
កីឡា៖ គណៈកម្មាធិការវិនិច្ឆ័យ FIFA បានប្រកាសដាក់ទណ្ឌកម្ម និងពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ ជុំវិញឧបទ្ទវហេតុផ្សេងៗដែលបានកើតឡើងនៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 រួមមាន ទាំងការដាក់ពិន័យលើសមាគមបាល់ទាត់អាហ្សង់ទីន (AFA) និងដាក់ទណ្ឌកម្មលើកីឡាករ និងមន្ត្រី នាការប្រកួតផ្តាច់ព្រ័ត្រជាមួយក្រុមអេស្ប៉ាញ កាលពីថ្ងៃទី១៩ ខែកក្កដា នៅពហុកីឡដ្ឋាន New York New Jersey …។

គួរម្លឹកផងដែរថា ក្រោយបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2026 កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្រុមអាហ្សង់ទីន បានចាញ់ អេស្ប៉ាញ ១-០ ស្រាប់តែផ្ទុះជម្លោះដ៏ធំមួយរវាងកីឡាករ និងកីឡាករ។ ក្នុងនោះ Paredes បានប៉ះទង្គិចជាមួយ Gavi ខណៈ Molina បានប៉ះទង្គិចជាមួយ Rodri។ យ៉ាងណា ការពិន័យលើសមាគមបាល់ទាត់អាហ្សង់ទីន (AFA) ជាទឹកប្រាក់ចំនួន ៣២១ ០០០ដុល្លារអាម៉េរិក លើការរំលោភបំពានលក្ខន្តិកៈវិន័យ FIFA ពាក់ព័ន្ធនឹងការប្រើប្រាស់ព្រឹត្តិការណ៍កីឡាដើម្បីធ្វើបាតុកម្មខុសបច្ចេកទេសកីឡា, ការប្រព្រឹត្តខុសឆ្គងរបស់ក្រុម, អាកប្បកិរិយារើសអើងពូជសាសន៍ និងការរើសអើងពីសំណាក់អ្នកគាំទ្រ ព្រមទាំងការខកខានក្នុងការរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងការប្រកួត។ តម្រូវឱ្យអាហ្សង់ទីនប្រកួតក្នុងដី ២ប្រកួតបន្ទាប់ ដោយកំណត់ចំនួនអ្នកចូលទស្សនាត្រឹម៥០% ប៉ុណ្ណោះ។ ប្រាក់ពិន័យ ១០០ ០០០ដុល្លារ តម្រូវឱ្យវិនិយោគលើផែនការយុទ្ធនាការប្រឆាំងការរើសអើង។ ទន្ទឹមនឹងនេះ ទោសទណ្ឌមួយផ្នែក (ការប្រកួតក្នុងដី១លើក និងប្រាក់ពិន័យ ១០០ ០០០ដុល្លារ) ត្រូវបានព្យួរទុកបណ្តោះអាសន្ន ដោយដាក់ឱ្យស្ថិតក្រោមការតាមដានមើលកាយវិការ (Probation Period)។

ទណ្ឌកម្មលើកីឡាករ និងមន្ត្រី ក្រោយការប្រកួតផ្តាច់ព្រ័ត្ររវាង អេស្ប៉ាញ និងអាហ្សង់ទីន កាលពីថ្ងៃទី១៩ ខែកក្កដា នៅពហុកីឡដ្ឋាន New York New Jersey វិញ រួមមាន៖ ទី១.កីឡាករLeandro Paredes៖ ព្យួរ១០ប្រកួត និងពិន័យជាប្រាក់៩០០០០ដុល្លារ។ ទី២.កីឡាករNahuel Molina៖ ព្យួរ៧ប្រកួត និងពិន័យជាប្រាក់ ៩០,០០០ដុល្លារ។ ទី៣.កីឡាករThiago Almada៖ ព្យួរ១ប្រកួត និងពិន័យជាប្រាក់ ៣០,០០០ដុល្លារ។ ទី៤.លោកRoberto Ayala (មន្ត្រីបច្ចេកទេស)៖ ព្យួរ៣ប្រកួត និងពិន័យជាប្រាក់៣០ ០០០ដុល្លារ។ ទី៥.កីឡាករPablo Martín Páez Gavira ឬ Gavi៖ ព្យួរ១ប្រកួត និងពិន័យជាប្រាក់៣០០០០ដុល្លារ។យោងតាមលក្ខន្តិកៈវិន័យរបស់ FIFA ការព្យួរការប្រកួតទាំងនេះនឹងត្រូវអនុវត្តបន្តនៅក្នុងការប្រកួតជាផ្លូវការបន្ទាប់របស់ក្រុមជម្រើសជាតិរៀងៗខ្លួន។ ភាគីពាក់ព័ន្ធទាំងអស់ត្រូវបានជូនដំណឹងជាផ្លូវការរួចរាល់ហើយ និងមានថេរវេលា១០ថ្ងៃ ដើម្បីប្តឹងតវ៉ា ឬស្នើសុំការបកស្រាយលម្អិតតាមនីតិវិធីច្បាប់៕





