
រាជធានីបាងកក៖ ក្រុមយុវជននៅប្រទេសថៃ កំពុងរៀបចំបាតុកម្មទ្រង់ទ្រាយធំក្នុងរាជធានីបាងកក នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីបង្ហាញការមិនពេញចិត្តចំពោះនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី អនុទីន ឆាន់វីរគុល (Anutin Charnvirakul)។ រដ្ឋមន្ត្រីអប់រំ បានសន្យាថា នឹងការពារសិទ្ធិសិស្សនិស្សិតក្នុងការចូលរួមបាតុកម្មដោយសន្តិវិធី។

សារព័ត៌មាន ខាវសត ចុះផ្សាយថា ចលនាយុវជនពីរក្រុម គឺ Politika Run Club និង Studem Network បានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដើម្បីបំផុសបំផុលយុវជនគ្នាឯង និងប្រជាជនទូទៅ ដែលមិនពេញចិត្តនឹងស្ថានភាពនយោបាយបច្ចុប្បន្ន ឱ្យចូលរួមធ្វើសកម្មភាពរបស់ពួកគេ។ ក្រុម Politika Run Club កំណត់ឱ្យអ្នកចូលរួមជួបជុំគ្នានៅសួន រ៉ូមម៉ានីណាត (Rommaninat Park) នៅម៉ោង២កន្លះរសៀល មុនពេលចាប់ផ្តើមដើរឆ្ពោះទៅវិមានប្រជាធិបតេយ្យ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ ហើយក៏ជាសញ្ញាដែលអាចធ្វើឱ្យរាជរដ្ឋាភិបាលថៃ ត្រជាក់ចុងដៃចុងជើងដែរនោះ គឺរូបភាពផ្សព្វផ្សាយរបស់ក្រុមនេះ បង្ហាញពីការលើកម្រាមដៃបីនៅក្បែរវិមានប្រជាធិបតេយ្យ។ រូបលើកម្រាមដៃបី ជានិមិត្តសញ្ញាដែលធ្លាប់លេចឡើង និងត្រូវបានប្រើប្រាស់យ៉ាងផុលផុសពេញទឹកពេញដី ក្នុងចលនាមហាបាតុកម្មដឹកនាំដោយយុវជន ប្រឆាំងនឹងរាជរដ្ឋាភិបាលក្នុងជំនាន់អតីតនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា (Prayut Chan-ocha)។

អ្វីជាចលនាលើកម្រាមដៃបី? គឺជាចលនាដែលគួរឱ្យភ័យចខ្លាច និងពិបាកទប់ទល់ សម្រាប់រាជរដ្ឋាភិបាល។ មេដឹកនាំថៃ តែងជួបការលំបាក និងសម្ពាធ ពេលចលនានេះផ្ទុះឡើង។ ចលនាលើកម្រាមដៃបី គឺជាកាយវិការតវ៉ា ដែលអ្នកចូលរួមលាតម្រាមចង្អុល ម្រាមកណ្តាល និងម្រាមនាង ដើម្បីបង្ហាញពីការប្រឆាំងនឹងអំណាចផ្តាច់ការ ហើយទាមទារសេរីភាព ប្រជាធិបតេយ្យ និងសិទ្ធិរបស់ប្រជាពលរដ្ឋ។

សូមរម្លឹកថយក្រោយបន្តិច! នៅឆ្នាំ២០១៤ បន្ទាប់ពីយោធាថៃ ក្រោមការដឹកនាំរបស់លោក ប្រាយុទ្ធ បានធ្វើរដ្ឋប្រហារដណ្តើមអំណាច ក្រុមអ្នកតវ៉ា ក៏ចេញមកធ្វើមហាបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារនេះ។ ពួកគេ បានប្រើចលនាលើកម្រាមដៃបី ដើម្បីបង្ហាញការមិនពេញចិត្តចំពោះការគ្រប់គ្រងរបស់យោធា។ រហូតមកដល់ឆ្នាំ២០២០ ចលនាលើកម្រាមដៃបីរបស់យុវជន និងប្រជាជន បានផ្ទុះឡើងម្ដងទៀត និងកាន់តែទូលំទំលាយរហូតផុលផុសនៅទូទាំងប្រទេស ដើម្បីទាមទារឱ្យធ្វើកំណែទម្រង់នយោបាយ និងប្រជាធិបតេយ្យនៅថៃ។

នៅឆ្នាំ២០២០ គឺជាដំណាក់កាលដែលចលនាម្រាមដៃបី មានឥទ្ធិពល និងកក្រើកខ្លាំង បំផុតនៅថៃ។ កាលនោះ ក្រុមនិស្សិត និងយុវជន បានដឹកនាំធ្វើបាតុកម្មយ៉ាងគគ្រឹកគគ្រេងក្នុងរាជធានីបាងកក និងតាមខេត្តជាច្រើន ដើម្បីទាមទារឱ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែងនាយករដ្ឋមន្ត្រី។ ថ្វីបើ ពួកគេ មិនអាចទម្លាក់លោក ប្រាយុទ្ធ ចេញពីតំណែង តែពួកគេបានបង្កើតសម្ពោធដ៏ធំដល់លោក ប្រាយុទ្ធ និងរាជរដ្ឋាភិបាល។ ក្រៅពីនេះ ពួកគេ ថែមទាំងទាមទារឱ្យរៀបចំរដ្ឋធម្មនុញ្ញថ្មី ដែលអាចមានលក្ខណៈប្រជាធិបតេយ្យជាងមុន បញ្ឈប់ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញលើអ្នករិះគន់។

ក្រោយមក ក្រុមបាតុករ បានធ្វើរឿងកាន់តែធំដែលមិនធ្លាប់មាននរណា ឬក្រុមណា ហ៊ានធ្វើ គឺឈានទៅដល់ការទាមទារឱ្យធ្វើកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រ ដែលជាបញ្ហារសើបខ្លាំងនៅក្នុងសង្គមថៃ ខណៈរាជរដ្ឋាភិបាលនាពេលនោះ រងសម្ពាធដូចភ្នំសង្កត់ពីលើ។ ព្រោះតែស្ថានភាពធ្ងន់ធ្ងរពេក នៅចុងឆ្នាំ២០២០ រាជរដ្ឋាភិបាលថៃ ក៏សម្រេចដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីទប់ស្កាត់បាតុកម្ម ប៉ុន្តែ នៅតែមិនបានបញ្ឈប់ចលនាដ៏ខ្លាំងក្លានេះបាន។

ដោយសារស្ថានការនយោបាយមិននឹងន ហើយសេដ្ឋកិច្ចក៏ធ្លាក់ចុះខ្លាំង ដល់ថ្នាក់ប្តូរឈ្មោះពីខ្លាសេដ្ឋកិច្ច មកជាអ្នកជំងឺអាស៊ី ក្រុមយុវជនថៃ ក៏ទ្រាំលែងបាន ហើយក៏សម្រេចចិត្តបបួលគ្នាយកចលនាលើកម្រាមដៃបីនេះមកប្រើ ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលខ្លួនសាជាថ្មី នៅចុងឆ្នាំ២០២៦នេះ។ ក្រៅពីក្រុម Politika Run Club ដែលត្រៀមធ្វើចលនាលើកម្រាមដៃបី នៅមានក្រុមយុវជនដ៏ធំមួយទៀត គឺក្រុម Studem Network ក៏បានផ្សព្វផ្សាយពីគម្រោងធ្វើបាតុកម្មរបស់ខ្លួនដែរ។ ក្រុម Studem Network បានប្រកាសក្នុងសេចក្តីថ្លែងការណ៍ថា «ប្រទេសថៃកំពុងជួបបញ្ហា» ហើយរិះគន់ខ្លាំងៗចំពោះការប្រមូលផ្តុំអំណាចនយោបាយ នៅក្នុងដៃក្រុមមួយចំនួន និងស្ថាប័នដែលមិនផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទូទៅ ចូលរួមក្នុងដំណើរការនយោបាយ។

ក្រុមទាំងពីរ មានសកម្មភាពខុសគ្នា ប៉ុន្តែសុទ្ធតែមានគោលបំណងប្រមូលផ្តុំអ្នកដែលមិនពេញចិត្តនឹងរាជរដ្ឋាភិបាល និងស្ថានភាពនយោបាយបច្ចុប្បន្ន។ លោក អនុទីន ដែលជាប្រមុខដឹកនាំរាជរដ្ឋាភិបាល គឺជាផ្ទាំងស៊ីបមុខគេ របស់ក្រុមយុវជនក្នុងចលនាប្រឆាំងដ៏រសើបនេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចថៃ ធ្លាក់ចុះ បន្តធ្លាក់ចុះបន្ថែមទៀត ចាប់តាំងពីបង្កសង្គ្រាមលើកម្ពុជា នៅឆ្នាំ២០២៥។ លើសពីនេះ ថៃ ជួបបញ្ហាសង្គមជាច្រើន ដូចជា គ្រឿងញៀន អំពើឆបោកបានអនឡាញ ខ្វះការងារធ្វើ ប្រាក់ខែមិនឡើង ទំនិញឡើងថ្លៃ ។ល។

កន្លងមក ប្រជាជនថៃ ក៏ធ្លាប់ធ្វើបាតុកម្មប្រឆាំងដែរ ដើម្បីជំរុញឱ្យរាជរដ្ឋាភិបាលដោះស្រាយបញ្ហាទាំងនេះ។ ក៏ប៉ុន្តែ រាជរដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោក អនុទីន ដូចជាមិនបានដោះស្រាយចេញនោះទេ ហើយបញ្ហាទាំងនេះ ហាក់មិនទាន់ធូរស្រាលឡើយ។ ចាំមើលមើល៍ ថាតើលោកនាយករដ្ឋមន្រ្តីមិនសូវបានសាច់ការរូបនេះ អាចទប់ទល់នឹងចលនាលើកម្រាមដៃបីរបស់ក្រុមយុវជន និងនិស្សិតដែលមានឈាមពុះកញ្ជ្រោលដែរឬទេ ក៏ត្រូវខ្ទាតចេញពីតំណែង?

រដ្ឋមន្ត្រីអប់រំថៃ លោក ប្រាសឺត ចាន់ត្រារឿងថង (Prasert Chantraruangthong) ប្រកាសថា ក្រសួងអប់រំ គោរពសិទ្ធិសិស្សក្នុងការបញ្ចេញមតិ និងការចូលរួមបាតុកម្មដោយសន្តិវិធី។ លោក បានប្រាប់ដល់សាលារៀន និងស្ថាប័នអប់រំទូទាំងប្រទេស មិនត្រូវដាក់ទណ្ឌកម្ម ដាក់សម្ពាធ គំរាមកំហែង ឬដកហូតសិទ្ធិសិស្ស ដោយសារពួកគេចូលរួមបាតុកម្មដោយសន្តិវិធីនោះទេ។ លោក ប្រាសឺត លើកឡើងថា ក្រសួងអប់រំ បានសហការជាមួយសមត្ថកិច្ច រដ្ឋបាលរាជធានីបាងកក និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាសុវត្ថិភាពដល់អ្នកចូលរួម និងសម្រួលដល់ការធ្វើសកម្មភាពរបស់ពួកគេ។ ក្រសួង ក៏បានត្រៀមទទួលយកសំណើពីក្រុមសិស្សនិស្សិត ដែលបានប្រមូលមតិយោបល់ពីសិស្សនៅទូទាំងប្រទេសផងដែរ៕








