
ទីក្រុងឡាអេ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ តុលាការអចិន្ត្រៃយ៍នៃមជ្ឈត្តការ (PCA) បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា គណៈកម្មការផ្សះផ្សាក្នុងនីតិវិធីផ្សះផ្សារដោយចាប់បង្ខំរវាងព្រះរាជាណាចក្រទាំពីរ កម្ពុជា-ថៃ ក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្ទ នឹងរៀបចំកិច្ចប្រជុំជាមួយភាគីទាំង២ នៅរាជធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែល ដោយឈរលើលទ្ធផលនៃការផ្លាស់ប្ដូរយោបល់ប្រកបដោយផ្លែផ្កាក្នុងកិច្ចប្រជុំកន្លងមក គណៈកម្មការ និងភាគីទាំង២ នឹងបន្តជំរុញកិច្ចពិភាក្សាលើការកំណត់ព្រំដែនសមុទ្ទរវាងរដ្ឋទាំង២ ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើទិដ្ឋភាពបច្ចេកទេស។ ក្រៅពីនេះ កិច្ចប្រជុំដែលនឹងប្រព្រឹត្តទៅជាសម្ងាត់ នៅរាជធានីគូឡាឡាំពួរនេះ ក៏នឹងផ្តល់ជាឱកាសក្នុងការស្វែងរកចំណុចប្រសព្វនៃការយល់ដឹង និងការព្រមព្រៀងបន្ថែមទៀតផងដែរ។

គួររំលឹកផងដែរថា នីតិវិធីផ្សះផ្សាដោយចាប់បង្ខំនេះត្រូវបានផ្តួចផ្តើមឡើងដោយព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ តាមរយៈ «លិខិតជូនដំណឹងស្តីពីការផ្តើមនីតិវិធីផ្សះផ្សាក្រោមមាត្រា ១១ នៃឧបសម្ព័ន្ធទី ៥» ដែលផ្ញើជូនព្រះរាជាណាចក្រថៃ អនុលោមតាមមាត្រា២៩៨ និងឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា។ ក្រោយមក នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ព្រះរាជាណាចក្រថៃ ក៏បានដាក់ជូននូវ«ការឆ្លើយតបរបស់ភាគីថៃ ចំពោះលិខិតជូនដំណឹងស្តីពីការផ្សះផ្សាដោយចាប់បង្ខំ»។

ចំពោះសមាសភាពនៃគណៈកម្មការផ្សះផ្សាទាំង៥រូប រួមមាន៖ លោកស្រី កាទ្រីណា ឃូភើ (Katrina Cooper) ជនជាតិអូស្ត្រាលី ជាប្រធាន រួមជាមួយសមាជិក៤រូបទៀតគឺ លោក ភីទ័រ តាក់សូ ជេនសិន (Peter Taksøe-Jensen) ជនជាតិដាណឺម៉ាក, លោក ហ្សង់ ម៉ាក ធូវេនីន (Jean-Marc Thouvenin) ជនជាតិបារាំង, លោក អាល់ប៊ឺត ហូហ្វម៉ែន ( Albert Hoffmann) ជនជាតិអាហ្វ្រិកខាងត្បូង, និងលោក រូឌីហ្គើរ វ៉ុលហ្វ្រូម (Rüdiger Wolfrum) ជនជាតិអាល្លឺម៉ង់។ កន្លងមក គណៈកម្មការបានបើកកិច្ចប្រជុំជាមួយភាគីទាំង២ ចំនួន២លើករួចមកហើយ គឺលើកទីមួយនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ និងលើកទីពីរនៅទីក្រុងឡាអេ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនោះភាគីទាំង២ បានសម្រេចជាស្ថាពរនូវវិធានការកសាងទំនុកចិត្តមួយចំនួន។ ក្នុងនីតិវិធីនេះ តុលាការអចិន្ត្រៃយ៍នៃមជ្ឈត្តការដើរតួនាទីជាលេខាធិការដ្ឋាន ដោយមានការព្រមព្រៀងពីភាគីទាំង២។

គួរបញ្ជាក់ថា តុលាការអចិន្ត្រៃយ៍នៃមជ្ឈត្តការ (PCA) គឺជាអង្គការអន្តររដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងដោយអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៨៩៩ ស្តីពីការដោះស្រាយវិវាទអន្តរជាតិដោយសន្តិវិធី និងមានទីស្នាក់ការកណ្តាលនៅវិមានសន្តិភាព ក្នុងទីក្រុងឡាអេ ប្រទេសហូឡង់។ បច្ចុប្បន្ន PCA មានភាគីហត្ថលេខីចំនួន ១២៩ និងកំពុងគ្រប់គ្រងសំណុំរឿងដោះស្រាយវិវាទអន្តរជាតិជាច្រើន៕




