
រដ្ឋធានីប៉េកាំង៖ ស្របពេលមន្រ្ដីយោធាកំពូលសហរដ្ឋអាម៉េរិក កំពុងជំរុញឱ្យរដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន លក់គ្រឿងសព្វាវុធ មានតម្លៃរាប់ពាន់លានដុល្លារ ដល់ទីក្រុងតៃប៉ិ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់ដល់សមភាគីចិន លោក ស៊ី ជិនពីង អំពីការមិនគាំទ្រដល់ឯករាជភាពរបស់តៃវ៉ាន់ឡើយ ប៉ុន្ដែរដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត នៅប្រកាន់ខ្ជាប់ អំពីការប្រឆាំងនឹងការផ្លាស់ប្ដូរស្ថានការណ៍បច្ចុប្បន្ន ជាឯកតោភាគី។

សារព័ត៌មាន Japan Today បានចេញផ្សាយនៅព្រឹកថ្ងៃសុក្រទី២០ ខែវិច្ឆិកានេះថា ពាក្យមួយឃ្លាបានចេញមកពីរដ្ឋធានីប៉េកាំង កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងប្រទេសជប៉ុន នៅយប់នេះ គឺប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រាប់សមភាគីចិន លោក ស៊ី ជិនពីង អំពីការមិនគាំទ្រដល់ឯករាជភាពរបស់កោះតៃវ៉ាន់ ប៉ុន្ដែលោកប្រធានាធិបតី មិនបានអះអាង អំពីការមិនលក់គ្រឿងសព្វាវុធដល់ដែនកោះគ្រប់គ្រងដោយខ្លួនឯង តាមបែបប្រជាធិបតេយ្យនោះទេ។

ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋចិន ស៊ីនហួរ (Xinhua) បានរាយការណ៍ថា នៅក្នុងជំនួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅទីក្រុងស៊ិនជិន កាលពីថ្ងៃព្រហស្បតិ៍នោះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាម៉េរិក «មិនគាំទ្រដល់ឯករាជភាពរបស់តៃវ៉ាន់ឡើយ»។ បើតាមប្រភពដដែលនេះ លោក ស៊ី ជិនពីង ក៏បានជំរុញឱ្យរដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន បន្តធ្វើនូវ«អ្វីដែលត្រឹមត្រូវ» ពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ ហើយចៀសវាងកុំឱ្យមានភាពរង្គោះរង្គើធ្ងន់ធ្ងរ នៅក្នុងទំនាក់ទំនង រវាងចិន និងសហរដ្ឋអាម៉េរិក។ ស្របគ្នានេះដែរ គេជឿថា លោកប្រធានាធិបតី ស៊ី ក៏បានស្នើឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ កុំអនុម័តនូវការលក់អាវុធជាថ្មី ទៅកាន់កោះតៃវ៉ាន់។

ទោះជាយ៉ាងណា នៅក្នុងជំនួបរវាងមេដឹកនាំ នៃប្រទេសមហាអំណាចសេដ្ឋកិច្ចកំពូលទាំង២របស់ពិភពលោកនេះ មានចំណុចគួរប្រុងប្រយ័ត្នចំនួន២ ទាក់ទងនឹងការលើកឡើងបែបនេះ។ ចំណុចទីមួយ ព័ត៌មាននេះ កើតឡើងតែពីភាគីចិន តែមួយជ្រុងប៉ុណ្ណោះ ខណៈសេតវិមាន នៅមិនទាន់បានចេញសេចក្ដីថ្លែងការណ៍ណាមួយ ដោយផ្ទាល់ខ្លួន អំពីជំនួបនេះនៅឡើយទេ។ រីឯចំណុចទីពីរ ឃ្លានេះ គឺជាជំហរយូរអង្វែងរបស់សហរដ្ឋអាម៉េរិក ដែលរដ្ឋការនៃប្រធានាធិបតីសហរដ្ឋអាម៉េរិក ជាច្រើនអាណត្តិមកហើយ បានលើកឡើងជាដដែលៗ។ ចំណែកឯរដ្ឋាភិបាលរដ្ឋធានីប៉េកាំង ធ្លាប់ជំរុញឱ្យរដ្ឋធានីវ៉ាស៊ីនតោន ឈានមួយជំហានផ្សេងទៀត ដោយស្នើឱ្យប្រើពាក្យថា «ប្រឆាំង» នឹងឯករាជភាពរបស់តៃវ៉ាន់ ប៉ុន្តែលោកប្រធានាធិបតី ដូណាល់ ត្រាំ មិនដែលប្រើប្រាស់ពាក្យនេះ ជាសាធារណៈនោះឡើយ។

នៅមុនជំនួប រវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង កាលពីថ្ងៃព្រហស្បតិ៍ អតីតមេបញ្ជាការ នៃបញ្ជាការដ្ឋានកងទ័ពតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លោក ហ្វីលីព ដេវីដសុន (Philip Davidson) ឧត្តមនាវីឯកចូលនិវត្តន៍របស់សហរដ្ឋអាម៉េរិក បានកោតសរសើរ ចំពោះកំណែទម្រង់វិស័យការពារជាតិរបស់កោះតៃវ៉ាន់ ដោយរួមទាំងការបន្តរយៈពេល នៃកាតព្វកិច្ចយោធា និងការពង្រឹងការត្រៀមខ្លួននៅទូទាំងប្រទេស។ ទន្ទឹមគ្នា អតីតមេបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាម៉េរិករូបនេះ ក៏បានជំរុញឱ្យរដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន ពន្លឿនការលក់គ្រឿងសព្វាវុធ មានតម្លៃ១៤ពាន់លានដុល្លារអាម៉េរិក ទៅឱ្យកោះតៃវ៉ាន់ ព្រមទាំងបានព្រមានអំពីសង្គ្រាមព័ត៌មានរបស់ប្រទេសចិន។ លោកឧត្ដមនាវីឯក ក៏បានសម្ដែងក្ដីសង្ឃឹមថា ការព្រមានរបស់លោក ដែលថា អាចនឹងមានជម្លោះកើតឡើង នៅច្រកសមុទ្ទតៃវ៉ាន់ នៅត្រឹមឆ្នាំ២០២៧ នឹងក្លាយជាការព្រមាន មិនត្រឹមត្រូវទៅចុះ៕




