ការស្រាវជ្រាវថ្មី៖ អាពាហ៍ពិពាហ៍នៅវ័យក្មេង និងការរៀបការដោយបង្ខំមានការថយចុះ ប៉ុន្តែនៅតែជាបញ្ហាធ្ងន់សម្រាប់កម្ពុជា
K
Kimhuoy K.
•
02 កក្កដា 2024 03:30 PM

រាជធានីភ្នំពេញ៖ លទ្ធផលរបាយការណ៍នៃការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា ចំនួននៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង, ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់នៅជាមួយគ្នាជាប្ដីប្រពន្ធនៅវ័យក្មេងនៅក្នុងប្រទេសកម្ពុជា មានការថយចុះ តែតំបន់ភូមិសាស្ត្រមួយចំនួនអត្រាប្រេវ៉ាឡង់នៃការរៀបអាពាហ៍ពិពាហ៍មុនអាយុ១៨ឆ្នាំនៅតែខ្ពស់នៅឡើយ ដែលវាជាបញ្ហាធ្ងន់ធ្ងរសម្រាប់កម្ពុជា...។

លទ្ធផលនៃការសិក្សាថ្មីៗនេះបង្ហាញថា ភាគរយដ៏ច្រើននៃស្ត្រីចំនួន១៤,៤៤ភាគរយបានរៀបអាពាហ៍ពិពាហ៍នៅអាយុ១៨ឆ្នាំ ខណៈ៥០,១៥ភាគរយ នៃអ្នកឆ្លើយតបបានរៀបអាពាហ៍ពិពាហ៍នៅអាយុ១៨ឆ្នាំឡើងទៅ។ ចំពោះបុរសវិញ មានត្រឹមតែ០,២២ភាគរយប៉ុណ្ណោះ ដែលបានរៀបអាពាហ៍ពិពាហ៍មុនពេលឈានដល់អាយុ១៥ឆ្នាំ ហើយសមាមាត្រនៃបុរសរៀបអាពាហ៍ពិពាហ៍មុនអាយុ១៨ឆ្នាំ ដែលខ្ពស់ជាងនេះមានចំនួន០,២២ភាគរយ បានរៀបអាពាហ៍ពិពាហ៍នៅអាយុចាប់ពី១៥ ដល់១៨ឆ្នាំ។ បុរសប្រមាណជា៦១,៤១ភាគរយ បានរៀបអាពាហ៍ពិពាហ៍នៅអាយុ ១៨ឆ្នាំ។

ក្នុងចំណោមខេត្តទាំង៩ ដែលបានពិនិត្យក្នុងការសិក្សានេះ ខេត្តរតនគិរី បង្ហាញពីប្រេវ៉ាឡង់ខ្ពស់បំផុតនៃស្ត្រីបានរៀបអាពាហ៍ពិពាហ៍មុនអាយុ១៨ឆ្នាំ គឺមានអត្រា៣៧,៣ភាគរយ។ ខេត្តព្រះវិហារបង្ហាញពីកម្រិតខ្ពស់បំផុតទីពីរ ជាមួយនឹងអត្រា ១៦,៧ភាគរយ។ ខេត្តស្ទឹងត្រែង មានចំណាត់ថ្នាក់លេខ៣ មានអត្រា១៤,៧ភាគរយ។ ខេត្តកំពតជាប់ចំណាត់ថ្នាក់លេខ៤ មានអត្រា១៤ភាគរយ។ ខេត្តសៀមរាប ជាប់ចំណាត់ថ្នាក់លេខ៥ មានអត្រា១២ភាគរយ។ ព្រៃវែងបានជាប់ចំណាត់ថ្នាក់លេខ៦ មានអត្រា១០,៧ភាគរយ។ ក្រុងព្រះសីហនុ ស្ថិតនៅលំដាប់ទី៧ មានអត្រា៩,៣ភាគរយ។ បាត់ដំបងមានចំណាត់ថ្នាក់លេខ៨ មានអត្រា៨ភាគរយ។ យោងតាមស្ថានភាពចុះបញ្ជីអាពាហ៍ពិពាហ៍របស់ពួកគេ មានអ្នកឆ្លើយតបសម្ភាសភាគច្រើន៦៦,៩៧ភាគរយរាយការណ៍ថា ពួកគេមិនបានធ្វើការចុះបញ្ជីរៀបអាពាហ៍ពិពាហ៍ទៅតាមដំណើរការផ្លូវច្បាប់នោះទេ។

ផ្ទុយមកវិញ មានអ្នកឆ្លើយតបតែ៣២,៨ភាគរយប៉ុណ្ណោះ ដែលបានចុះបញ្ជីអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់។ អ្នកចូលរួម០,២៣ភាគរយ បានបង្ហាញពីលក្ខខណ្ឌនៃភាពមិនច្បាស់លាស់ ឬខ្វះការយល់ដឹងពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់នេះ។ គួរបញ្ជាក់ថា ការសិក្សាស្រាវជ្រាវស្តីពី «ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង អាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់នៅជាមួយគ្នាជាប្ដីប្រពន្ធនៅវ័យក្មេង» នេះត្រូវបានរៀបចំឡើងដោយក្រសួងកិច្ចការនារី​ សហការជាមួយអង្គការភ្លែនអន្តរជាតិ។ របាយការណ៍សិក្សាស្រាវនេះ នឹងក្លាយជាឯកសារមូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាពជាតិមួយច្បាស់លាស់ ក្នុងការដោះស្រាយបញ្ហាការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់នៅជាមួយគ្នាជាប្ដីប្រពន្ធវ័យក្មេង នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត