រឿងអាស្រូវឧក្រិដ្ឋកម្មផ្ទួនៗ ផ្ទុះនៅប៉ាតាយ៉ា! តម្រួតនគរបាលថៃ បង្ក្រាបបណ្តាញឆបោកជំរិតទារប្រាក់ និងមេខ្លោងគ្រឿងញៀនឆ្លងដែនសម្ងំលាក់ខ្លួនរាប់ឆ្នាំ
Chanmarady Chuon
•
2 ម៉ោងមុន

រាជធានីបាងកក៖ ប៉ាតាយ៉ា ទីក្រុងទេសចរណ៍ផ្លូវភេទដ៏ល្បីល្បាញ កំពុងក្លាយជាចំណុចក្ដៅនៃការប្រមូលផ្តុំក្រុមឧក្រិដ្ឋជនឆ្លងដែន ខណៈកាលពីពេលថ្មីៗ តម្រួតនគរបាលថៃ បើកប្រតិបត្តិការបង្ក្រាបករណីឧក្រិដ្ឋកម្មធំៗចំនួនពីរផ្ទួនៗគ្នា ដោយចាប់បានទាំងក្រុមឆបោកកូនកាត់ និងមេខ្លោងជួញដូរគ្រឿងញៀនអន្តរជាតិ ដែលបានសម្ងំលាក់ខ្លួននៅក្នុងប្រទេសថៃ អស់រយៈពេលជាច្រើនឆ្នាំ។ នេះបើតាមការចុះផ្សាយព្រមគ្នាដោយការសែតបាងកកប៉ុស្តិ៍ និង The Pattaya News កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦...។

តម្រួតនគរបាលអន្តោប្រវេសន៍ថៃ បានចុះត្រួតពិនិត្យទីតាំងចំនួន៤កន្លែង ក្នុងក្រុងប៉ាតាយ៉ា និងស្រុកបាងលៈមុង (บางละมุง) ខេត្តជលបុរី ដោយឃាត់ខ្លួនជនសង្ស័យ៤នាក់ រួមមាន៖ ជនជាតិតៃវ៉ាន់ឈ្មោះ ជី ឈៀនឆិន (Chi Chien Chen) អាយុ៣៣ឆ្នាំ និងជនជាតិចិន៣នាក់ទៀតដែលរួមមាន៖ លីវ ហៃហ្វេង (Liu Haifeng), លីវ ជុនចាវ (Liu Junchao) និងទូ យ៉ាប៊ីន (Tu Yabin) ព្រមទាំងដកហូតទូរសព្ទបាន៣៧គ្រឿង កុំព្យូទ័រយួរដៃ៣គ្រឿង និងត្រាអន្តោប្រវេសន៍ក្លែងក្លាយចំនួន២។ ក្រុមនេះ បានឆបោកលើសិស្សនិស្សិតចិន អាយុ១៩ឆ្នាំម្នាក់ ដែលសិក្សានៅប្រទេសអូស្ត្រាលី។

ក្រុមឆបោកកម្រិតអន្តរជាតិនេះ ក៏បានបន្លំខ្លួនធ្វើជាមន្ត្រីអន្តោប្រវេសន៍អូស្ត្រាលី និងព្រះរាជអាជ្ញាចិន គំរាមជំរិតទារប្រាក់ប្រមាណ៤៣០០ដុល្លារអាម៉េរិក រួចបញ្ជាឱ្យជនរងគ្រោះធ្វើដំណើរមកប្រទេសថៃ ដើម្បីថតវីដេអូគំរាមទារប្រាក់ពីគ្រួសាររហូតដល់២៨ម៉ឺនដុល្លារអាម៉េរិក បន្ថែមទៀត។ បណ្តាញនេះ ក៏មានលុយបង្វិលជាង១១លានដុល្លាររអាម៉េរិក ប្រើកម្មវិធី SOUL ដើម្បីឆបោកវិនិយោគរូបិយប័ណ្ណ USDT ហើយជនសង្ស័យភាគច្រើនសុទ្ធតែជាប់ដីកាចាប់ខ្លួន នៅក្រៅប្រទេស និងស្នាក់នៅប្រទេសថៃ ហួសកំណត់ រហូតដល់ជិតទៅ៧ឆ្នាំ និងមានការបន្លំឯកសារមូលនិធិ ក៏ដូចជាស្ថានទូតផងដែរ។

នៅមិនទាន់អស់ទេ! ក្នុងពេលជាមួយគ្នានោះ មេខ្លោងជួញដូរគ្រឿងញៀនជនជាតិសិង្ហបុរីម្នាក់ រួមជាមួយបក្ខពួកម្នាក់ទៀត ក៏ត្រូវបានតម្រួតនគរបាលថៃ ចាប់ខ្លួននៅខុនដូមួយកន្លែងក្នុងទីក្រុងប៉ាតាយ៉ា ក្រោយសម្ងំលាក់ខ្លួននៅលើទឹកដីថៃ អស់រយៈពេលជាងមួយឆ្នាំ។ ជនសង្ស័យដែលត្រូវបានគេស្គាល់ត្រឹមឈ្មោះ ថា Mr. Lee អាយុ ៣៨ឆ្នាំ និងមិត្តភក្តិស្នាក់នៅជាមួយគ្នាមានឈ្មោះ So អាយុ៣៩ឆ្នាំ។ តម្រួតនគរបាលថៃ បានបើកទ្វារផ្ទះ ស្វាគមន៍ការិយាល័យប្រឆាំងគ្រឿងញៀនសិង្ហបុរី (CNB) មកសហការជាមួយខ្លួន តាមប្រមាញ់ចាប់ខ្លួនឧក្រិដ្ឋជនទាំងពីរ បន្ទាប់ពីរូបគេក្លែងខ្លួនធ្វើជាអ្នកជំនួញ និងផ្លាស់ប្ដូរទីតាំងស្នាក់នៅញឹកញាប់ រវាងរាជធានីបាងកក និងកោះភូកេត។

ឧក្រិដ្ឋជនគ្រឿងញៀនទាំងពីរនាក់ ត្រូវបានចោទប្រកាន់ពីបទស្នាក់នៅក្នុងប្រទេសថៃ ហួសកំណត់ និងជាប់ពាក់ព័ន្ធបណ្តាញជួញដូរគ្រឿងញៀនដ៏ធំនៅសិង្ហបុរី ហើយត្រូវបញ្ជូនខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលទីក្រុងប៉ាតាយ៉ា មុនប្រគល់បន្តទៅកាន់ភាគីសិង្ហបុរី ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត។ ករណីទាំងពីរខាងលើនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពធូររលុងនៃការគ្រប់គ្រងជនបរទេសរបស់ប្រទេសថៃ ដែលធ្វើឱ្យក្រុមឧក្រិដ្ឋជនអន្តរជាតិ និងមេខ្លោងគ្រឿងញៀនធំៗ យកទីក្រុងប៉ាតាយ៉ាធ្វើជាជម្រកលាក់ខ្លួន និងប្រព្រឹត្តបទល្មើសយ៉ាងធំសម្បើម នៅក្នុងតំបន់អាស៊ាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត