
តំបន់មជ្ឈិមបូព៌ា៖ កងទ័ពសហរដ្ឋអាម៉េរិក កំពុងស្វែងរកក្រុមហ៊ុនម៉ៅការ សាងសង់លេណដ្ឋនធ្វើពីបេតុង-ដែកដ៏រឹងមាំ ចំនួន១៧កន្លែង នៅតាមតំបន់នានា ស្ថិតក្នុងប្រទេសលីបង់ អារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល។ សកម្មភាពនេះ មានបំណងពង្រឹងសុវត្ថិភាពដល់បុគ្គលិកយោធា និងកងទ័ពរបស់ខ្លួន ចំពេលការគំរាមកំហែងដោយមីស៊ីល និងយន្តហោះដ្រូនរបស់អ៊ីរ៉ង់ កំពុងតែបន្ដ...។

បណ្ដាញទូរទស្សន៍របស់អារ៉ាប៊ីសាអូឌីត Al Arabiya News បានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ ខែវិច្ឆិកានេះថា បើតាមសេចក្ដីណែនាំរបស់កងទ័ពសហរដ្ឋអាម៉េរិក បានឱ្យដឹងថា ដោយសារតម្រូវការកើនឡើង សម្រាប់ការការពារដល់កងកម្លាំងរបស់ខ្លួននៅក្នុងតំបន់ ទើបមានតម្រូវការយ៉ាងបន្ទាន់ និងជាអាទិភាពខ្ពស់ នៅក្នុងការជំនួសលេណដ្ឋានការពារបុគ្គលិក ដែលមិនមានស្ដង់ដារ ដូចជា៖ ទីជម្រកកែច្នៃពីកុងតឺន័រដឹកទំនិញ ជាដើម។ ប៉ុន្ដែលេណដ្ឋានថ្មី ដែលនឹងត្រូវយកមកជំនួសវិញ គឺធ្វើបេតុង-ដែកដ៏រឹងមាំ ប្រកបដោយស្ដង់ដារត្រឹមត្រូវ សម្រាប់ការពារទប់ទល់នឹងការវាយប្រហារដោយអាវុធបាញ់ផ្លោងធុនធ្ងន់។ បើតាមសេចក្ដីណែនាំ ដែលបានចុះផ្សាយ នៅលើគេហទំព័រ SAM.gov កាលពីសប្តាហ៍មុន បានឱ្យដឹងថា ផែនការនេះ តម្រូវឱ្យមានការសាងសង់លេណដ្ឋានក្រោមដី ចំនួន១០កន្លែង ស្ថិតក្នុងប្រទេសអ៊ីស្រាអែល ៥កន្លែងទៀត នៅទីតាំង២ផ្សេងគ្នា ស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និង២កន្លែងទៀត នៅទីតាំងដាច់ដោយឡែកពីគ្នា ស្ថិតក្នុងប្រទេសលីបង់។

ទោះជាយ៉ាងណា ទីតាំងយោធាដ៏ជាក់លាក់ និងកូអរដោណេ នៃទីតាំងទាំងនោះ មិនត្រូវបង្ហាញឱ្យដឹងឡើយ។ តម្រូវការបន្ទាន់លើលេណដ្ឋានរបស់កងទ័ពសហរដ្ឋអាម៉េរិក កើតឡើងបន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់ ពីភាគីអ៊ីរ៉ង់ ទៅលើមូលដ្ឋានយោធារបស់សហរដ្ឋអាម៉េរិក នៅក្នុងអំឡុងជម្លោះដ៏តានតឹងជាមួយគ្នា។ ប៉ុន្ដែហេតុការណ៍ដ៏សាហាវបំផុតមួយ បានកើតឡើងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ខណៈដ្រូនរបស់អ៊ីរ៉ង់ បានវាយប្រហារទៅលើទីតាំងយោធាមួយកន្លែង ស្ថិតក្នុងប្រទេសគុយវ៉ែត បានបណ្ដាលឱ្យទាហានបម្រុងអាម៉េរិក៦នាក់ស្លាប់ នៅក្នុងមជ្ឈមណ្ឌលប្រតិបត្តិការបណ្តោះអាសន្នមួយកន្លែង។ លេណដ្ឋានថ្មីទាំងនេះ នឹងត្រូវសាងសង់ឡើងដោយប្រើប្រាស់បេតុង-ដែករឹងមាំ ចាក់ពុម្ពរួចជាស្រេច និងមានទ្វារដែកធន់ មានរបាំងពង្រឹងនៅជុំវិញច្រកចូល និងមានការពារបន្ថែមដោយប្រើបាវខ្សាច់ គ្របពីលើដំបូល និងជញ្ជាំងពីខាងក្រៅ។

សេចក្តីណែនាំទាំងនេះ បញ្ជាក់ថា តម្រូវការបែបនេះ ជារឿងបន្ទាន់ និងមានអាទិភាពខ្ពស់ ដោយសង្កត់ធ្ងន់លើការចាំបាច់នៅក្នុងការការពារបុគ្គលិកអាម៉េរិក ដែលកំពុងបំពេញប្រតិបត្តិការ នៅក្នុងតំបន់មានភាពអរិភាព នៅទូទាំងតំបន់មជ្ឈិមបូព៌ា ដែលស្ថិតក្រោមការទទួលខុសត្រូវ ពីទីបញ្ជាការកណ្ដាលសហរដ្ឋអាម៉េរិក(CENTCOM)៕







