មិនខ្មាសអន្តរជាតិ! ថៃយកតំបន់រកស៊ីផ្លូវភេទប៉ាតាយ៉ា ជាកន្លែងលម្ហែទាហានអាម៉េរិក៥០០០នាក់ លើនាវាផ្ទុកយន្តហោះ
Chanmarady Chuon
3 ម៉ោងមុន

អត្ថបទ៖ ម៉ារ៉ាឌី+ស៊ីថេត
រាជធានីបាងកក៖ ពិជាមិនចេះខ្មាសអន្តរជាតិ សូម្បីតែបន្តិច​! អាជ្ញាធរក្រុងប៉ាតាយ៉ា កំពុងរត់ខ្វែងជើងគ្នា រៀបចំតំបន់ដែលល្បីល្បាញខ្លាំង ខាងអាជីវកម្មផ្លូវភេទ ដើម្បីទទួលស្វាគមន៍កងទ័ពជើងទឹកសហរដ្ឋអាម៉េរិកខណៈកងនាវាចម្បាំង USS Abraham Lincoln ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅដល់ដែនទឹកថៃ នៅខែកញ្ញាខាងមុខ បន្ទាប់ពីបញ្ចប់បេសកកម្មយោធា នៅតំបន់មជ្ឈិមបូព៌ា...។

លោក ប៉រៈមេសវ៍ ង៉ាមពិសេស (ปรเมศวร์ งามพิเชษฐ์) អភិបាលក្រុងប៉ាតាយ៉ា
លោក ប៉រៈមេសវ៍ ង៉ាមពិសេស (ปรเมศวร์ งามพิเชษฐ์) អភិបាលក្រុងប៉ាតាយ៉ា

កងនាវាចម្បាំងសហរដ្ឋអាម៉េរិកចំនួន៣គ្រឿង ផ្ទុកកងទ័ពប្រមាណ៥០០០នាក់ នឹងខ្សែបោះយុថ្ការនៅកំពង់ផែឡែមឆៈបាំង (แหลมฉบัง) ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកញ្ញាខាងមុខ យោងតាមទិន្នន័យផ្លូវការពីអាជ្ញាធរថៃ។ កងទ័ពជើងទឹកភូមិន្ទថៃ បញ្ជាក់ថា ការចូលចតនេះ គឺជាការសម្រាកយកកម្លាំង ការស្តារថាមពលប្រយុទ្ធ និងការបំពេញស្បៀងអាហារតែប៉ុណ្ណោះ ដោយពុំមែនជាសមយុទ្ធយោធារួមគ្នារវាងប្រទេសទាំង២នោះទេ។

នាវាចម្បាំងដឹកយន្តហោះ USS Abraham Lincoln
នាវាចម្បាំងដឹកយន្តហោះ USS Abraham Lincoln

ជាមួយគ្នា លោក ប៉រៈមេសវ៍ ង៉ាមពិសេស (ปรเมศวร์ งามพิเชษฐ์) អភិបាលក្រុងប៉ាតាយ៉ា បានប្រកាសដោយមិនរអៀសមាត់ថា ទីក្រុងប៉ាតាយ៉ា បានត្រៀមលក្ខណៈរួចរាល់ទាំងស្រុង ក្នុងការទទួលស្វាគមន៍កងទ័ពសហរដ្ឋអាម៉េរិក ដែលស្វែងរកការសម្រាក ចំពេលពួកគេទើបតែឆ្លងកាត់ការដាក់ពង្រាយកងកម្លាំងយ៉ាងយូរនៅលើលម្ហសមុទ្ទ ដែលមានរយៈពេលជាង២០០ថ្ងៃមកហើយ។ លោកបាននិយាយថា ប្រតិបត្តិករទេសចរណ៍ក្នុងស្រុក បានត្រៀមខ្លួនជាស្រេច ដើម្បីប្រមូលផលប្រយោជន៍ពីព្រឹត្តិការណ៍នេះ។ ទន្ទឹមនេះ អាជ្ញាធរក្រុង បានប្រកាសសហការជាមួយនគរបាលក្រុងប៉ាតាយ៉ា មន្ត្រីសាលាក្រុង និងកងកម្លាំងពាក់ព័ន្ធ ដើម្បីគ្រប់គ្រងសន្តិសុខទាំងសម្រាប់ទេសចរ និងកងទ័ពសហរដ្ឋអាម៉េរិក។

រូបភាពដកស្រង់ចេញពីសារព័ត៌មានថៃ Pattaya Mail
រូបភាពដកស្រង់ចេញពីសារព័ត៌មានថៃ Pattaya Mail

យ៉ាងណា អាជ្ញាធរមិនបានបញ្ជាក់ និងលម្អិតពីផែនការសន្តិសុខទេ ខណៈប៉ាតាយ៉ាមិនត្រឹមតែជាតំបន់រកស៊ីផ្លូវភេទទេ ប៉ុន្តែក៏ជាទីតាំង ដែលតែងតែផុសឡើងនូវអសន្តិសុខផ្សេងៗ។ អជ្ញាធរថៃ បានបន្តប្រកាសក្តែងៗថា ទាហានសហរដ្ឋអាម៉េរិក នឹងនាំយកទឹកប្រាក់យ៉ាងសន្ធឹកសន្ធាប់ចូលទៅក្នុងសេដ្ឋកិច្ចស្រុកថៃ ជាពិសេស អាជីវកម្មភោជនីយដ្ឋាន កន្លែងកម្សាន្តរាត្រី សេវាកម្មដឹកជញ្ជូន និងផ្នែកទេសចរណ៍ផ្សេងៗទៀត។ តាមការប៉ាន់ប្រមាណ គឺចន្លោះពី១០០០ ទៅ៣០០០បាតក្នុងម្នាក់ ដូច្នេះ កម្លាំងទ័ព៥០០០នាក់ អាចនឹងបង្កើតចរន្តសាច់ប្រាក់ចន្លោះពី៥ទៅ១៥លានបាតឯណោះ។ ទោះជាយ៉ាងណា តួលេខនេះ គ្រាន់តែជាការប៉ាន់ស្មានបឋមប៉ុណ្ណោះ។

សូមជម្រាបផងដែរថា ក្រុមបំបែករដ្ឋនៅភាគខាងត្បូងថៃ បច្ចុប្បន្ន បានធ្វើសកម្មភាពបំផ្ទុះគ្រាប់បែក បាញ់ប្រហារសម្លាប់តម្រួតយោធា ឬបុគ្គលិកសន្តិសុខ នៅតាមទីតាំងសំខាន់ៗមួយចំនួន ក្នុងខេត្តនរាធិវាស, ប៉ាត់តានី, ជាល ឬយ៉ាឡា និងខេត្តសង្ឃរា ឬស៊ុងខ្លា ធ្វើឱ្យរាជរដ្ឋាភិបាលរាជធានីបាងកក ដាក់ខេត្តទាំង៤នេះក្នុងកម្រិតប្រកាសអាសន្នប៉ុន្មានថ្ងៃជាប់ៗគ្នា។ ដូច្នេះ យើងរង់ចាំមើលថា តើថៃអាចរក្សាសុខសុវត្ថិភាពជូនកងទ័ពសហរដ្ឋអាម៉េរិក បានល្អកម្រិតណាដែរ?...៕

ករណីសិស្សសាលាបាញ់សម្លាប់មនុស្សនៅប៉ាតាយ៉ា
ករណីសិស្សសាលាបាញ់សម្លាប់មនុស្សនៅប៉ាតាយ៉ា
ករណីហិង្សានៅប៉ាតាយ៉ា
ករណីហិង្សានៅប៉ាតាយ៉ា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត