
រាជធានីភ្នំពេញ៖ កម្ពុជា-កូរ៉េ តាមរយៈមន្ត្រីជាន់ខ្ពស់ បានសម្លឹងឃើញពីភាពចាំបាច់ នឹងសារសំខាន់ដែលភាគីទាំងពីរគួរពង្រឹងបន្ថែមលើការដោះដូរ និងបន្ថែមនូវចំណេះជំនាញដល់មន្ត្រីអនុវត្តច្បាប់ ព្រមទាំងការផ្លាស់ប្ដូរទស្សនកិច្ចទ្វេភាគី…។

ក្នុងជំនួបផ្ទាល់មុខរវាង ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា លោក គីម ឆាងយុង (KIM Chang Yong) នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣មករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានលើកឡើងពីភាពចាំបាច់នៃការបន្តបង្កើនកិច្ចសហប្រតិបត្តិការ ពង្រឹងចំណេះជំនាញកម្លាំងអនុវត្តច្បាប់ និងការផ្លាស់ប្ដូរទស្សនកិច្ច ដើម្បីដកបទពិសោធ លើការងារស្រាវជ្រាវ ស៊ើបអង្កេត កោសល្យវិច័យទីតាំងបទល្មើស និងជំនាញថ្មីៗ បម្រើដល់ការងារនគរបាលជំនាញកម្ពុជា-កូរ៉េ។ ក្នុងពេលជាមួយគ្នា ប្រមុខក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការល្អរវាងកងកម្លាំងអនុវត្តច្បាប់កម្ពុជា-កូរ៉េ ក្នុងកិច្ចសហប្រតិបត្តិការកន្លងមក។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា កត់សម្គាល់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក តែងផ្ដល់ការគាំទ្រគ្នាទៅវិញទៅមកលើការងារសន្តិសុខ ពិសេសក្រោយការបង្កើតក្រុមការងារចម្រុះកម្ពុជា-កូរ៉េ ហើយកិច្ចសហប្រតិបត្តិការនេះ សម្រេចបានលទ្ធផលជាច្រើន ក្នុងការងារបង្ការ ទប់ស្កាត់ បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងន័យនេះ កម្ពុជាថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលបានជួយឧបត្ថម្ភគាំទ្រ ផ្តល់កិច្ចសហការជិតស្និទ្ធ និងផ្លាស់ប្ដូរបទពិសោធល្អៗ សំដៅពង្រឹងសមត្ថភាពកងកម្លាំងសមត្ថកិច្ច ដើម្បីរួមចំណែកក្នុងបុព្វហេតុនៃការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមសម្រាប់ប្រទេសទាំងពីរ និងតំបន់។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ឈរលើគោលការណ៍ផ្ដល់តម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការ រវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ភាគីកូរ៉េនឹងបន្តបង្កើនកិច្ចសហការដ៏ល្អនេះ ហើយត្រៀមជួយគាំទ្រដល់កម្ពុជាគ្រប់បែបយ៉ាង ជាពិសេស ការងារបណ្ដុះបណ្ដាលចែករំលែកបទពិសោធ និងឯកភាពទទួលរៀបចំទស្សនកិច្ចនាពេលខាងមុខ ដល់ថ្នាក់ដឹកនាំ និងអង្គភាពជំនាញកម្ពុជា ដើម្បីដកពិសោធន៍ការងារសន្តិសុខ និងនគរបាល។ ទន្ទឹមគ្នា លោកទូត ក៏បានថ្លែងអំណរគុណ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ចំពោះការជួយសម្របសម្រួលការងារ កិច្ចសហប្រតិបត្តិការល្អ និងទំនាក់ទំនងជិតស្និទ្ធរវាងក្រសួងទាំងពីរ បង្កលក្ខណៈអំណោយផលដល់ការបំពេញបេសកកម្មពង្រឹងការអនុវត្តច្បាប់ សំដៅរួមចំណែកអនុវត្តសម្រេចបានដោយជោគជ័យនូវគម្រោង និងផែនការសហប្រតិបត្តិការ ដែលស្ថាប័នទាំងពីរបានផ្តួចផ្តើមនាពេលកន្លងមក ជាពិសេស ការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ សម្រេចបានលទ្ធផលលើសការរំពឹងទុក៕





