ឫសគល់ចម្បងនាំឱ្យមានអាពាហ៍ពិពាហ៍នៅវ័យក្មេង អាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់នៅជាប្ដីប្រពន្ធនៅវ័យក្មេង
K
Kimhuoy K.
•
2 ឆ្នាំមុន

រាជធានីភ្នំពេញ៖ ការសិក្សាបង្ហាញថាកត្តាជំរុញឱ្យមានអាពាហ៍ពិពាហ៍នៅវ័យក្មេង អាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់នៅជាប្ដីប្រពន្ធនៅវ័យក្មេង រួមមាន៖ ទីតាំងភូមិសាស្ត្រ សេដ្ឋកិច្ចរបស់គ្រួសារ ភាពក្រីក្រ វិសមភាពសេដ្ឋកិច្ចសង្គម ជាតិសាសន៍ សាសនា ការអប់រំ ការបោះបង់ការសិក្សា កង្វះចំណេះដឹង វិសមភាព យេនឌ័រ ការមានផ្ទៃពោះក្នុងវ័យជំទង់ បទដ្ឋានសង្គមនិងវប្បធម៌ កង្វះការអនុវត្តច្បាប់ និងឥទ្ធិពលនៃអ៊ីនធឺណិត និងបណ្តាញសង្គម។ 

របាយការណ៍ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារី​សហការជាមួយអង្គការភ្លែនអន្តរជាតិបានបង្ហាញថា កម្រិតអប់រំរបស់ម្តាយក៏ជាកត្តាមួយដ៏សំខាន់ព្រោះស្ត្រីដែលមានកម្រិតអប់រំត្រឹមមធ្យមសិក្សាបឋមភូមិ ប្រឈមមុខខ្ពស់ទៅនឹងនឹងការរៀបអាពាហ៍ពិពាហ៍មុនអាយុ១៨ឆ្នាំ។ វិសមភាពយេនឌ័រជាកត្តាបរិបទក្នុងសង្គមដែលមានការរើសអើងលើការកំណត់តួនាទីរបស់ក្មេងស្រី និងស្ត្រីនៅក្នុងគ្រួសារ និងសហគមន៍។ 

អ្វីដែលសំខាន់ជាងនេះទៅទៀត គឺការមានផ្ទៃពោះនៅវ័យជំទង់ដែលជាកត្តាជំរុញមួយផ្សេងទៀតនៃអាពាហ៍ពិពាហ៍នៅវ័យក្មេង អាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់នៅជាប្ដីប្រពន្ធនៅវ័យក្មេងដោយសារឪពុកម្តាយអាចជ្រើសរើសឱ្យកូនរៀបអាពាហ៍ពិពាហ៍ ព្រោះវាអាចបណ្តាលឱ្យខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់គ្រួសារ។ បន្ថែមពីនោះ បទដ្ឋានសង្គមនិងវប្បធម៌ដូចជាការអនុវត្តពីបុរាណ សកម្មភាពផ្លូវភេទក្នុងវ័យក្មេង ដែលបរិបទសង្គមអាចទទួលយកបាន និងសម្ពាធពីមិត្តភក្តិមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអាយុរៀបអាពាហ៍ពិពាហ៍របស់ក្មេងស្រី ជាពិសេសនៅតំបន់ជនបទ។ 

ស្របជាមួយគ្នានេះ ភាពក្រីក្រជាកាតាលីករដ៏សំខាន់មួយទៀតសម្រាប់ការរៀបការនៅវ័យក្មេង ព្រោះជារឿយៗគ្រួសារដាក់សម្ពាធលើក្មេងស្រីឱ្យរៀបអាពាហ៍ពិពាហ៍ដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុ។ ការមិនទទួលបានការអប់រំផ្លូវការ ជាពិសេសការអប់រំចំណេះទូទៅ សុខភាពបន្តពូជ សុខភាពផ្លូវភេទ និងការពន្យារកំណើត ជាកត្តាសំខាន់ដែល រួមចំណែកដល់ អាពាហ៍ពិពាហ៍នៅវ័យក្មេង អាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់នៅជាប្ដីប្រពន្ធនៅវ័យក្មេងជា ពិសេសនៅក្នុងសហគមន៍ដាច់ស្រយាល។ 

កង្វះការយល់ដឹងផ្នែកច្បាប់និងការអនុវត្តច្បាប់ប្រឆាំងនឹងអាពាហ៍ ពិពាហ៍នៅវ័យក្មេង អាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់នៅជាប្ដីប្រពន្ធនៅវ័យក្មេង មិនសូវមានប្រសិទ្ធភាពក៏ជាកត្តាមូលដ្ឋានមួយដែរ។ ជាចុងក្រោយវេទិកាទំនាក់ទំនងតាមអ៊ិនធឺណិត និងឌីជីថលអាចមានសក្តានុពលរួម ចំណែកយ៉ាងខ្លាំងទៅលើអាពាហ៍ពិពាហ៍នៅវ័យក្មេង ព្រោះនៅក្នុងប្រទេសកម្ពុជា យុវជនរស់នៅជនបទភាគច្រើនខ្វះចំណេះដឹងផ្នែកឌីជីថល និងជំនាញទំនាក់ទំនងតាមអ៊ិនធឺណិតផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត