
រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសស្វាគមន៍សាររបស់ប្រធានាធិបតីកូរ៉េ លោក លី ជេម្យុង (Lee Jae Myung) ដែលបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព រវាងរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

តាមរយៈសំណេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់សាជាថ្មីពីការប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀត ដែលគំរាមកំហែងដល់សន្តិសុខសង្គម ក៏ដូចជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ សម្តេចនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា៖«ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាបញ្ហាដែលប្រទេសណាមួយប្រឈមមុខ និងអាចដោះស្រាយតែម្នាក់ឯងនោះទេ។ ដូច្នេះ ដើម្បីដោះស្រាយការគំរាមកំហែងនេះ តម្រូវឱ្យមានកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់ជាក់ស្តែង ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងកិច្ចខិតខំប្រឹងប្រែងរួមរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ»។

ទន្ទឹមគ្នានេះ សម្តេចធិបតី កោតសរសើរផងដែរ ចំពោះក្រុមការងាររួមកម្ពុជា និងកូរ៉េខាងត្បូង ដែលទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការទប់ស្កាត់ បង្រ្កាប និងប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ មេដឹកនាំកម្ពុជា សង្ឃឹមថា៖«ក្រុមការងាររួមនេះនឹងបន្តទទួលបានលទ្ធផលត្រចះត្រចង់បន្ថែមទៀត ដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែននានា»។

សូមជម្រាបថា ការបង្ហោះសាររបស់មេដឹកនាំកម្ពុជា ធ្វើឡើងក្រោយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សម្រាប់កិច្ចខិតខំប្រឹងប្រែង និងសហការចុះបង្ក្រាបករណីឆបោកតាមអនឡាញនៅកម្ពុជា ក្រោមស្លាក«ក្រុមការងាររួមកម្ពុជា-កូរ៉េ»។ លោកប្រធាធិបតី បង្ហាញការកត់សម្គាល់ឃើញថា ក្រុមការងាររួមកម្ពុជា-កូរ៉េ ដែលត្រូវបានបង្កើតតាមរយៈការឯកភាពគ្នារវាងលោក និងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានបង្ក្រាប និងឃាត់ខ្លួនជនល្មើសបោកតាមអនឡាញជាង១៣០នាក់ ក្នុងរយៈពេលត្រឹមតែ២ខែប៉ុណ្ណោះ។ លោក ថែមទាំងកោតសរសើរថា សមិទ្ធផលទាំងនេះ អាចសម្រេចបាន អាស្រ័យដោយឆន្ទៈដ៏រឹងមាំរបស់រដ្ឋាភិបាលកម្ពុជា និងកិច្ចសហការយ៉ាងមោះមុតរវាងមន្ត្រីនគរបាលប្រទេសទាំងពីរ៕




