លោកនាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរគុល (Anutin Charnvirakul) គឺ «នូ» (Nu/หนู) ដែលមានន័យថា «កណ្តុរ» នៅក្នុងភាសាថៃ។ សូមជម្រាបថា ពីដើមមក លោក អនុទីន មានឈ្មោះហៅក្រៅថា «កណ្តុរ»។ ក្នុងបាតុកម្មនេះ ក្រុមយុវជន មិនមែនគ្រាន់តែចង់ហៅឈ្មោះហៅក្រៅនេះជាលក្ខណៈធម្មតាដូចកន្លងមកនោះទេ តែពួកគេ ហាក់ដូចជាចង់ចំអកឱ្យលោក អនុទីន ថាជាសត្វកណ្តុរផងដែរ។ ជាមួយគ្នា មានអ្នកខ្លះ ស្រែកធ្វើសំឡេងឆ្មាថា «ម៉េវៗ» ដែលបង្ហាញន័យថា ពួកគេជាឆ្មា ដេញចាប់ ឬបណ្តេញលោក អនុទីន ជាសត្វកណ្តុរឱ្យចេញឆ្ងាយ ពោលគឺចេញពីតំណែងនាយករដ្ឋមន្រ្តី។

បាតុកម្មដែលរៀបចំឡើងដោយក្រុមសិស្ស-និស្សិត និងក្រុមយុវជននេះ ធ្វើឡើងដើម្បីទាមទារឱ្យមានកំណែទម្រង់វិស័យអប់រំ ការលើកកម្ពស់សិទ្ធិសិស្ស-និស្សិតឱ្យកាន់តែទូលំទូលាយ ព្រមទាំងការផ្លាស់ប្ដូរប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសថៃ។ សកម្មភាពតវ៉ានេះ ក៏ត្រូវបានគេមើលឃើញថាជាការដាស់ស្មារតីនៃ «ចលនាបាតុកម្មម្រាមដៃបី» ឱ្យរស់ឡើងវិញផងដែរ បន្ទាប់ពីចលនាដឹកនាំដោយនិស្សិតកាលពីឆ្នាំ២០២០ បានប្រើនិមិត្តសញ្ញាលើកម្រាមដៃបីនេះ ដើម្បីប្រឆាំងនឹងរបបផ្តាច់ការ និងទាមទារលទ្ធិប្រជាធិបតេយ្យ រួមទាំងការទាមទារកែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រ ដែលបណ្តាញយុវជនជំនាន់ថ្មីកំពុងបន្តវេនរបៀបវារៈនេះជាថ្មីម្ដងទៀត៕





