
រដ្ឋធានីវ៉ាស៊ីនតោន៖ បើគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៦ នៅលើផែនដីទាំងមូល មានមនុស្សរស់នៅប្រហែលជាង៨៣២៩ពាន់លាននាក់។ បច្ចុប្បន្ន មានអ្នកកាន់សាសនាគ្រឹស្ដច្រើនជាងគេបំផុត ប៉ុន្ដែទៅអនាគត សាសនាអ៊ិស្លាម នឹងមានអ្នកកាន់ច្រើនជាងគេបំផុតវិញ នៅពិភពលោក...។

សារព័ត៌មាន India Today បានចុះផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ ខែវិច្ឆិកានេះថា បើតាមមជ្ឈមណ្ឌលស្រាវជ្រាវភីវ (Pew Research Center) បានព្យាករថា សាសនាអ៊ិស្លាម នឹងវ៉ាដាច់សាសនាគ្រឹស្ត ហើយនឹងក្លាយជាសាសនាធំជាងគេបំផុត នៅលើពិភពលោក នៅត្រឹមឆ្នាំ២០៣៥ ខណៈចំនួនអ្នកកាន់សាសនាហិណ្ឌូ ក៏ថយចុះផងដែរ។ កត្តាបែបនេះ ជំរុញឱ្យមានការផ្លាស់ប្តូរចំនួនអ្នកប្រកាន់ជំនឿតាមបែបសាសនា នៅទូទាំងពិភពលោក ដោយសារអត្រាកំណើតខ្ពស់ ច្រើនជាងការផ្លាស់ប្តូរ មកកាន់សាសនាមួយនេះ។

មជ្ឈមណ្ឌលស្រាវជ្រាវ Pew ដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយ (think tank) របស់សហរដ្ឋអាម៉េរិក មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន ឌី.ស៊ី. (Washington, D.C.) មិនលម្អៀងទៅរកគណបក្សនយោបាយណាមួយ តែងផ្តល់ព័ត៌មានអំពីបញ្ហាសង្គម មតិសាធារណៈ និងនិន្នាការប្រជាសាស្ត្រ ដែលកំពុងជះឥទ្ធិពលដល់សហរដ្ឋអាម៉េរិក និងពិភពលោក បានឲ្យដឹងទៀតថា សាសនាអ៊ិស្លាម ត្រូវគេរំពឹងថា នឹងវ៉ាដាច់សាសនាគ្រឹស្ត ហើយក្លាយជាសាសនាធំជាងគេបំផុត នៅលើពិភពលោក នៅត្រឹមឆ្នាំ២០៣៥។ ទោះជាចំនួនអ្នកកាន់សាសនាទាំងពីរនេះ សុទ្ធតែមានការកើនឡើងយ៉ាងណាក្ដី ប៉ុន្តែចំនួនអ្នកកាន់សាសនាអ៊ិស្លាម ក៏កំពុងកើនឡើងខ្លាំង ក្នុងអត្រាមួយលឿនជាងគេ។

មជ្ឈមណ្ឌលស្រាវជ្រាវនយោបាយ និងសង្គមដដែលនេះ បានបន្ដថា អត្រាកំណើតខ្ពស់ នៅក្នុងចំណោមអ្នកកាន់សាសនាអ៊ិស្លាម ក្លាយជាមូលហេតុចម្បង នៃការផ្លាស់ប្តូរដែលត្រូវបានព្យាករទុក ខណៈការប្តូរទៅកាន់សាសនាផ្សេង និងការប្រែប្រួលផ្សេងៗទៀត ទាក់ទងនឹងអត្តសញ្ញាណសាសនា មានឥទ្ធិពលតិចតួច។ បើតាមរបាយការណ៍នេះ លោក ខនរ៉ាដ ហែកខេត (Conrad Hackett) អ្នកជំនាញជាន់ខ្ពស់ផ្នែកប្រជាសាស្ត្រ នៃមជ្ឈមណ្ឌលស្រាវជ្រាវ Pew បានលើកឡើងថា «កត្ដាប្រែប្រួលនៃចំនួនអ្នកកាន់សាសនានេះ គឺដោយសារតែកុមារ»។ នៅក្នុងចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ អត្រានៃការផ្តល់កំណើតគិតជាភាគរយ គឺ៣,១នាក់សម្រាប់ស្ត្រីមូស្លីមម្នាក់ ខណៈ២,៥នាក់ សម្រាប់ស្ត្រីគ្រឹស្តសាសនិកម្នាក់។

ចំណែកឯអត្រា នៃការផ្តល់កំណើតជាមធ្យម សម្រាប់ស្ត្រីកាន់សាសនាផ្សេងៗទៀតទាំងអស់ គឺ១,៦នាក់ ជាកម្រិតទាបជាងកម្រិត២,១នាក់ ដែលត្រូវបានចាត់ទុកថា វាជាការចាំបាច់ សម្រាប់ជំនាន់មួយ នៅក្នុងការចូលមកជំនួស។ មជ្ឈមណ្ឌលស្រាវជ្រាវដដែលនេះ ក៏បានប៉ាន់ប្រមាណថា កាលពីឆ្នាំ២០២០កន្លងទៅ នៅទូទាំងពិភពលោក មានអ្នកកាន់សាសានាគ្រឹស្ដចំនួន២,២៧ពាន់លាននាក់ ខណៈអ៊ិស្លាមសាសនិកមាន ចំនួន២,០២ពាន់លាននាក់។ បើតាមតួលេខនេះ កំណើននៃអ្នកកាន់សាសនាអ៊ិស្លាម នឹងកើនដល់២,៥៧ពាន់លាននាក់ នៅឆ្នាំ២០៣៥ ខណៈគ្រឹស្ដសាសនិក មានចំនួន២,៥២ពាន់លាននាក់។ មួយវិញទៀត ប្រសិនបើទំនោរបែបនេះ នៅតែបន្ដនោះ នឹងធ្វើឲ្យចំនួនសាសនិកអ៊ិស្លាម កើនដល់៣,៦ពាន់លាននាក់ នៅត្រឹមឆ្នាំ២០៧០ ខណៈគ្រឹស្ដសាសនិក ស្ថិតនៅក្រោម៣ពាន់លាននាក់។

បើតាម Wikipedia បានឲ្យដឹងថា បើគិតត្រឹមចុងឆ្នាំ២០២៦នេះ សាសនាគ្រឹស្ដ មានអ្នកកាន់ច្រើនជាងគេបំផុតលំដាប់លេខ១ នៅលើពិភពលោក ដោយមានសាសនិកជន ចំនួនចន្លោះពី២,៣៨ពាន់លាននាក់ ទៅ២,៤ពាន់លាននាក់ ឬស្មើនឹងចំនួន៣១ភាគរយ នៃចំនួនមនុស្សជាតិនៅទូទាំងពិភពលោក ខណៈសាសនាអ៊ិស្លាម ឈរនៅលំដាប់ទី២ មានសាសនិកចន្លោះពី២ពាន់លាន ទៅ២,០៥ពាន់លាននាក់ ឬស្មើនឹងប្រហែល ២៥ទៅ២៦ភាគរយ។ សាសនាហិណ្ឌូ ឈរនៅលំដាប់លេខ៣ មានសាសនិក ចន្លោះពី ១,២ពាន់លានទៅ១,២៥ពាន់លាននាក់ ឬស្មើនឹងប្រហែល១៥ភាគរយ ខណៈព្រះពុទ្ធសាសនា ឈរនៅលំដាប់លេខ៤ ដោយមានសាសនិកចន្លោះពី៥០០លាន ទៅ៥២០លាននាក់ ឬស្មើនឹងចំនួន៦ភាគរយ នៃចំនួនប្រជាជននៅលើពិភពលោក៕





