
រដ្ឋធានីប៉េកាំង៖ ថ្វីបើមានការគំរាមកំហែងដ៏ខ្លាំងក្លាពីមហាយក្សចិន និងទំនាក់ទំនងការទូតធ្លាក់ចុះ រវាងរដ្ឋាភិបាលរាជធានីតូក្យូ និងរដ្ឋធានីប៉េកាំង យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណេអេ តាកៃឈី (Sanae Takaichi) បានថ្លែង កាលពីថ្ងៃព្រហស្បតិ៍ នៅក្រៅកិច្ចប្រជុំកំពូលនៃក្រុមមេដឹកនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ APEC នៅទីក្រុងសិនជិន (Shenzhen) ប្រទេសចិន ថា ប្រទេសជប៉ុន បន្តប្រកាន់ខ្ជាប់នូវគោលជំហរនយោបាយការបរទេសរបស់ខ្លួន ចំពោះតៃវ៉ាន់ ដូចអ្វីដែលរដ្ឋាភិបាលរាជធានីតូក្យ បានកំណត់ទុក តាំងពីឆ្នាំ១៩៧២ រហូតមក។ នេះបើតាមសារព័ត៌មាន Taiwan News ចេញផ្សាយនៅថ្ងៃសុក្រទី២០ ខែវិច្ឆិកា...។

ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រី តាកៃឈី បានបញ្ជាក់ជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ជប៉ុន ចំពោះ«សេចក្តីថ្លែងការណ៍រួម រវាងជប៉ុន និងចិន ឆ្នាំ១៩៧២» ដែលជាឯកសារបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។ លោកស្រី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖«មិនមានការផ្លាស់ប្ដូរណាមួយ ចំពោះគោលជំហរនយោបាយការបរទេសរបស់ខ្លួននោះឡើយ»។ បើតាមសេចក្តីថ្លែងការណ៍រួមនោះ ជប៉ុនបានទទួលស្គាល់រដ្ឋាភិបាលរដ្ឋធានីប៉េកាំង ថា ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិន ហើយថែមទាំងបានបញ្ជាក់ថា រាជធានីតូក្យូ «យល់ព្រម និងគោរព» តាមការអះអាងរបស់ចិន លើតៃវ៉ាន់។ ទោះជាយ៉ាងនេះក្ដី ក្រសួងការបរទេសជប៉ុន បានលើកឡើងថា ចាប់តាំងពីពេលនោះមក រាជធានីតូក្យូ នៅតែរក្សាទំនាក់ទំនងមិនផ្លូវការ ជាមួយទីក្រុងតៃប៉ិ ខណៈបន្តអំពាវនាវឱ្យមានស្ថិរភាព នៅទូទាំងច្រកសមុទ្ទតៃវ៉ាន់។

ទំនាក់ទំនងការទូត រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចកំពូលទាំង២ នៃទ្វីបអាស៊ីនេះ បានធ្លាក់ចុះ ក្រោយពេលលោកស្រីនាយករដ្ឋមន្រ្ដី តាកៃឈី ថ្លែងជាសាធារណៈ ទៅកាន់សភាជប៉ុន កាលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា សកម្មភាពយោធាណាមួយរបស់ចិន ប្រឆាំងនឹងតៃវ៉ាន់ អាចចាត់ទុកថា ជា«ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត» របស់ប្រទេសជប៉ុន ហើយអាចអនុញ្ញាតឱ្យរាជធានីតូក្យូ ឆ្លើយតបដោយកម្លាំងយោធា ស្របតាមច្បាប់សន្តិសុខរបស់ខ្លួន។ ការលើកឡើងរបស់លោកស្រីនាយករដ្ឋមន្រ្ដី នាំឱ្យមានប្រតិកម្មដ៏ខ្លាំងក្លាពីរដ្ឋធានីប៉េកាំង ហើយចិនបានទាមទារឱ្យលោកស្រី ដកសម្តីនោះចោលវិញ ជាមួយនឹងការព្រមាន អំពីផលវិបាកដែលអាចកើតមាន ចំពោះទំនាក់ទំនងទ្វេភាគី រវាងចិន និងជប៉ុន។

ថ្វីបើរដ្ឋាភិបាលរដ្ឋធានីប៉េកាំង បានប្រតិកម្ម និងគំរាមកំហែងដ៏ខ្លាំងក្លាយ៉ាងណាក្ដី លោកស្រីនាយករដ្ឋមន្រ្ដី តាកៃឈី បានអះអាងថា សម្តីរបស់លោកស្រី គឺស្របនឹងគោលនយោបាយសន្តិសុខដែលមានស្រាប់របស់ជប៉ុន ហើយមិនមែនជាសញ្ញា នៃការប្រែប្រួលគោលជំហររបស់ជប៉ុនឡើយ។ ប៉ុន្ដែបើតាមសារព័ត៌មាន The Japan Times បានផ្សាយថា ក្រោមច្បាប់របស់ជប៉ុន ការវាយប្រហារទៅលើប្រទេសមួយផ្សេងទៀត អាចជាហេតុផល សម្រាប់ការចាត់វិធានការយោធា ប្រសិនបើវាជាការគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ជប៉ុន ប៉ុន្តែការឆ្លើយតបណាមួយ នឹងអាស្រ័យលើកាលៈទេសៈជាក់ស្តែងផងដែរ។

នាយករដ្ឋមន្ត្រីមុនៗរបស់ជប៉ុន ក៏ធ្លាប់បានសង្កត់ធ្ងន់លើសារសំខាន់ នៃសន្តិសុខរបស់តៃវ៉ាន់ផងដែរ ទោះជាមានភាពខុសគ្នា ក្នុងឆន្ទៈរបស់ពួកគេ នៅក្នុងការពិភាក្សាអំពីអន្តរាគមន៍យោធាយ៉ាងណាក៏ដោយ។ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គឺរុ អ៊ីស៊ីបា (Shigeru Ishiba) កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រាប់មេដឹកនាំចិន លោក ស៊ី ជិនពីង (Xi Jinping) ថា ប្រទេសជប៉ុន កំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវសកម្មភាពយោធារបស់ចិន នៅជុំវិញកោះតៃវ៉ាន់។ បើតាមក្រសួងការបរទេសជប៉ុន បានឱ្យដឹងថា លោក អ៊ីស៊ីបា ក៏បានសង្កត់ធ្ងន់ផងដែរ អំពីសារសំខាន់នៃសន្តិភាព និងស្ថិរភាព នៅទូទាំងច្រកសមុទ្ទតៃវ៉ាន់ សម្រាប់ប្រទេសជប៉ុន និងសហគមន៍។ លោក អ៊ីស៊ីបា បានបញ្ជាក់ជាថ្មីនូវគោលជំហររបស់រាជធានីតូក្យូ ពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ស្របតាមសេចក្តីថ្លែងការណ៍រួមឆ្នាំ១៩៧២។

អតីតនាយករដ្ឋមន្ត្រី អាបេ ហ្ស៊ីនហ្សូ (Abe Shinzo) ក៏បានព្រមាន កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ដែរថា ការវាយប្រហាររបស់ចិន មកលើកោះតៃវ៉ាន់ នឹងបង្កការគំរាមកំហែងដល់ប្រទេសជប៉ុន ក៏ដូចជាសម្ព័ន្ធមិត្តសន្តិសុខ រវាងជប៉ុន និងសហរដ្ឋអាម៉េរិក។ ស្របគ្នានោះដែរ ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters ក៏បានដកស្រង់សម្តីរបស់លោក អាបេ យកមកចុះផ្សាយថា៖«ភាពអាសន្ននៅតៃវ៉ាន់ គឺជាភាពអាសន្ន សម្រាប់ជប៉ុន ហើយក៏ជាភាពអាសន្នរបស់សម្ព័ន្ធមិត្តជប៉ុន-អាម៉េរិកផងដែរ»៕



