ហ្វីលីពីន ចរចាទិញអាវុ.ធធុនធ្ងន់៣ប្រភេទពីឥណ្ឌា!
ហៀប ស៊ីថេត
•
3 ម៉ោងមុន

រដ្ឋធានីម៉ានីល៖ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានចុះផ្សាយថា ប្រទេសហ្វីលីពីន កំពុងស្ថិតក្នុងកិច្ចពិភាក្សាយ៉ាងសកម្មជាមួយឥណ្ឌា ដើម្បីបញ្ជាទិញប្រព័ន្ធមីស៊ីលប្រឆាំងនាវាបាញ់ចេញពីដីគោក BrahMos បន្ថែមរហូតដល់៦ឈុត។ ទន្ទឹមនេះ រដ្ឋធានីម៉ានីលក៏បានបង្ហាញចំណាប់អារម្មណ៍លើប្រព័ន្ធការពារដែនអាកាស Akash និងប្រព័ន្ធកាំភ្លើងធំបាញ់គ្រាប់រ៉ុក្កែតច្រើនកាណុង Pinaka ផងដែរ។

ហ្វីលីពីន បានស្នើឱ្យឥណ្ឌាកែសម្រួលប្រព័ន្ធចល័តរបស់មីស៊ីល BrahMos ឱ្យស្របតាមស្ថានភាពភូមិសាស្ត្រជាប្រជុំកោះ។ លើសពីនេះ ហ្វីលីពីន ក៏បានស្នើសុំសិក្សាពីលទ្ធភាពបំពាក់មីស៊ីលនេះលើនាវាចម្បាំងរបស់ខ្លួន ដែលភាគច្រើនប្រើប្រាស់បច្ចេកវិទ្យារបស់លោកខាងលិច និងកូរ៉េខាងត្បូង ហើយភាគីក្រុមហ៊ុន BrahMos បានបញ្ជាក់ថា នឹងអាចអនុវត្តការងារនេះបាន។ តម្រូវការនេះ ទំនងជាគម្រោងរួមគ្នារវាងកងទ័ពជើងគោក និងកងម៉ារីនហ្វីលីពីន ក្រោមផែនការទំនើបកម្ម Re-Horizon 3។

ឥណ្ឌា ក៏បានផ្ដល់ជូនម៉ូដែលប្រព័ន្ធការពារដែនអាកាស Akash Prime ដែលអាចបាញ់បានរយៈចម្ងាយ៣០គីឡូម៉ែត្រ និង Akash NG ដែលអាចបាញ់បាន ៨០គីឡូម៉ែត្រ។ ទោះជាយ៉ាងណា ប្រព័ន្ធនេះ ត្រូវប្រឈមមុខនឹងគូប្រជែងខ្លាំងៗមកពីជប៉ុន កូរ៉េខាងត្បូង អាល្លឺម៉ង់ តួគីយ៉េ សហរដ្ឋអាម៉េរិក និងបេឡារុស។ លើសពីនេះ ប្រព័ន្ធ Pinaka ដែលអាចបាញ់បានទាំងគ្រាប់រ៉ុក្កែតធម្មតា និងគ្រាប់រ៉ុក្កែតនាំផ្លូវ នឹងត្រូវប្រកួតប្រជែងជាមួយ M142 HIMARS របស់អាម៉េរិក និង K239 Chunmoo របស់កូរ៉េខាងត្បូង។ ចំណុចខ្លាំងរបស់ Pinaka គឺមានតម្លៃថោក និងជួយឱ្យហ្វីលីពីន កាត់បន្ថយការពឹងផ្អែកខ្លាំងពេកលើកូរ៉េខាងត្បូង ដែលកំពុងមមាញឹកខ្លាំងក្នុងការផលិតគ្រាប់ផ្គត់ផ្គង់ឱ្យអតិថិជនបរទេសផ្សេងទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត