
រាជធានីឡុងដ៍៖ ចក្រភពអង់គ្លេស ឬព្រីតថេន ប្រកាសផ្តល់ដ្រូនវាយប្រហារចម្ងាយឆ្ងាយជាង១ពាន់គ្រឿងដល់អ៊ុយក្រែន ដើម្បីវាយប្រហាររោងចក្រផលិតសម្ភារយោធា និងគោលដៅយោធានៅខាងរុស្ស៊ី។ មិនមែនជាដ្រូនប្រយុទ្ធសាមញ្ញឡើយ! វាជាដ្រូនដ៏សាហាវ ដែលអាចហោះបានចម្ងាយលើសពី១ពាន់គីឡូម៉ែត្រ គឺដល់រដ្ឋធានីមូស្គូរបស់រុស្ស៊ី ហើយថែមទាំងមានផ្ទុកក្បាលគ្រាប់ធុនធ្ងន់ ឬគ្រាប់ដែលមានកម្លាំងបំផ្ទុះខ្លាំង។

សារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ដ្រូនទាំងនេះ គឺជាផ្នែកមួយនៃកញ្ចប់ជំនួយយោធាថ្មីមានតម្លៃ២៦០លានផោន ឬប្រមាណ៣៤០លានដុល្លារ ដែលព្រីតថេន រៀបចំផ្ដល់ជូនអ៊ុយក្រែន ដើម្បីពង្រឹងសមត្ថភាពការពារខ្លួនរបស់អ៊ុយក្រែន។ ការប្រកាសផ្តល់ជំនួយសព្វាវុធរបស់ព្រីតថេន ធ្វើឡើងក្នុងកិច្ចប្រជុំដ៏ធំមួយ ដែលមានថ្នាក់ដឹកនាំ និងតំណាងដល់ទៅ៣៦ប្រទេសចូលរួម នៅរដ្ឋធានីបែរឡាំង ប្រទេសអាល្លឺម៉ង់។ ប្រទេសទាំងនេះ គឺជាក្រុមសម្ព័ន្ធមិត្តគាំទ្រអ៊ុយក្រែន។

លោក អេនឌី ប៊ឺនហាំ (Andy Burnham) នាយករដ្ឋមន្ត្រីព្រីតថេន ថ្លែងយ៉ាងច្បាស់ថា៖«ព្រីតថេន នឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចទៅរួច ដើម្បីធានាថា អ៊ុយក្រែន អាចការពារខ្លួនពីការវាយប្រហាររបស់រុស្ស៊ី»។ ចំណែកលោក វេស ស្ទ្រីតធីង (Wes Streeting) រដ្ឋមន្ត្រីការពារជាតិព្រីតថេន អះអាងដូច្នេះថា៖«យើងសន្យា ផ្តល់ជំនួយបន្ថែមដល់អ៊ុយក្រែន ហើយយើងកំពុងអនុវត្តតាមការសន្យានេះ ដោយផ្តល់ដ្រូនវាយប្រហារចម្ងាយឆ្ងាយជាង១ពាន់គ្រឿង ដើម្បីពង្រឹងការការពារខ្លួនរបស់អ៊ុយក្រែន»។

ក្រៅពីដ្រូនវាយប្រហារ ព្រីតថេន ក៏នឹងផលិត និងផ្គត់ផ្គង់ដ្រូនសម្រាប់ប្រតិបត្តិការតាមសមុទ្ទ ដើម្បីជួយដឹកជញ្ជូនសម្ភារចាំបាច់ទៅកាន់កងទ័ពអ៊ុយក្រែននៅសមរភូមិជួរមុខ។ តួលេខពីរដ្ឋាភិបាលព្រីតថេន បង្ហាញថា ជំនួយដែលចក្រភពមួយនេះ បានផ្តល់ដល់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ី ផ្តើមធ្វើសង្គ្រាមនៅដើមឆ្នាំ២០២២មក មានទំហំសរុប ៣៥,៥ពាន់លានផោន ឬ៤៦,៥ពាន់លានដុល្លារហើយ មុននឹងរៀបចំកញ្ចប់ជំនួយថ្មីបន្ថែមនាពេលនេះ៕






