
រដ្ឋធានីប៉េកាំង៖ នាយករដ្ឋមន្ដ្រីថៃ អនុទីន ឆានវីរគុល (อนุทิน ชาญวีรกุล) បានជួបចរចាទ្វេភាគី ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ដោយស្វែងរកការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសថៃ និងសហភាពសេដ្ឋកិច្ចតំបន់អឺរ៉ាស៊ី(c) ខណៈកំពុងពង្រីកកិច្ចសហប្រតិបត្ដិការ នៅក្នុងការវិនិយោគ ថាមពល និងទេសចរណ៍...។

សារព័ត៌មានរបស់ថៃខាវសដ បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១៩ ខែវិច្ឆិកានេះថា លោក ឯកភព ភឿភិសេស (เอกภพ เพียรพิเศษ) អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ បានបញ្ជាក់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ជំនួប រវាងនាយករដ្ឋមន្រ្ដីថៃ និងប្រធានាធិបតីរុស្ស៊ី កើតឡើងនៅខាងក្រៅកិច្ចប្រជុំកំពូលនៃក្រុមមេដឹកនាំ APEC លើកទី៣៣ នៅក្នុងទីក្រុងស៊ិនជិន (Shenzhen) ប្រទេសចិន។ លោកនាយករដ្ឋមន្រ្ដី អនុទីន បានរីករាយនឹងឱកាសជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ជាថ្មី ក្រោយការចូលរួមរបស់មេដឹកនាំទាំង២ នៅក្នុងកិច្ចប្រជុំកំពូលរម្លឹកខួបអាស៊ាន-រុស្ស៊ី នៅក្នុងទីក្រុងកាន់ហ្សាន់ (Kazan) ប្រទេសរុស្ស៊ី កាលពីខែមិថុនា កន្លងទៅ។ លោក អនុទីន និងលោក ពូទី ក៏បានពិភាក្សា អំពីការត្រៀមរៀបចំ សម្រាប់ខួបលើកទី១៣០ នៃទំនាក់ទំនងការទូត រវាងប្រទេសថៃ និងប្រទេសរុស្ស៊ី នៅឆ្នាំ២០២៧ រួមទាំងសកម្មភាពវប្បធម៌នានា ដោយមានគោលបំណងពង្រឹងទំនាក់ទំនង រវាងប្រជាជន នៃប្រទេសទាំងពីរ។

អនុទីន បានលើកឡើងអំពីវេទិកាវិនិយោគទី២ រវាងថៃ-រុស្ស៊ី ឆ្នាំ២០២៦ (RTIF) បានធ្វើឡើងកាលពីខែតុលា ដោយកិច្ចសហប្រតិបត្ដិការរវាងបណ្ដាក្រុមហ៊ុនឯកជន និងសភាពាណិជ្ជកម្មជាតិ បានបង្កើតឱកាសវិនិយោគ មានទំហំទឹកប្រាក់ ជាង៤,៦ពាន់លានដុល្លារអាម៉េរិក។ ប៉ុន្ដែបើតាមរាជរដ្ឋាភិបាលថៃ បានឲ្យដឹងថា អនុទីន និងលោក ពូទីន បានព្រមព្រៀងគ្នាលើកកម្ពស់កិច្ចសហប្រតិបត្ដិការលើវិស័យថាមពល ប្រកបដោយនិរន្តរភាព រួមទាំងគម្រោងត្រីភាគី ដែលមានសក្តានុពល ពាក់ព័ន្ធនឹងប្រទេសទី៣។ ក្រៅពីនេះ មេដឹកនាំទាំង២ ក៏បានពិភាក្សាគ្នាអំពីម៉ាស៊ីនរេអាក់ទ័រម៉ូឌុលខ្នាតតូច (SMR) និងការបង្កើតបច្ចេកវិទ្យានុយក្លេអ៊ែរផងដែរ។ ទន្ទឹមគ្នា មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ក៏បានបង្ហាញ អំពីការត្រៀមខ្លួនរបស់រុស្ស៊ី នៅក្នុងការបន្តផ្គត់ផ្គង់ប្រេង ឧស្ម័នធម្មជាតិ និងឧស្ម័នធម្មជាតិរាវ (LNG) ដល់ប្រទេសថៃ ដើម្បីគាំទ្រដល់សន្តិសុខថាមពលរបស់ប្រទេសអាស៊ានមួយនេះ។

បន្ថែមលើនេះ ប្រទេសថៃ ក៏បានស្នើឱ្យរុស្ស៊ី ពិចារណាលើការផ្គត់ផ្គង់ជីកសិកម្មផងដែរ។ ទោះជាយ៉ាងណា ប្រទេសថៃ និងរុស្ស៊ី មិនទាន់មានការប្រកាស អំពីកិច្ចព្រមព្រៀងជាក់លាក់ណាមួយ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់ថាមពល ការប្តេជ្ញាចិត្តវិនិយោគ ឬកិច្ចព្រមព្រៀង សម្រាប់ការអភិវឌ្ឍម៉ាស៊ីនរ៉េអាក់ទ័រម៉ូឌុលខ្នាតតូច (SMR) ឡើយ។ ដោយឡែក ការធ្វើពាណិជ្ជកម្មរវាងប្រទេសថៃ និងរុស្ស៊ី មានសន្ទុះថ្មីមួយ នៅចុងឆ្នាំ២០២៦ ដោយការធ្វើពាណិជ្ជកម្មទ្វេភាគី មានទំហំទឹកប្រាក់ប្រហែល១,៧២ ទៅ១,៧៦ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៥ ដោយកើនឡើង២៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ និងឈានដល់១,៥៥ពាន់លានដុល្លារ នៅក្នុងរយៈពេល៨ខែដំបូង នៃឆ្នាំ២០២៦៕




