
រាជធានីភ្នំពេញ៖ អែលនីញ៉ូ ជាបាតុភូតអាកាសធាតុធម្មជាតិមួយ កើតឡើងដោយសារសីតុណ្ហភាពផ្ទៃសមុទ្ទប៉ាស៊ីហ្វិក កើនឡើងក្ដៅជាងធម្មតា។ បាតុភូតនេះ បង្កឱ្យមានការប្រែប្រួលរបបទឹកភ្លៀង និងសីតុណ្ហភាពនៅទូទាំងពិភពលោក បណ្ដាលឱ្យតំបន់ខ្លះជួបវិបត្តិគ្រោះរាំងស្ងួត និងការកើនឡើងកម្ដៅខ្លាំង ខណៈតំបន់ខ្លះ អាចនឹងជួបប្រទះការធ្លាក់ភ្លៀងយ៉ាងគំហុក និងគ្រោះទឹកជំនន់...។

ការប្រែប្រួលអាកាសធាតុដ៏ធ្ងន់ធ្ងរនេះ អាចប៉ះពាល់យ៉ាងខ្លាំងដល់ប្រភពទឹក ស្បៀងអាហារ ជីវភាពរស់នៅ និងសេវាចាំបាច់នានា។ លើសពីនេះ អាចធ្វើឱ្យខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់បង្កបង្កើនផល ដែលបង្កើតសម្ពាធលើប្រាក់ចំណូលគ្រួសារ ព្រមទាំងបង្កការរំខានដល់ការសិក្សា និងសេវាសុខាភិបាល។ ក្រសួងបរិស្ថាន បានស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ និងការពារប្រភពទឹកដូចជា បឹង ស្ទឹង ព្រែក ទន្លេ និងតំបន់ដីសើម ពីការបំពុល ការចាក់បំពេញ ការបង្ហូរទឹកចេញ និងការប្រើប្រាស់ហួសកម្រិត។ អាជ្ញាធរមូលដ្ឋាន ត្រូវតាមដានបរិមាណ និងគុណភាពទឹក ដោយគិតគូរទាំងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងការរក្សាទឹកសម្រាប់ប្រព័ន្ធអេកូឡូស៊ី។ លើសពីនេះ តាមដានសត្វព្រៃ ជាពិសេស ប្រភេទងាយរងគ្រោះ និងការពារប្រភពទឹក ព្រៃកោងកាង ស្មៅសមុទ្ទ ផ្កាថ្ម និងជម្រកសំខាន់ៗ។

ត្រូវយកចិត្តទុកដាក់ចំពោះការប្រែប្រួលសីតុណ្ហភាពទឹកសមុទ្ទ និងផ្កាថ្មប្រែពណ៌ ព្រមទាំងកាត់បន្ថយការបំពុល និងការបំផ្លាញជម្រក។ សង្គ្រោះ ឬផ្លាស់ទីសត្វព្រៃ ត្រូវស្ថិតក្រោមការណែនាំរបស់អ្នកជំនាញ និងធានាសុវត្ថិភាពសត្វ និងប្រជាពលរដ្ឋ។ អាជ្ញាធរត្រូវកំណត់តំបន់ប្រឈមនឹងកង្វះទឹក ភ្លើងឆេះព្រៃ និងការខូចខាតជម្រក រួចរៀបចំផែនការឆ្លើយតប ដោយបញ្ជាក់អាទិភាព អ្នកទទួលខុសត្រូវ ឧបករណ៍ ធនធាន និងមធ្យោបាយទំនាក់ទំនង។ ពង្រឹងការល្បាត និងការជូនដំណឹងជាមុន ព្រមទាំងទប់ស្កាត់ការដុតដែលបង្កហានិភ័យ ដោយអនុវត្តវិធានការបង្ការ។ កំណត់មន្ត្រីទទួលបន្ទុក និងបណ្តាញទំនាក់ទំនង ដើម្បីផ្ទៀងផ្ទាត់ និងបញ្ជូនព័ត៌មានបន្ទាន់។ នៅពេលមានភ្លើងឆេះព្រៃ កង្វះទឹកធ្ងន់ធ្ងរ ការស្លាប់សត្វខុសប្រក្រតី ឬហេតុការណ៍បរិស្ថានផ្សេងទៀត ត្រូវរាយការណ៍មកស្ថាប័នជំនាញភ្លាមៗ ដោយបញ្ជាក់ទីតាំង ពេលវេលា ទំហំផលប៉ះពាល់ និងតម្រូវការអន្តរាគមន៍៕





