ថៃបង្ហាញចរិតកូនឆ្មាជាមួយភូមា តែបញ្ចេញចង្កូមចចកដាក់កម្ពុជា
ហៀប ស៊ីថេត
•
មួយថ្ងៃមុន

រាជធានីបាងកក៖ ទោះបីជាសភាពការណ៍នៅតាមបណ្តោយព្រំដែនភូមា បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅ សុវត្ថិភាពរបស់ប្រជាជនថៃយ៉ាងណាក៏ដោយ ក៏រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អឌុល ប៊ុនថាំចារើន (อดุลย์ บุญธรรมเจริญ) បង្ហាញជំហរទន់ជ្រាយ និងខ្លបខ្លាច ដោយមិនហ៊ានប៉ះពាល់ ឬតវ៉ាខ្លាំងៗជាមួយកងទ័ពភូមាឡើយ...។

អឌុល ប៊ុនថាំចារើន (อดุลย์ บุญธรรมเจริญ Adul Boonthumjaroen) 
អឌុល ប៊ុនថាំចារើន (อดุลย์ บุญธรรมเจริญ Adul Boonthumjaroen) 

លោក អឌុល បានត្រឹមសម្ដែងការអង្វរករតាមទូរសព្ទ ទៅកាន់មេបញ្ជាការយោធាជាន់ខ្ពស់ភូមា និងអញ្ជើញអនុព័ន្ធយោធារងមកនិយាយគ្នាប៉ុណ្ណោះ។ លើសពីនេះ រដ្ឋមន្ត្រីជាន់ខ្ពស់រូបនេះ ថែមទាំងនិយាយយកល្អថា នេះគឺត្រឹមតែជាជម្លោះផ្ទៃក្នុងរបស់ភូមា ជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅឡើយទេ ហើយបានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រៀមលក្ខណៈជម្លៀសប្រជាជនខ្លួនឯង ដោយមិនហ៊ានរិះគន់ ឬទាមទារឱ្យយោធាភូមា ទទួលខុសត្រូវលើផលប៉ះពាល់ឆ្លងដែននោះឡើយ។ លោក អឌុល ពន្យល់ថា ការសម្រេចចិត្តលើការជម្លៀសប្រជាពលរដ្ឋទៅកាន់តំបន់សុវត្ថិភាព នឹងស្ថិតនៅលើអភិបាលខេត្ត អាជ្ញាធរស្រុក និងមេបញ្ជាការយោធភូមិភាគ៣ ដោយផ្អែកលើការវាយតម្លៃសុវត្ថិភាពក្នុងស្រុក។ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ រូបនេះ ថ្លែងបន្តថា ប្រជាពលរដ្ឋថៃ នៅតែបន្តរងផលប៉ះពាល់ពីស្ថានការណ៍តាមបណ្តោយព្រំដែនភូមា។

ប្រជាជនថៃក្បែរព្រំដែនភូមារត់គេចខ្លួន
ប្រជាជនថៃក្បែរព្រំដែនភូមារត់គេចខ្លួន

ផ្ទុយស្រឡះពីជំហរបន្ទន់ឥរិយាបថដាក់ភូមា ងាកមកមើលព្រំដែនកម្ពុជាឯណេះវិញ ភាគីថៃ បែរជាសម្ដែងឫកពាររឹងរូស ក្រអឺតក្រទម និងប្រឹងសម្ញែងសាច់ដុំយោធា តាមរយៈសម្ភារសឹកកាចសាហាវផ្សេងៗ។ បន្ទាប់ពីចុះត្រួតពិនិត្យនៅប្រាសាទតាមាន់ធំ របស់កម្ពុជា ដែលយោធាថៃឈ្លានពានដោយខុសច្បាប់ លោក អឌុល បានបោះសម្តីថា វិវាទនៅតែមិនទាន់ដោះស្រាយនៅឡើយ កិច្ចពិភាក្សាកំពុងប្រព្រឹត្តទៅនៅកម្រិតរាជរដ្ឋាភិបាល ឬកម្រិតក្រសួងការពារជាតិ។ ទោះជាយ៉ាងណា កិច្ចពិភាក្សានៅកម្រិតក្រសួងការពារជាតិ ត្រូវបានផ្អាក ដើម្បីទុកលទ្ធភាពឱ្យមានកិច្ចពិភាក្សានៅកម្រិតអនុរដ្ឋលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគថៃ-កម្ពុជា (RBC) ឬនៅកម្រិតយោធា។ លោកបន្តថា ការយោគយល់គ្នានៅកម្រិតមូលដ្ឋាន គឺជាចំណុចចាប់ផ្តើម សម្រាប់ការអនុវត្តសេចក្តីថ្លែងការណ៍រួម។

កងទ័ពថៃ ចុះទៅប្រាសាទតាមាន់ធំរបស់កម្ពុជា
កងទ័ពថៃ ចុះទៅប្រាសាទតាមាន់ធំរបស់កម្ពុជា

លោកបានបន្ថែមថា ប្រសិនបើគ្មានកិច្ចពិភាក្សាអំពីថ្លែងការណ៍រួមទេ នោះនឹងគ្មានការពិភាក្សានៅកម្រិតផ្សេងទៀតឡើយ ព្រោះកិច្ចពិភាក្សាកម្រិតរាជរដ្ឋាភិបាល បានប្រព្រឹត្តទៅរួចហើយ។ អ្វីដែលកាន់តែហួសចិត្តបំផុតនោះ លោក អឌុល បានរលាស់អណ្តាតថា គ្មានមូលហេតុធំដុំដែលត្រូវព្រួយបារម្ភនោះទេ ដោយសារកងទ័ពថៃនៅតែបន្តគ្រប់គ្រងលើទីតាំង និងតំបន់សំខាន់ៗដែលដណ្តើមបាន ហើយថែមទាំងប្រាប់ឱ្យយោធាខ្លួន បាញ់ព្រមានលើកងទ័ពកម្ពុជា ថែមទៀតផង។ នេះបានបង្ហាញយ៉ាងច្បាស់ពីចេតនាតអូសបន្លាយពេល និងខ្វះឆន្ទៈពិតប្រាកដរបស់ភាគីថៃ ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕

តម្រួតយោធាថៃពិនិត្យទីតាំង ដែលខ្ទិចខ្ទីរដោយស្នាដៃយោធាភូមា
តម្រួតយោធាថៃពិនិត្យទីតាំង ដែលខ្ទិចខ្ទីរដោយស្នាដៃយោធាភូមា
ទីតាំង ដែលខ្ទិចខ្ទីរដោយស្នាដៃយោធាភូមា
ទីតាំង ដែលខ្ទិចខ្ទីរដោយស្នាដៃយោធាភូមា
ទីតាំង ដែលខ្ទិចខ្ទីរដោយស្នាដៃយោធាភូមា
ទីតាំង ដែលខ្ទិចខ្ទីរដោយស្នាដៃយោធាភូមា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត