
រាជធានីបាងកក៖ កងទ័ពជើងទឹកភូមិន្ទថៃ កំពុងពិចារណាលុបចោលលទ្ធកម្មដេញថ្លៃចាស់ ហើយរៀបចំការដេញថ្លៃទិញនាវាចម្បាំងប្រភេទថ្នាក់ Frigate តម្លៃ ១៧ពាន់លានបាត (ឬប្រមាណជិត៥០០លានដុល្លារ) សាជាថ្មី បន្ទាប់ពីគណៈកម្មាធិការបណ្តឹងឧទ្ធរណ៍ បានរកឃើញភាពមិនប្រក្រតីតាមរយៈបណ្តឹងតវ៉ារបស់ក្រុមហ៊ុនដែលធ្លាក់ក្នុងការដេញថ្លៃ។

ការសម្រេចចិត្តនេះ ធ្វើឱ្យក្រុមហ៊ុនកូរ៉េខាងត្បូង Hanwha Ocean ដែលធ្លាប់ត្រូវបានជ្រើសរើសកាលពីខែកញ្ញា ក្នុងតម្លៃ១៦,៧៣ពាន់លានបាត ត្រូវផ្អាក ដើម្បីរង់ចាំការពិនិត្យ និងប្រកួតប្រជែងឡើងវិញ។ មូលហេតុនៃការសើរើឡើងវិញនេះ ក៏ដោយសារតែកាលពីពេលកន្លងទៅ ក្រុមហ៊ុន Hanwha Ocean គឺជាក្រុមហ៊ុនតែមួយគត់ ដែលជាប់ក្នុងលក្ខខណ្ឌដេញថ្លៃ ដោយធ្វើឱ្យមានការសង្ស័យថា កងទ័ពជើងទឹក អាចនឹងកំណត់លក្ខខណ្ឌបច្ចេកទេសតម្រូវតាមក្រុមហ៊ុននេះ។ បន្ទាប់ពីលទ្ធផលត្រូវបានប្រកាស ក្រុមហ៊ុនចំនួន៥ បានដាក់ពាក្យប្តឹងតវ៉ាភ្លាមៗ។ ជាលទ្ធផល គណៈកម្មាធិការបណ្តឹងឧទ្ធរណ៍ បានច្រានចោលបណ្តឹងរបស់ក្រុមហ៊ុនបរទេសចំនួន៤ ប៉ុន្តែបានរកឃើញហេតុផលសមស្របនៅក្នុងបណ្តឹងរបស់សម្ព័ន្ធក្រុមហ៊ុនសាងសង់នាវាថៃ ដែលបង្ហាញថា មានបញ្ហាប៉ះពាល់ដល់ដំណើរការដេញថ្លៃ ទើបឈានដល់ការបញ្ជាឱ្យលុបចោល ហើយធ្វើថ្មី។

ប្រភពពីកងទ័ពជើងទឹក បង្ហាញថា ការរៀបចំក្រុមការងារការកែសម្រួលលក្ខខណ្ឌដេញថ្លៃ និងការបើកដេញថ្លៃថ្មី អាចនឹងត្រូវចំណាយពេលប្រហែល៦ខែ។ មេបញ្ជាការកងទ័ពជើងទឹកថៃ លោក នរេស វង្សត្រកូល (นเรศ วงศ์ตระกูล) បានបញ្ជាក់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ថា លោកកំពុងឱ្យមន្ត្រីប្រមូលព័ត៌មានលម្អិត ហើយនឹងអនុវត្តតាមច្បាប់ និងនីតិវិធីដែលមានស្រាប់។ ការសើរើនេះ ក៏នឹងពិនិត្យមើលផងដែរថា តើគណៈកម្មាធិការដេញថ្លៃចាស់ មានពាក់ព័ន្ធនឹងអំពើពុករលួយ ឬការគប់គិតគ្នាដែរឬទេ..? ទោះជាយ៉ាងណា ការលុបចោលលទ្ធផលដេញថ្លៃ មិនមែនមានន័យថា គណៈកម្មាធិការចាស់មានទោសកំហុសដោយស្វ័យប្រវត្តិនោះឡើយ៕




