កម្ពុជា-កូរ៉េខាងត្បូង បង្កើតក្រុមការងារដោះស្រាយបញ្ហាប្រឈមរវាងថៅកែ និងកម្មករនិយោជិត
អុន សម្ផស្ស
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងគោលដៅលើកកម្ពស់សិទ្ធិពលករ និងអ្នកវិនិយោគ កម្ពុជា-កូរ៉េខាងត្បូង សម្រេចបង្កើតក្រុមការងារមួយបន្ថែមទៀត សម្រាប់ដោះស្រាយបញ្ហាប្រឈមមួយចំនួនរវាងនិយោជក និងកម្មករនិយោជិត។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។

តាមរយៈជំនួបផ្ទាល់មុខរវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ភាគីទាំងពីបានជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីអភិវឌ្ឍវិស័យការងារ និងការកសាងធនធានមនុស្ស។ បើតាមការផ្សាយរបស់ក្រសួង លោក ហេង សួរ បានថ្លែងអំណរគុណចំពោះកូរ៉េខាងត្បូង ដែលតែងតែផ្តល់កូតាទទួលយក និងសម្របសម្រួលផ្តល់ទិដ្ឋាការដល់ពលករខ្មែរ ទៅបំពេញការងារទាន់ពេលវេលា តាមតម្រូវការរបស់និយោជកកូរ៉េ ជាពិសេសនៅក្នុងរដូវកាលដ៏មមាញឹកផ្នែកកសិកម្មនៅកូរ៉េ។

លោករដ្ឋមន្ត្រីចាត់ទុកថា ការបើកឱកាសនេះ បានធ្វើឱ្យកូរ៉េខាងត្បូង ក្លាយជាក្ដីស្រមៃមួយរបស់ពលរដ្ឋកម្ពុជា ដោយសារថៅកែមានចិត្តល្អ ទទួលបានប្រាក់ឈ្នួលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងត្រឡប់មកវិញជាមួយជំនាញច្បាស់លាស់។ ទន្ទឹមនឹងនេះ លោក ហេង សួរ ក៏បានលើកឡើងពីកិច្ចខិតខំរួមគ្នារវាងក្រសួងការងារ និងក្រសួងមហាផ្ទៃកម្ពុជា ក្នុងការពង្រឹងយន្តការទប់ស្កាត់បទល្មើសអនឡាញ ក៏ដូចជាការរឹតបន្តឹងការចេញបណ្ណការងារដល់ជនបរទេសដែលមិនមានប្រភពក្រុមហ៊ុនច្បាស់លាស់ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះក្នុងការកេងប្រវញ្ចកម្លាំងពលកម្មលើជនបរទេស ដែលរួមមានទាំងជនជាតិកូរ៉េផងដែរ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ ដែលកំពុងតែអនុវត្តយ៉ាងសកម្មជាពិសេសលើផ្នែកអភិវឌ្ឍធនធានមនុស្ស។ ក្នុងន័យនេះ លោកទូត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្ពុជា ដែលយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកវិនិយោគ និងពលរដ្ឋកូរ៉េនៅកម្ពុជា ក៏ដូចជាពលករកម្ពុជានៅកូរ៉េ តាមរយៈការចុះសួរសុខទុក្ខផ្ទាល់ ដែលបង្ហាញពីមិត្តភាពជាមួយកូរ៉េយ៉ាងពិតប្រាកដ ជាពិសេសការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ កាលពីឆ្នាំ២០២៥។

ដោយមើលឃើញពីភាពជោគជ័យនៃក្រុមការងារនេះ លោកទូតបញ្ជាក់ថា៖«ភាគីទាំងពីរ បានឯកភាពគ្នាបង្កើតក្រុមការងារមួយលើយន្តការដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនរវាងនិយោជក និងកម្មករនិយោជិតផងដែរ»មុននឹងបញ្ចប់ជំនួប ភាគីទាំងពីរបានប្តេជ្ញាខិតខំបំពេញការងារឱ្យអស់ពីលទ្ធភាព ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធក្នុងវិស័យការងារ ជាមួយការជឿជាក់យ៉ាងមុតមាំថា ភាពជាដៃគូដ៏រឹងមាំនេះនឹងបន្តនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែង និងការអភិវឌ្ឍសម្រាប់ប្រជាជនកម្ពុជា-កូរ៉េ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត