
ទីក្រុងឡាអេ៖ តុលាការយុត្ដិធម៌អន្ដរជាតិ (ICJ) មានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូល្លង់ នឹងបានប្រកាសសាលក្រមដ៏សំខាន់មួយ ពាក់ព័ន្ធនឹងប្រទេសភូមា ឬមីយ៉ាន់ម៉ា ក្រោមការចោទប្រកាន់ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិភាគតិច មូស្លីមរ៉ូហ៊ីងយ៉ា...។

បណ្ដាញទូរទស្សន៍របស់អង់គ្លេស BBC បានចេញផ្សាយនៅរសៀលថ្ងៃព្រហស្បតិ៍ទី១៩ ខែវិច្ឆិកានេះថា ចៅក្រមនៃតុលាការទីក្រុងឡាអេ (The Hague) នឹងចាប់ផ្តើមប្រកាសសាលក្រម នៅម៉ោង៩ម៉ោងសកល(GMT) ឬប្រហែលជាម៉ោង៤ល្ងាច ម៉ោងនៅក្នុងប្រទេសកម្ពុជា។ ប្រទេសហ្គាំប៊ៀ (Gambia) បានលើកយកសំណុំរឿងអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងមនុស្សជាតិលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ទៅកាត់ក្ដី នៅក្នុងតុលាការកំពូលរបស់អង្គការសហប្រជាជាតិ «ICJ» បានកើតឡើង ក្រោយមានការបង្ក្រាបយ៉ាងព្រៃផ្សៃ ដោយពួកយោធាភូមា កាលពីឆ្នាំ២០១៧ ដោយបានសម្លាប់យ៉ាងរង្គាលលើជនជាតិមូស្លីមរ៉ូហ៊ីងយ៉ារាប់ពាន់នាក់។ សកម្មភាពបង្ក្រាបយ៉ាងឃោរឃៅរបស់ពួកយោធាភូមា បានបង្ខំឱ្យជនជាតិភាគតិចមួយនេះ ប្រហែលជាង ៧សែននាក់ រត់ភៀសខ្លួនចេញពីប្រទេសភូមា ដែលមានប្រជាជនភាគច្រើនកាន់សាសនាព្រះពុទ្ធ ហើយនាំគ្នារត់ទៅជ្រកកោននៅក្នុងប្រទេសបង់ក្លាដែស ដែលជាប្រទេសជិតខាងភូមា។

យ៉ាងណា ពួកយោធាភូមា បានបដិសេធនូវការចោទប្រកាន់ ពីបទប្រល័យពូជសាសន៍ប្រឆាំងនឹងមនុស្សជាតិ នៅក្នុងសំណុំរឿងនេះ ដែលបានប្តឹងទៅកាន់តុលាការកំពូលរបស់អង្គការសហប្រជាជាតិ ICJ ដោយប្រទេសហ្គាំប៊ៀ(Gambia)។ រដ្ឋាភិបាលភូមា បានអះអាងថា កងកម្លាំងរបស់ខ្លួន គ្រាន់តែឆ្លើយតបទៅនឹងការវាយប្រហារ ពីក្រុមប្រដាប់អាវុធមូស្លីមរ៉ូហ៊ីងយ៉ាតែប៉ុណ្ណោះ។ សាលក្រមរបស់តុលាការយុត្ដិធម៌អន្ដរជាតិមួយនេះ កំពុងត្រូវបានពិភពលោកតាមដានយ៉ាងយកចិត្តទុកដាក់ ដើម្បីមើលថា តើសាលក្រមនេះ នឹងជះឥទ្ធិពលអ្វីខ្លះ ដល់សំណុំរឿងប្រល័យពូជសាសន៍ប្រឆាំងនឹងមនុស្សជាតិផ្សេងទៀត រួមទាំងសំណុំរឿង ដែលប្រទេសអាហ្វ្រិកខាងត្បូង បានប្តឹងទៅតុលាការនេះ ប្រឆាំងនឹងប្រទេសអ៊ីស្រាអែល ពាក់ព័ន្ធនឹងសង្គ្រាមនៅតំបន់ហ្កាហ្សា (Gaza) នៃដែនដីរបស់ជនជាតិប៉ាឡេស្ទីន។ ទោះជាយ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញមានរដ្ឋណាមួយ ត្រូវបានតុលាការអន្តរជាតិមួយនេះ រកឃើញថា មានកំហុសពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅឡើយ៕







