
រាជធានីបាងកក៖ មេដឹកនាំថៃ កំពុងដេភ័យបុកពោះ និងបានគំរាមដោយប្រយោលក្រោយមានការបារម្ភថា មេដឹកនាំកម្ពុជា អាចនឹងប្រើប្រាស់វេទិកាកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នេះ បកអាក្រាតស្បែកមុខថៃ ជុំវិញសង្គ្រាមឈ្លានពានដែនអធិបតេយ្យកម្ពុជា នាពេលកន្លងមក។ ជាមួយគ្នា មហាជនងឿងឆ្ងល់ថា តើថៃបារម្ភខ្លាំងជ្រុល ឬយ៉ាងណា បានជាកាសែតខាវសដ ចុះផ្សាយដដែលៗអំពីរឿងរ៉ាវនេះ..?

លោក សីហសក្តិ ភួងកេតកែវ (สีหศักดิ์ พ่วงเกตุแก้ว) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ បានថ្លែងថា ប្រទេសថៃ គាំទ្រការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ប៉ុន្តែថៃព្រួយបារម្ភថា ជម្លោះទ្វេភាគី អាចនឹងត្រូវបាននាំយកមកនិយាយនៅក្នុងវេទិកាពហុភាគីនេះ។ ថ្លែងនៅក្រសួងការបរទេស លោក សីហសក្ដី និយាយយកល្អខ្លួនឯងថា ប្រទេសថៃ នឹងចូលរួមក្នុងអង្គការហ្វ្រង់កូហ្វូនី នេះ ក្នុងនាមជាអ្នកសង្កេតការណ៍ ហើយគាំទ្រគោលបំណងរបស់អង្គការនេះ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការផ្លាស់ប្ដូរវប្បធម៌ និងសន្តិភាពអន្តរជាតិ។ លើសពីនេះ ថៃមិនជំទាស់ចំពោះការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ឬចំពោះអង្គការហ្វ្រង់កូហ្វូនី ផ្ទាល់នោះទេ ក៏ប៉ុន្តែរាជរដ្ឋាភិបាលរាជធានីបាងកក ព្រួយបារម្ភថា កម្ពុជាអាចនឹងប្រើប្រាស់កិច្ចប្រជុំនេះ ដើម្បីបង្ហាញព័ត៌មានអំពីជម្លោះព្រំដែន និងឆ្លុះបញ្ចាំងតែម្ខាងនៃជម្លោះ។

លោករដ្ឋមន្ត្រីការបរទេសរូបនេះ បញ្ជាក់ថា ប្រទេសថៃ បានបញ្ជូនក្ដីបារម្ភរបស់ខ្លួនទៅកាន់លេខាធិការដ្ឋានអង្គការហ្វ្រង់កូហ្វូនី ខណៈជំនួយការរដ្ឋមន្ត្រីការបរទេសថៃ ម្នាក់ក៏បានអញ្ជើញតំណាងមកពីស្ថានទូតចំនួន១១ ឱ្យចូលរួមស្ដាប់សេចក្ដីរាយការណ៍សង្ខេបអំពីបញ្ហានេះហើយដែរ។ លើសពីនេះ លោក សីហសក្តិ រំពឹងថា នឹងពិភាក្សាអំពីក្ដីបារម្ភរបស់ថៃ ជាមួយឯកអគ្គរដ្ឋទូតបារាំងដែលទើបតែងតាំងថ្មីផងដែរ។ គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ គ្រោងនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយប្រទេសថៃចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍។ យ៉ាងណា លោក សីហសក្តិ ភួងកេតកែវ ធ្លាប់បានព្រមានថា ការនិយាយតែម្ខាងរបស់ភាគីកម្ពុជា មិនឆ្លុះបញ្ចាំងការពិតនៃជម្លោះព្រំដែនកម្ពុជា-ថៃ ឡើយ និងធ្វើឱ្យដំណោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរ កាន់តែជួបផលវិបាកទ្វេឡើង ដូច្នេះ កម្ពុជាគួរស្វែងយល់ពីបញ្ហានេះឱ្យច្បាស់។

យ៉ាងណា ការសម្ដែងក្ដីបារម្ភផង គំរាមផង ពីសំណាក់អ្នកការទូតថៃរូបនេះ មានសំណួរលើកឡើងថា តើចង់ធ្វើអ្វីឱ្យប្រាកដ? បើថៃខ្លួនឯងជាជនរងគ្រោះមែន តើចាំបាច់អ្វីព្រួយបារម្ភពីការលើកឡើងរបស់មេដឹកនាំកម្ពុជា? តើកម្ពុជាឈ្លានពានដីថៃកន្លែងណាខ្លះ ម្តេចមិនបង្ហាញប្រាប់ពិភពលោក ដូចមេដឹកនាំកម្ពុជាដែរទៅ? ដូច្នេះ សរុបជារួមមក អាចឱ្យយើងសន្និដ្ឋានបានថា ពេលនេះ មេដឹកនាំថៃ កំពុងភ័យនឹងការភូតភកុហកបោកប្រាស់អន្តរជាតិ ហើយព្រួយបារម្ភថា ការពិតដែលមិនអាចប្រកែកបាន នឹងត្រូវលាតត្រដាងដោយមេដឹកនាំកម្ពុជា ក្នុងវេទិកាអន្តរជាតិដ៏ធំមួយនេះ។ បើមេដឹកនាំថៃ ជាមនុស្សល្អប្រាកដ ហើយប្រទេសថៃបច្ចុប្បន្នពិតជារងគ្រោះព្រោះកម្ពុជាឈ្លានពានមែន សូមកុំភ័យព្រួយពេក ដូចពាក្យចាស់បុរាណខ្មែរថា បើខ្លួនជាមាសសុទ្ធ ហេតុដូចម្តេចត្រូវខ្លាចភ្លើង..៕


