កម្ពុជា-កូរ៉េ បិទបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យា វគ្គទី៣
អ
អុន សម្ផស្ស
•
7 ម៉ោងមុន

រាជធានីភ្នំពេញ៖ បណ្ឌិត្យសភានគរបាលកម្ពុជា និងបណ្ឌិត្យសភានគរបាលកណ្តាលនៃសាធារណរដ្ឋកូរ៉េ បានសហការរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញ «ស៊ើបអង្កេតបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា» វគ្គទី៣ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ លោកឧត្តមសេនីយ៍ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា រួមជាមួយលោកវរសេនីយ៍ឯក រ៉ា សឹងឃ្យូន (Mr. Ra Seungkyun) សាស្ត្រាចារ្យនៃបណ្ឌិត្យសភានគរបាលកណ្តាលកូរ៉េ បានចូលរួមជាកិត្តិយស...។

វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានសិក្ខាកាមជាគ្រូនគរបាលជាតិចំនួន២៩នាក់ ក្នុងនោះមាននារី៣នាក់ ចូលរួមសិក្សាលើជំនាញពីរ គឺកោសល្យវិច័យទូរសព្ទចល័ត (Mobile Forensics) ចំនួន១៥នាក់ និងជំនាញសរសេរកម្មវិធីដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI Programming) ចំនួន១៤នាក់។ លោកនាយឧត្តមសេនីយ៍ ឯក មនោសែន បានលើកឡើងថា ក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល បទល្មើសបច្ចេកវិទ្យា ក៏កំពុងវិវត្តទៅជាទម្រង់កាន់តែស្មុគស្មាញ ដូចជា ការឆបោកតាមប្រព័ន្ធអនឡាញ ការលួចទិន្នន័យ និងឧក្រិដ្ឋកម្មឆ្លងដែន។ ដូច្នេះ ការពង្រឹងសមត្ថភាព និងជំនាញបច្ចេកវិទ្យាដល់កងកម្លាំងនគរបាលជាតិ គឺជាកត្តាចាំបាច់ក្នុងការបង្ការ ទប់ស្កាត់ និងស៊ើបអង្កេតបទល្មើសទាំងនេះ ឱ្យមានប្រសិទ្ធភាព។

លោកបញ្ជាក់បន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះ ក៏ជាសមិទ្ធផលដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការរវាងបណ្ឌិត្យសភានគរបាលកម្ពុជា និងបណ្ឌិត្យសភានគរបាលកណ្តាលកូរ៉េ ដែលបានបញ្ជូនក្រុមសាស្ត្រាចារ្យជំនាញមកចែករំលែកចំណេះដឹង និងបទពិសោធជាក់ស្តែង ជូនមន្ត្រីនគរបាលកម្ពុជា ជាលើកទី៣។ ជាលទ្ធផល សិក្ខាកាមទទួលបានចំណេះដឹង និងបទពិសោធលើការស៊ើបអង្កេតបទល្មើសបច្ចេកវិទ្យា កោសល្យវិច័យទូរសព្ទ និងកុំព្យូទ័រ ការទាញយក និងវិភាគទិន្នន័យ ការសង្គ្រោះទិន្នន័យ ការប្រើប្រាស់កម្មវិធីឯកទេស ព្រមទាំងការសរសេរកម្មវិធីដោយប្រើប្រាស់ AI, Python និង Web Programming រួមទាំងការអនុវត្តលំហាត់ CTF/WarGame ផងដែរ។ ទន្ទឹមគ្នានេះ លោកប្រធានបណ្ឌិត្យសភា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងក្រុមសាស្ត្រាចារ្យនៃបណ្ឌិត្យសភានគរបាលកណ្តាលកូរ៉េ ដែលបានចូលរួមចែករំលែកចំណេះដឹង និងបទពិសោធដ៏មានតម្លៃ ព្រមទាំងកោតសរសើរចំពោះគណៈកម្មការរៀបចំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យវគ្គបណ្ដុះបណ្ដាលនេះ ទទួលបានជោគជ័យ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត