វិនិយោគិនកូរ៉េខាងត្បូង ស្វែងរកឱកាសវិនិយោគថ្មីនៅកម្ពុជា
អុន សម្ផស្ស
8 ម៉ោងមុន

រាជធានីភ្នំពេញ៖ គណៈប្រតិភូវិនិយោគិនមកពីកូរ៉េខាងត្បូង បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបន្តប្តេជ្ញាបង្កើនភាពទាក់ទាញនៃបរិយាកាសវិនិយោគ តាមរយៈការកែទម្រង់ស្ថាប័ន ការផ្ដល់អនុគ្រោះពន្ធ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ នេះជាអ្វីដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូវិនិយោគិនកូរ៉េ ដឹកនាំដោយ លោក គីម ចាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានពិភាក្សាគ្នានៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦...។

ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតកូរ៉េបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-កូរ៉េ ដែលបានឈានដល់កម្រិត «ដៃគូយុទ្ធសាស្ត្រ» និងបង្ហាញជំនឿថា កម្ពុជានឹងបន្តរក្សាកំណើន និងការអភិវឌ្ឍក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ គណៈប្រតិភូបានឱ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះមានតំណាងក្រុមហ៊ុនចំនួន១៥ មកពីវិស័យសំខាន់ៗ រួមមាន៖ យានយន្ត អេឡិចត្រូនិក វាយនភណ្ឌ ការចែកចាយ និងម្ហូបអាហារ ហិរញ្ញវត្ថុ និងធនាគារ សំណង់ ព្រមទាំងការកម្សាន្ត និងវប្បធម៌។ គោលបំណងសំខាន់គឺសិក្សាពីសក្តានុពលទីផ្សារកម្ពុជា និងស្វែងរកឱកាសពង្រីកអាជីវកម្ម និងការវិនិយោគ។ ក្នុងចំណោមក្រុមហ៊ុនទាំង១៥មាន មាន៧ក្រុមហ៊ុនកំពុងប្រតិបត្តិការនៅកម្ពុជា ខណៈ៦ក្រុមហ៊ុនផ្សេងទៀតកំពុងវិនិយោគនៅប្រទេសវៀតណាម បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនមកកម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់វិនិយោគិនកូរ៉េ និងលើកឡើងថា ទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ បានរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ សម្តេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងអនុវត្តគោលនយោបាយ និងវិធានការជាច្រើន ដើម្បីលើកទឹកចិត្តដល់វិនិយោគិន រួមមានការកែទម្រង់នីតិវិធី ការផ្ដល់អនុគ្រោះពន្ធ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក និងវិស័យថាមពល ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ សម្តេចធិបតី គូសរំលេចថា រាជរដ្ឋាភិបាលនឹងបន្តរក្សាបរិយាកាសវិនិយោគប្រកបដោយភាពអំណោយផល ហើយលើកទឹកចិត្តឱ្យក្រុមហ៊ុនកូរ៉េបន្តពង្រីកការវិនិយោគ និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត