អាកាសធាតុប្រែប្រួលបង្កមកពីបាតុភូតអែលនីញ៉ូ នឹងធ្វើឱ្យកុមារកម្ពុជាដល់ទៅ១,៣លាននាក់ ប្រឈមនឹងហានិភ័យជាច្រើន
S
Sreyleak Yith
•
16 ម៉ោងមុន

រាជធានីភ្នំពេញ៖ ការព្យាករ រកឃើញថា នៅឆ្នាំ២០២៦-២០២៧ បាតុភូតអែលនីញ៉ូ នឹងមានឥទ្ធិពលយ៉ាងខ្លាំងជាងឆ្នាំមុន។ នេះបើយោងតាមការផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុករបស់អង្គការយូនីសេហ្វប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៣តុលា។

អង្គការយូនីសេហ្វ បានគូសបញ្ជាក់ថា បាតុភូតអែលនីញ៉ូ ជាបាតុភូតអាកាសធាតុធម្មជាតិ មួយដែលកើតឡើងដោយសារសីតុណ្ហភាពផ្ទៃសមុទ្រប៉ាស៊ីហ្វិកកើនឡើងក្តៅជាងធម្មតា។ បាតុភូតនេះ បង្កឱ្យមានការប្រែប្រួលរបបទឹកភ្លៀង និងសីតុណ្ហភាពនៅទូទាំងពិភពលោក ដែលបណ្តាលឱ្យតំបន់ខ្លះជួបវិបត្តិគ្រោះរាំងស្ងួត និងការកើនឡើងកម្ដៅខ្លាំង។ តែតំបន់ខ្លះទៀត អាចនឹងជួបប្រទះការធ្លាក់ភ្លៀងយ៉ាងគំហុក និងគ្រោះទឹកជំនន់។ ការប្រែប្រួលអាកាសធាតុដ៏ធ្ងន់ធ្ងរទាំងនេះ អាចប៉ះពាល់យ៉ាងខ្លាំងដល់ប្រភពទឹក ស្បៀងអាហារ ជីវភាពរស់នៅ និងសេវាចាំបាច់នានា ដែលកុមារត្រូវការពឹងផ្អែកជាប្រចាំ។ លើសពីនេះ អាចធ្វើឱ្យខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ និងទឹកសម្រាប់បង្កបង្កើនផល ដែលបង្កើតសម្ពាធលើប្រាក់ចំណូលគ្រួសារ ព្រមទាំងបង្កការរំខានដល់ការសិក្សា និងសេវាសុខាភិបាល។

តាមការវាយតម្លៃចុងក្រោយ បង្ហាញថា សាលារៀនជាង៣ពាន់ខ្នង និងមណ្ឌលសុខភាពជាង៤០០កន្លែង កំពុងស្ថិតក្នុងហានិភ័យនៃការរងគ្រោះដោយគ្រោះធម្មជាតិរួមមាន គ្រោះរាំងស្ងួតធ្ងន់ធ្ងរ ទឹកជំនន់។ មួយវិញទៀត បាតុភូតអែលនីញ៉ូ នឹងបង្កឱ្យកុមារជាង៣៤៧លាននាក់នៅតាមបណ្តាប្រទេសជិត១០០ ទូទាំងពិភពលោក ប្រឈមមុខនឹងស្ថានភាពធាតុអាកាសស្ងួតហួតហែង ឬសើមខុសពីធម្មតា។ ក្នុងនោះ កុមារប្រមាណ១,៣លាននាក់នៅកម្ពុជា ក៏អាចប្រឈមនឹងហានិភ័យបម្រែបម្រួលអាកាសធាតុនេះដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត