
World Cup៖ ជាទូទៅ ម្ចាស់ជើងឯកនៅក្នុងលីគកីឡាធំៗរបស់សហរដ្ឋអាម៉េរិក តែងតែទទួលបានចិញ្ចៀនដើម្បីរំលឹក និងអបអរដល់សមិទ្ធផលរបស់ពួកគេ ខណៈនៅពេលនេះ ព្រឹត្តិការណ៍ FIFA World Cup 2026 ក៏នឹងធ្វើដូចគ្នាដែរ។ FIFA បានប្រកាសថា ក្រុមដែលឈ្នះនៅក្នុងជំនួបរវាងអាហ្សង់ទីន និងអេស្ប៉ាញ នៅថ្ងៃអាទិត្យដ៏ខ្លីខាងមុខនេះ នឹងទទួលបានចិញ្ចៀនជើងឯកជាប្រវត្តិសាស្ត្រ បន្ថែមពីលើពានរង្វាន់ World Cup និងមេដាយមាស...។

ភ្លាមៗបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្របានបញ្ចប់ ប្រធានក្រុម សមាជិក្រុម និងគ្រូបង្វឹកដែលឈ្នះ នឹងទទួលបានចិញ្ចៀនបណ្តោះអាសន្នជាមុនសិន។ ចិញ្ចៀនទាំង៣០វង់នោះ សម្រាប់សមាជិកក្រុមជើងឯក នឹងត្រូវយកទៅរចនាកែច្នៃបន្ថែមជាពិសេស មុននឹងត្រូវប្រគល់ជូនជាផ្លូវការនៅថ្ងៃក្រោយ។ មែនទែនទៅ ការធ្វើបែបនេះ គឺជាប្រពៃណីកីឡារបស់អាម៉េរិក។

សម្រាប់រចនាបថនៃចិញ្ចៀន ផ្នែកម្ខាងមានរូបពានរង្វាន់ World Cup ចំណែកឯផ្នែកម្ខាងទៀត នឹងត្រូវរចនាឡើងដើម្បីឆ្លុះបញ្ចាំងពីអត្តសញ្ញាណរបស់ប្រទេស ដែលបានឈ្នះជើងឯក។ ចិញ្ចៀននេះ នឹងត្រូវបានផលិតឡើងក្នុងចំនួនកំណត់ត្រឹមតែ ២០២៦វង់ប៉ុណ្ណោះ ហើយ៣០វង់ នឹងប្រគល់ជូនក្រុមដែលឈ្នះជើងឯក។ សម្រាប់១៩៩៦វង់ទៀតដែលនៅសេសសល់ នឹងត្រូវដាក់លក់ទូទាំងពិភពលោកសម្រាប់អ្នកគាំទ្រ។ យ៉ាងណា ចំពោះតម្លៃ គឺមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ៕





