របាយការណ៍៖ ឪពុកម្តាយយល់ថាអាពាហ៍ពិពាហ៍នៅវ័យក្មេងជាវិធានការសំខាន់ ដើម្បីការពារភាពថ្លៃថ្នូរគ្រួសារ ជៀសវាងកូនមានផ្ទៃពោះមុនរៀបការ
K
Kimhuoy K.
•
08 កក្កដា 2024 04:30 PM

រាជធានីភ្នំពេញ៖ ក្នុងទិដ្ឋភាពទូទៅនៃសង្គមកម្ពុជា ការរៀបការនៅក្នុងវ័យក្មេងអាចចាត់ទុកថា ជាបទដ្ឋានវប្បធម៌ និងប្រពៃណីជាក់លាក់មួយ ដែលអនុវត្តនៅក្នុងអាពាហ៍ពិពាហ៍។ ស្របជាមួយគ្នានេះ គ្រួសារជារឿយៗយល់ថា អាពាហ៍ពិពាហ៍នៅវ័យក្មេងជាវិធានការសំខាន់មួយ ដើម្បីការពារសេចក្តីថ្លៃថ្នូរគ្រួសារ និងលើកតម្កើងប្រពៃណីវប្បធម៌ ដោយជៀសវាងទុកឱ្យកូនស្រីមានផ្ទៃពោះមុនពេលរៀបអាពាហ៍ពិពាហ៍។

យោងតាមឯកសាររបស់អ្នកស្រី ត្រឹង ងា (ឆ្នាំ១៩៧៤) បានឱ្យដឹងថា ស្ត្រីត្រូវបានគេរំពឹងថា មានវប្បធម៌ក្នុងការប្រកាន់ខ្ជាប់នូវបទដ្ឋាន និងទំនៀមទម្លាប់ដែលបានបង្កើតឡើងក្នុងសង្គមកម្ពុជា។ ហេតុដូច្នេះ ក្មេងស្រីជនជាតិខ្មែរអនុលោមទៅតាមវប្បធម៌ និងប្រពៃណីក្នុងស្រុក។ ទន្ទឹមក៏មានការរំពឹងទុកផងដែរថា កុមារនឹងត្រូវបង្ហាញការដឹងគុណទៅកាន់ឪពុកម្តាយរបស់ពួកគេ ហើយរបៀបមួយដែលអាចបំពេញនូវកាតព្វកិច្ចនេះបាន គឺការយល់ព្រមរៀបអាពាហ៍ពិពាហ៍។ យោងតាមរបាយការណ៍នៃការសិក្សាស្រាវជ្រាវស្តីពីអាពាហ៍ពិពាហ៍នៅវ័យក្មេង អាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់នៅជាប្ដីប្រពន្ធនៅវ័យក្មេង បានបង្ហាញថា អាពាហ៍ពិពាហ៍នៅវ័យក្មេង ភាគច្រើនបានទទួលរងឥទ្ធិពលពីបទដ្ឋានសង្គម និងវប្បធម៌ដែលមានស្រាប់។ ដំណើរការនៃការរៀបចំពិធីអាពាហ៍ពិពាហ៍ក្នុងប្រទេសកម្ពុជាតាមបែបប្រពៃណី ជាទូទៅត្រូវមានការចូលរួមចម្បងពីឪពុកម្តាយទាំងសងខាងនៃបុគ្គលដែលត្រូវរៀបអាពាហ៍ពិពាហ៍។ ម្យ៉ាងទៀត ការសម្រេចចិត្តរបស់ឪពុកម្តាយទៅលើរបៀបរៀបចំពិធី គឺដាក់គំនាបទៅលើការសម្រេចចិត្តរបស់ពួកគេ ដើម្បីធានានូវសុខុមាលភាពសង្គម និងសេដ្ឋកិច្ចនៃគ្រួសារទាំងសងខាង ដែលជាញឹកញាប់ត្រូវធ្វើឡើងមុនពេលពួកគេឈានដល់អាយុពេញវ័យ។

ដោយឡែក ការមានផ្ទៃពោះនៅវ័យជំទង់ ក៏ជាកត្តាជំរុញមួយនៃអាពាហ៍ពិពាហ៍នៅវ័យក្មេង អាពាហ៍ពិពាហ៍ដោយបង្ខំ និងការរួមរស់ជាប្ដីប្រពន្ធនៅវ័យក្មេង។ ដោយរបកគំហើញនៃការសិក្សានេះ បង្ហាញថា ក្មេងជំទង់ជាញឹកញាប់ជាប់ពាក់ព័ន្ធទៅនឹងការរៀបអាពាហ៍ពិពាហ៍ ឬរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ ដោយសារតែរមានផ្ទៃពោះឥតព្រៀងទុក បានកើតឡើងតាំងពីនៅវ័យក្មេង។ នៅពេលក្មេងស្រីមានផ្ទៃពោះ ឪពុកម្តាយរបស់នាងអាចជ្រើសរើសឱ្យនាងរៀបអាពាហ៍ពិពាហ៍ ព្រោះការមានផ្ទៃពោះមុនពេលរៀបអាពាហ៍ពិពាហ៍ និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់គ្រួសារ។ នៅក្នុងករណីបែបនេះ ក្មេងស្រីវ័យជំទង់មិនមានជម្រើសអ្វីច្រើនទេ ប៉ុន្តែអាចជ្រើសរើសរៀប អាពាហ៍ពិពាហ៍បន្ទាប់ពីការមានផ្ទៃពោះរបស់នាង ត្រូវបានបែកធ្លាយ។ ខណៈពេលដែលជម្រើសចុងក្រោយអាចនឹងមិនមែនជាជ្រើសរើសដែលពេញចិត្ត នៅតែចាត់ទុកថាអាចទទួលយកបាននៅក្នុងបរិបទសង្គម។ ចុងក្រោយគួរឱ្យកត់សម្គាល់ថា ជាវប្បធម៌យូរលង់ណាស់មកហើយនៅក្នុងសង្គមកម្ពុជា ដែលមានការមិនពេញចិត្តចំពោះកុមារកើតពីឪពុកម្តាយមិនទាន់រៀបអាពាហ៍ពិពាហ៍។ អាស្រ័យហេតុនេះ ក្នុងករណីដែលក្មេងស្រីជំទង់មានផ្ទៃពោះ ពួកគេត្រូវបានបង្ខំឱ្យរៀបអាពាហ៍ពិពាហ៍ជាមួយដៃគូ ដែលជាបុរស៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត