
រាជធានីតូក្យូ៖ លោក ហាជីមេ ម៉ូរីយ៉ាស៊ូ (Hajime Moriyasu) គ្រូបង្វឹកកាន់តំណែងយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិជប៉ុន បានចាកចេញពីតំណែងជាផ្លូវការហើយ បន្ទាប់ពីរជ្ជកាលដឹកនាំរយៈពេល៨ឆ្នាំរបស់លោក ត្រូវបានបិទបញ្ចប់ ដោយបន្សល់ទុកនូវកេរដំណែលចម្រុះពណ៌ រវាងជ័យជម្នះជាប្រវត្តិសាស្ត្រ និងការខកខានលើកពានរង្វាន់ធំៗ...។

អំឡុងពេលដឹកនាំក្រុម គ្រូបង្វឹកវ័យ៥៨ឆ្នាំរូបនេះ បានបង្កើតភាពភ្ញាក់ផ្អើលទូទាំងពិភពលោក តាមរយៈការដឹកនាំជប៉ុន ផ្តួលក្រុមខ្លាំងៗលំដាប់ពិភពលោក ក្នុងជំនួបមិត្តភាពអន្តរជាតិ និងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកផងដែរ។ ទោះជាយ៉ាងនេះក្ដី ភាពជោគជ័យទាំងនេះ ហាក់ត្រូវបានបិទបាំងដោយការខកចិត្តមួយចំនួន ដោយសារលោក Moriyasu មិនអាចជួយឱ្យជប៉ុនសម្រេចក្ដីស្រមៃឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ (ឈ្នះក្នុងវគ្គជម្រុះខ្វែង) នៃព្រឹត្តិការណ៍ World Cup ជាលើកដំបូង បានឡើយ ក្នុងការដឹកនាំចំនួន២លើករបស់លោក ហើយថែមទាំងបរាជ័យក្នុងការប្រជែងយកពានរង្វាន់ជើងឯកអាស៊ី (Asian Cup) ទាំង២លើកទៀតផង។

គួររម្លឹកផងដែរថា បើទោះបីជាខកខានលើកពានរង្វាន់ធំៗក៏ពិតមែន ប៉ុន្តែក្នុងអំឡុងពេលក្រោមការដឹកនាំរបស់លោក Moriyasu ក្រុមជម្រើសជាតិជប៉ុន បានសាងកំណត់ត្រា និងទទួលបានលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលជាច្រើន ទល់នឹងក្រុមកំពូលៗលើពិភពលោក ក្នុងព្រឹត្តិការណ៍ FIFA World Cup រួមមាន៖ ជួប ប្រេស៊ីល ឈ្នះ២ ចាញ់ ២ មិនដែលស្មើ, ជួប អាល្លឺម៉ង់ (ឈ្នះ ២ មិនដែលស្មើ និងមិនដែលចាញ់, ជួប អេស្ប៉ាញ ឈ្នះ១ មិនដែលស្មើ មិនដែលចាញ់, ជួប អ៊ុយរ៉ាហ្គាយ (ឈ្នះ ២ ស្មើ ២ មិនដែលចាញ់ និងជួប អង់គ្លេស ឈ្នះ១ មិនដែលស្មើ មិនដែលចាញ់៕





