
រដ្ឋធានីម៉ានីល៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រាប់សមភាគីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀរ (Ferdinand Marcos Jr) នៅថ្ងៃពុធទី១៨ ខែវិច្ឆិកានេះថា រដ្ឋធានីវ៉ាស៊ីនតោន កំពុងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិជាមួយសម្ព័ន្ធមិត្ត ក្នុងសន្ធិសញ្ញារបស់ខ្លួន ហើយក៏អាចធ្វើការជាមួយរដ្ឋធានីម៉ានីល លើគម្រោងថាមពលនុយក្លេអ៊ែរស៊ីវិលដ៏សំខាន់មួយផងដែរ...។

មុនពេលចេញដំណើរហោះទៅកាន់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC លោក ត្រាំ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរដ្ឋធានីម៉ានីល បានថ្លែងថា រដ្ឋធានីវ៉ាស៊ីនតោន បានបង្កើនការគាំទ្រផ្នែកយោធាសម្រាប់ប្រទេសហ្វីលីពីន និងបានអនុម័តការលក់អាវុធដែលមានតម្លៃជាង៥ពាន់លានដុល្លារអាម៉េរិក។ លោក ត្រាំ បានបន្តថា កិច្ចសហប្រតិបត្តិការលើគម្រោងថាមពលនុយក្លេអ៊ែរស៊ីវិលដ៏មានសក្តានុពលរបស់ហ្វីលីពីន អាចពង្រឹងចំណងមិត្តភាពរវាងសម្ព័ន្ធមិត្តទាំង២ ឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត។ លោក ត្រាំ បានសង្កត់ធ្ងន់ថា៖«ការដែលហ្វីលីពីនទទួលយកបច្ចេកវិទ្យារបស់អាម៉េរិក នៅក្នុងគម្រោងនុយក្លេអ៊ែរទំនើបដំបូងរបស់ខ្លួន នឹងបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងដ៏សំខាន់នេះ ហើយយើងប្រហែលជានឹងធ្វើកិច្ចការដ៏ធំមួយ ពាក់ព័ន្ធនឹងវិស័យនុយក្លេអ៊ែរ»។

លោក ត្រាំ បន្ថែមថា ប្រទេសហ្វីលីពីន ក៏អាចក្លាយជាដៃគូនៅក្នុងគម្រោងនាំចេញឧស្ម័នធម្មជាតិនៅរដ្ឋអាឡាស្កា (Alaska) ដែលបានគ្រោងទុកផងដែរ ខណៈប្រទេសទាំង២ កំពុងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការថាមពលឱ្យកាន់តែស៊ីជម្រៅ។ លោក ត្រាំ បន្តថា៖«ហ្វីលីពីននឹងក្លាយជាដៃគូដ៏សក្តិសមបំផុត នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។ យើងកំពុងធ្វើការលើរឿងនោះហើយ»។ លើសពីនេះ លោក ត្រាំ ក៏បានលើកឡើងផងដែរ ថា លោកមិនមានការព្រួយបារម្ភចំពោះស្ថានការណ៍ នៅសមុទ្ទចិនខាងត្បូងដែលកំពុងមានជម្លោះនោះទេ ហើយបានអះអាងថា សម្ព័ន្ធភាពរវាងសហរដ្ឋអាម៉េរិក និងហ្វីលីពីន មានភាពល្អប្រសើរមិនធ្លាប់មានពីមុនមក។«ខ្ញុំមិនព្រួយបារម្ភទាល់តែសោះ។ បញ្ហានោះនឹងត្រូវបានដោះស្រាយ» នេះជាសម្តីដ៏មុតស្រួចខ្ជាក់ទម្លាក់ចេញពីក្រអូមមាត់ ចៅហ្វាយសេតវិមាន៕






